លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំកាលពីថ្ងៃអង្គារបានទៅបំពេញទស្សនកិច្ចរដ្ឋតិចសាសភាគអាគ្នេយ៍ដែលបានបន្តខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការបន្សល់ទុកដោយព្យុះសង្ឃរាហាវី។ ដំណើរទស្សនកិច្ចរបស់លោកត្រាំជាផ្នែកមួយនៃការខំប្រឹងប្រែងដើម្បីបង្ហាញពីការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធដល់ព្យុះនេះដែលបានធ្វើឲ្យមានភ្លៀងយ៉ាងខ្លាំងក្នុងប្រវត្តិសាស្រ្តហើយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់។
ព្យុះសង្ឃរាហាវីឥឡូវនេះគឺជាព្យុះតំបន់ត្រូពិកដែលមានការធ្លាក់ភ្លៀងដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ ទីក្រុងHouston មានទឹកភ្លៀងកំពស់១២៥សង់ទីម៉ែត្រ នេះយោងតាមសេវាកម្មអាកាសធាតុជាតិ។
ទឹកនៅគ្រប់ទីកន្លែង ហៀរទំនប់ លេចលង់ផ្លូវនិងផ្ទះសម្បែង។ពួកអាជ្ញាធរបានជួយសង្គ្រោះមនុស្សរាប់ពាន់នាក់។ ពួកគេភាគច្រើនបានស្ថិតនៅលើដំបូលផ្ទះ។មនុស្សផ្សេងទៀតបានរត់គេចខ្លួន ដោយយករបស់របររបស់ខ្លួនតាមលទ្ធភាពដែលពួកគេអាចធ្វើបានទៅកាន់ទីជម្រកនៅកន្លែងដីខ្ពស់។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងលោកស្រីទី១ Melania Trump បានទៅបំពេញទស្សនកិច្ចតំបន់នោះដែលនៅទីនោះពួកមេដឹកនាំមូលដ្ឋានបានជម្រាបអស់លោកពីកិច្ចខំប្រឹងប្រែងជួយសង្គ្រោះនិងការស្តារតំបន់នោះឡើងវិញ។ លោកប្រធានាធិបតីត្រាំបានថ្លែងថា៖«យើង មិនទាន់និយាយកោតសរសើរទេ។យើងមិនចង់និយាយពាក្យនេះទេ។ យើងមិនចង់ប្រើពាក្យនោះទេ។ យើងនឹងកោតសរសើរគ្នាទៅវិញទៅមកនៅពេលដែលកិច្ចការទាំងអស់ចប់សព្វគ្រប់។ក៏ប៉ុន្តែ អស់លោកធ្វើបានល្អណាស់»។
ក្រោយមក លោកប្រធានាធិបតីត្រាំបានថ្លែងទៅកាន់ពួកអ្នកគាំទ្រដែលប្រមូលផ្តុំគ្នានៅខាងក្រៅដោយមានសុទិដ្ឋិនិយម។ លោកប្រធានាធិបតីត្រាំបានថ្លែងថា៖
«នេះជាប្រវត្តិសាស្រ្ត។ វាមិនធ្លាប់មានកាលពីពេលមុនទេ។ ក៏ប៉ុន្តែអស់លោក អ្នកដឹងទេ វាបានកើតមានឡើងនៅក្នុងរដ្ឋតិចសាស ហើយតិចសាសអាចដោះស្រាយបញ្ហានេះបាន។ អរគុណអស់លោក អ្នកទាំងអស់គ្នា»។
លោកប្រធានាធិបតីត្រាំបានបង្ហាញភាពជាមេដឹកនាំក្នុងអំឡុងពេលមានមហន្ត រាយធម្មជាតិលើកដំបូងក្នុងអំឡុងរដ្ឋបាលរបស់លោក។ក៏ប៉ុន្តែ វានៅឆាប់ពេកហើយគេមិនទាន់អាចវាយតម្លៃការឆ្លើយតបរបស់រដ្ឋាភិបាលនៅឡើយទេ ពីព្រោះ គ្រោះមហន្តរាយធំបំផុតហាក់ដូចជាពុំទាន់មកដល់នៅឡើយ។
ពួកអ្នកព្យាករណ៍អាកាសធាតុរំពឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតភ្លៀងយ៉ាងច្រើននឹងធ្លាក់នៅក្រុង Houston ហើយទឹកជំនន់មិនត្រូវគេរំពឹងនឹងឡើងដល់កំពូលទេ ទាល់តែចុងសប្តាហ៍នេះ។
នៅពេលដែលទឹកស្រក ចំនួនមនុស្សស្លាប់ត្រូវគេរំពឹងនឹងកើនឡើងនៅពេលដែលពួគអាជ្ញាធរចាប់ផ្តើមស្វែងរកពីផ្ទះមួយទៅផ្ទះមួយ៕
ប្រែសម្រួលដោយជឹង ប៉ូជីន