លោក​ Beji Caid Essebsi​ ត្រូវបាន​បោះឆ្នោត​ជាប្រធានាធិបតី​ទុយនីស៊ី

លទ្ធផល​នៃការ​បោះឆ្នោត​ប្រធានាធិបតី​ទុយនីស៊ី​ កាល​ពី​ថ្ងៃ​ទី​២២ ខែធ្នូ​ ឆ្នាំ២០១៤។ (VOA)

ប្រទេស​ទុយនីស៊ី (Tunisie)​ បានបោះឆ្នោត​ជ្រើសតាំង​លោក​ Beji Caid Essebsi អ្នក​នយោបាយ​ជើង​ចាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដោយសេរី​លើក​ទីមួយ​ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង​កាលពី​ឆ្នាំ​១៩៥៦​មក។​

អាជ្ញាធរ​ជាន់​ខ្ពស់​ឯករាជ្យ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា​ ISIE បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​អតីត​រដ្ឋមន្ត្រី​អាយុ​៨៨​ឆ្នាំ​រូប​នេះ​ដែល​ដឹកនាំ​គណបក្ស​ Nidaa Tounes ​នឹង​កា​ន់តំណែង​ជំនួស​លោក​ Moncef Marzouki​ ប្រធានាធិបតី​កំពុង​កាន់​តំណែង​ នៅ​ក្រោយ​ពេល​លោក​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​៥៦ភាគ​រយ។​

លោក​ Marzouki បាន​បម្រើការ​ជា​ប្រធានាធិបតី​ស្តីទី​ចាប់​តាំង​ពីមានបដិវត្តន៍​និទាឃរដូវ​អារ៉ាប់​ (Arab Spring) ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ២០១១។​

គេ​បាន​ឃើញ​ជា​ទូទៅថា ​លោក​ Essebsi​ ជា​បេក្ខជន​ដែល​មាន​ការ​គាំទ្រ​ច្រើន​នៅ​ក្រោយ​ការ​បោះឆ្នោត​ជុំទី​មួយ​កាល​ពី​ខែ​មុន។

ក្រុម​អ្នក​បោះ​ឆ្នោត​ទុយនីស៊ី ៦០​ភាគរយ​បាន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ៕