លោក ​ត្រាំ ​បំពេញ​ទស្សនកិច្ច​តំបន់​ឈូង​សមុទ្រ​ម៉ិកស៊ិក​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ព្យុះ​សង្ឃរា

លោក ដូណាល់ ត្រាំ និង​លោក​ស្រី Melania Trump​ ជួប​ពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ព្យុះ​ Harvey ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាល​ពី​ថ្ងៃទី២ ខែ​កញ្ញា។

លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ បាន​អញ្ជើញ​ទៅ​ដល់​ទី​ក្រុង​ Houston ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ទឹក​ជំនន់​នៅ​រដ្ឋ​តិចសាស ​ដែល​ជា​ដំ​ណើរ​ទស្សន កិច្ច​លើក​ទី​២​របស់​លោក​ទៅ​កាន់​តំបន់​ឈូង​សមុទ្រ​ម៉ិកស៊ិក​នៅ​សប្តាហ៍​នេះហើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ផ្ញើរ​លិខិត​មួយ​ច្បាប់​ទៅ​សភា​ដើម្បី​ស្នើ​សុំ​ប្រាក់​ជិត​៨​ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ច​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​និង​ស្តារ​តំបន់នោះ​ឡើង​វិញ។

លោក​ប្រធានា​ធិបតី​ដូណាល់ ត្រាំ ​ដែល​ត្រូវ​បាន​អម​ដំណើរ​ដោយ​លោក​ជំទាវ Melania ដែល​ជាភរិយា​របស់​លោក ​ក៏​នឹង​ឈប់​សំចត​នៅ​ទីក្រុង ​Lake Charles ​រដ្ឋ Louisianaដែរ។​

លោក​ប្រធានា​ធិបតី​ ត្រាំ ​នឹង​ពិនិត្យ​មើល​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​នានា​ដែល​បណ្តាល​មក​ពី​ព្យុះ​សង្ឃរា​ហាវី ​ហើយ​លោក​ប្រធានា​ធិបតី​ក៏​ប្រហែល​និយាយ​ជាមួយពួក​អ្នកស្រុក​និង​អ្នក​ស្ម័គ្រ​ចិត្ត​ដែរ ​ដែល​ជា​បញ្ហា​ដែល​លោក​ប្រធានា​ធិបតី​មិន​បាន​ធ្វើ​ក្នុង​អំឡុង​នៃ​ទស្សនកិច្ច​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ទៅ​កាន់​តំបន់​នោះ​ដែល​បាន​ធ្វើ​ឲ្យ​មានការ​រិះ​គន់​ចំពោះ​ការ​មិន បាន​បង្ហាញពី​សមាន​ចិត្ត​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​នេះ។

​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតីជួប​ជាមួយបុគ្គលិកនិង​មន្រ្តី​ជួយ​សង្គ្រោះ​គ្រាហ៍​អាសន្ន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​ Corpus Christi ​រដ្ឋ​តិច​សាស ​លោកបាន​ធ្វើ​សុន្ទរកថា​ឥត​គ្រោង​ទុក​មួយ​នៅ​ខាង​ក្រៅការិយា​ល័យ​អគ្គិភ័យ។

​នៅ​ថ្ងៃ​បន្ទាប់ ​នៅ​ឯការ​ចាប់​ផ្តើម​សុន្ទរកថា​នៅ​ក្នុង​រដ្ឋ​ Missouri ​ភាគ​កណ្តាល​ខាង​លិច​ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ជន​រង្គ្រោះ​ដោយ​លោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍ថា៖ «យើង​បាន​ស្ថិត​នៅ​ជាមួយ​អស់​លោក អ្នក​គ្រប់​ជំហាន​ទាំងអស់‍»៕