អត្ថាធិប្បាយរបស់លោក Trump ធ្វើឡើងមួយថ្ងៃបន្ទាប់ពីការជជែកដេញដោលប្រធានាធិបតីលើកទីបី ជាមួយនឹងបេក្ខជនខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton និងក្រោយការចោទប្រកាន់របស់លោកដែលថាដំណើរនៃការបោះឆ្នោតមានការក្លែងបន្លំដែលប្រឆាំងនឹងរូបលោក។
លោក Donald Trump បន្តធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅក្នុងរដ្ឋ Ohio ដែលជារដ្ឋដ៏សំខាន់ ហើយលោកបានប្រាប់សារមួយដល់អ្នកគាំទ្ររបស់លោក។
លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានថ្លែងថា៖ «ខ្ញុំសូមសន្យានិងស្បថចំពោះអ្នកបោះឆ្នោតនិងអ្នកដែលគាំទ្រខ្ញុំ និងពលរដ្ឋអាមេរិកាំងទាំងអស់ថា ខ្ញុំនឹងទទួលយកលទ្ធផលឆ្នោតជ្រើសរើសប្រធានាធិបតីយ៉ាងអស្ចារ្យជាប្រវត្តិសាស្ត្រនេះទាំងស្រុង ប្រសិនបើខ្ញុំឈ្នះនោះ»។
លោក Trump ថ្លែងក្រោយការជជែកដេញដោលដែលធ្វើឲ្យព័ត៌មានចេញផ្សាយនៅជុំវិញពិភពលោក នៅពេលដែលលោក Chris Wallace អ្នកសម្របសម្រួលសួរលោកថា តើលោកនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតឬទេ មិនថាលោកឈ្នះឬចាញ់នោះ ដែលនាំឲ្យមានការឆ្លើយឆ្លងដាក់គ្នារវាងលោក Trump និងលោកស្រី Clinton។
លោក Chris Wallace អ្នកសម្របសម្រួលការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីបានថ្លែងថា៖ «អ្នកចាញ់ត្រូវចុះចាញ់អ្នកដែលឈ្នះ ហើយរួបរួមគ្នាជាប្រទេសតែមួយ ដែលនេះគឺជាប្រទេសដ៏ល្អមួយ។ តើលោកចង់និយាយថាលោកមិនទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកគោលការណ៍នេះឬ»?
លោក Donald Trumpបានថ្លែងថា៖ «អ្វីដែលខ្ញុំនិយាយនោះគឺ ខ្ញុំនឹងប្រាប់នៅពេលចេញលទ្ធផល។ ខ្ញុំនឹងឲ្យអ្នករង់ចាំចម្លើយនោះ»។
លោកស្រី Clinton បានថ្លែងតបទៅវិញថា៖ «Chris ខ្ញុំសូមឆ្លើយតបចំពោះចម្លើយនោះ ពីព្រោះថាវាគួរឲ្យរន្ធត់ណាស់។ អ្នកដឹងទេ រាល់ពេលដែលអ្វីៗមិនបានលទ្ធផលដូចដែលលោក Trump ចង់បាននោះ លោកអះអាងថាមានអ្វីក្លែងបន្លំប្រឆាំងនឹងលោក»។
ការបដិសេធរបស់លោក Trump មិនគោរពទៅតាមលទ្ធផលនោះ អាចនឹងធ្វើឲ្យទំនាក់ទំនងរបស់លោកជាមួយនឹងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនដែលព្រួយបារម្ភថា ការធ្លាក់ចុះការគាំទ្រទៅលើរូបលោកនៅក្នុងការស្ទង់មតិនោះ អាចធ្វើឲ្យបេក្ខជនឈរឈ្មោះក្នុងសភាមានហានិភ័យក្នុងការចាញ់។
អ្នកយុទ្ធសាស្ត្រនៃគណបក្សសាធារណៈរដ្ឋលោក John Feehery បានថ្លែងថា៖ «ការស្ទង់មតិភាគច្រើនបង្ហាញថា ៧៥ ទៅ ៨០ ភាគរយនៃគណបក្សសាធារណរដ្ឋនៅតែគាំទ្រលោក Donald Trump យ៉ាងខ្លាំង។ ការគាំទ្រនេះបានធ្វើឲ្យប៉ះពាល់ដល់អ្នកដែលជាសមាជិករបស់គណបក្សសាធារណរដ្ឋជាយូរមកហើយ ហើយការធ្វើបែបនេះក៏បានបង្កឲ្យមានភាពមិនចុះសម្រុងគ្នាផងដែរ។ រឿងទាំងនេះបានជួយដល់លោកស្រី Clinton ដែលមិននៅក្នុងរឿងនេះ ហើយគិតតែពីធ្វើយុទ្ធនាការរបស់លោកស្រី»។
លោក Trump ឥឡូវចាញ់លោកស្រី Clinton នៅក្នុងការស្ទង់មតិជាតិ ដែលពិន្ទុរបស់លោកបានធ្លាក់ចុះតាំងពីការជជែកដេញដោលទី១ មកម្លេះ។
ទោះបីជាអ្នកគាំទ្រលោក Trump អបអរលោកនៅក្នុងការជជែកដេញដោលលើកទី៣និងការិះគន់ទៅលើលោកស្រី Clintonក៏ដោយ ក៏ភាពឆេវឆាវរបស់លោក បានក្លាយជាបញ្ហាដ៏សំខាន់មួយរួចទៅហើយ នេះបើយោងតាមលោក Matt Dallek។
លោក Matthew Dallek សាស្ត្រាចារ្យនៅឯសកលវិទ្យាល័យ George Washington University បានថ្លែងថា៖ «ការជជែកដេញដោលសំខាន់ណាស់សម្រាប់ការបោះឆ្នោត ពិសេសការបោះឆ្នោតលើកនេះ មួយផ្នែកគឺដោយសារបេក្ខជនទាំងពីរមិនសូវមានការគាំទ្រ។ មានការចោទសួរដ៏ល្អ ជុំវិញភាពឆេវឆាវរបស់លោក Trump និងទំនុកចិត្តទៅលើលោកស្រី Clinton»។
ក្រោយបញ្ចប់ការជជែកដេញដោល បេក្ខជនទាំងពីរផ្តោតទៅលើការស្វែងរកសំឡេងឆ្នោតនៅសប្តាហ៍ចុងក្រោយនេះ។
ក្រុមអ្នកបោះឆ្នោតជាង៣០រដ្ឋបានបោះឆ្នោតមុនបណ្តើរៗហើយរូមទាំងនៅរដ្ឋ Tennessee នេះផងដែរ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា