រដ្ឋាភិបាលតួកគីបានចាត់ទុកថាវាជាការព្រួយបារម្ភយ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិកនឹងបើកស្ថានទូតនៅក្នុងទីក្រុង ហ្ស៊េរុយសាឡិម នៅក្នុងខែឧសភាជំនួសឲ្យនៅដំណាច់ចុងឆ្នាំក្រោយនេះ ដូចដែលធ្លាប់បានប្រកាសកាលពីពេលមុន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបទេសតួកគីកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា «ការសម្រេចចិត្តនេះនឹងបង្ហាញថារដ្ឋបាលសហរដ្ឋអាមេរិកនឹងបំផ្លាញមូលដ្ឋានសន្តិភាព តាមរយៈការជាន់ឈ្លីលើច្បាប់អន្តរជាតិ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីទីក្រុងហ្ស៊េរុយសាឡិម។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានប្រាប់សភាអ៊ីស្រាអែលកាលពីខែមុនថា ការផ្លាស់ប្តូរទីតាំងស្ថានទូតនឹងធ្វើឡើងនៅដំណាច់ចុងឆ្នាំ២០១៩ ប៉ុន្តែក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានប្រកាសថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងបើកស្ថានទូតរបស់ខ្លួននៅខែឧសភា គឺនៅចំពេលខួបលើកទី៧០របស់អ៊ីស្រាអែល។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីខែធ្នូបានប្រកាសពីការទទួលស្គាល់របស់សហរដ្ឋអាមេរិកថាទីក្រុងហ្ស៊េរុយសាឡិម គឺជារដ្ឋធានីរបស់អ៊ីស្រាអែលដែលការណ៍នេះបានធ្វើឲ្យប្រទេសអារ៉ាប់ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន និងប៉ាឡេស្ទីនមានការខឹងសម្បា ដោយសារតែពួកគេចង់បានតំបន់ផ្នែកខាងកើតទីក្រុង Old City ធ្វើជារដ្ឋធានីរបស់ពួកគេ។
ក្រសួងការបរទេសតួកគីបានប្រកាសថា«តួកគីនឹងបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារភាពស្របច្បាប់របស់ប៉ាឡេស្ទីន ប្រឆាំងនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលបង្កឲ្យមានក្តីបារម្ភនេះ»។
មេដឹកនាំប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសុក្រថា ការប្តូរទីតាំងស្ថានទូតសហរដ្ឋអាមេរិកលឿនជាងគម្រោងដែលបានប្រកាសកាលពីពេលមុនគឺជា«ការញុះញង់ដល់ប្រទេសអារ៉ាប់រួម»៕