ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីក្រុង Houston បង្ហាញ​ពី​សាមគ្គីភាព តាម​រយៈ​ការជួយ​ដល់​ជនរង​គ្រោះ​ដោយសារ​ព្យុះ​សង្ឃរា​តំបន់​ត្រូពិក​ឈ្មោះ Harvey


Liv Gilreath ស្វែង​រក​របស់របរ​ប្រើប្រាស់​បាន​ពី​ផ្ទះ​រង​ការ​ខូចខាត​មួយ​ ដោយសារ​តែ​ព្យុះ​សង្ឃរា Harvey នៅ​ក្រុងHouston រដ្ឋតិចសាស កាល​ពី​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០១៧ កន្លង​ទៅ។

ព្យុះ​ឈ្មោះ Harvey ដែល​ជា​ព្យុះ​សង្ឃរា​តំបន់​ត្រូពិក​ដ៏​ខ្លាំង​បំផុត មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ទ្វីប​អាមេរិក​នោះ បាន​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន គឺ​ដល់​កំពស់​១ម៉ែត្រ ២៧សង់ទីម៉ែត្រ នៅក្នុង​ក្រុង Houston ក្នុង​រយៈពេល​តែ ៤ថ្ងៃ។ ទឹកជន់​លិច​ដ៏​ខ្លាំង​នេះ ក៏​ធ្វើឲ្យ​មាន​ការឈឺចាប់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​នេះ​ផងដែរ

អ្នកស្រី Carolina Morales ដែល​បាន​ផ្លាស់ប្តូរ​ទៅ​រស់នៅ​ក្នុង​ទីក្រុងNew York កាលពី​ខែមករា​ជាមួយ​ស្វាមី​របស់​អ្នកស្រី បាន​មក​លេង​ទីក្រុង​ដែល​បាន​ប្រឈម​នឹង​ព្យុះ​ដោយ​គ្មាន​ការរំពឹងទុក​នេះ។ អ្នកស្រី​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«រដ្ឋតិចសាស គឺ​ដូចជា​ផ្ទះ​របស់​ខ្ញុំអីចឹង ដូច្នេះពេល​ឃើញរដ្ឋនេះ ប្រឈមនឹង​គ្រោះដូចនេះ វាធ្វើ​ឲ្យ​ខ្ញុំឈឺចាប់»។

អ្នកស្រី Morales នៅតែ​រក្សា​ទំនាក់​ទំនង​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ទីក្រុង​ Houston ជាពិសេស កូន​ស្រី​របស់អ្នកស្រី​អាយុ៤ឆ្នាំ បាន​រស់នៅ​ក្នុង​ទីក្រុង​នោះស្ទើតែពេញមួយ​ឆ្នាំ​នេះ។ អតីត​ស្វាមី​របស់​អ្នកស្រី ដែល​ត្រូវជា​ឪពុក​របស់​កូនស្រី​អ្នកស្រី​នេះ គឺ​ជា​មន្រ្តី​ប៉ូលិស​ធ្វើការ​តាម​ផ្លូវ សហការ​ជាមួយ​ក្រុមជួយ​សង្គ្រោះ និង​យាមល្បាត ដើម្បី​រារាំង​មិន​ឲ្យ​ឧក្រិដ្ឋជន​ចូល​លួច​ទ្រព្យសម្បត្តិ ឬ​ធ្វើឲ្យប៉ះពាល់​ដល់​អាយុ​ជីវិត​ពលរដ្ឋ។

នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​បាន​ធ្វើ​នៅ​សណ្ឋាគារ Holiday Garden Inn នៅ​ភាគ​ខាងជើង​ទីក្រុងHouston ទីកន្លែង​ដែល​ក្រុមគ្រួសារ​របស់​អ្នកស្រី​កំពុង​តែ​ស្នាក់នៅ​បន្ទាប់ពី​ផ្ទះ​របស់​ម្តាយ​អ្នកស្រី​ត្រូវទឹក​ជន់​លិច អ្នកស្រី Moralesថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​ព្រួយបារម្ភ​អំពី អតីត​ប្តី​របស់​ខ្ញុំ​ ដោយ​សារតែ​កូនរបស់ខ្ញុំ។ នាងដឹង​អំពី​បញ្ហា​ដែល​កំពុង​កើតឡើង ហើយនាង​បានសួរអំពី​ឪពុក​របស់​នាង»។

អ្នកស្រី Morales ថ្លែងថា មន្រ្តី​ទទួលបន្ទុក​ផ្នែក​សុវត្ថិភាព​សាធារណៈត្រូវបាន​ដាក់​ពង្រាយ ហើយ​ពួកគេ​ធ្វើការ ១២​ម៉ោង ក្នុងមួយថ្ងៃ ជួនកាលយូរ​ជាងនេះទៅទៀត ដោយ​ប្រឈមនឹងគ្រោះថ្នាក់​ចំពោះ​ខ្លួនឯងផងដែរ គ្រាដែល​ពួកគេ​ព្យាយាម​ស្វែងរក​មនុស្ស​ដើម្បី​ជួយ​សង្គ្រោះ។

អ្នកស្រី Morales ថ្លែង​ទៀតថា៖

«ខ្ញុំ​បានសួរ​គាត់អំពី មនុស្សដែលប្លន់អ្នក​ដែលត្រូវ​ការជំនួយ ហើយនឹង​សួរគាត់​ថា តើ​ពួកគាត់នឹងត្រូវ​ដោះស្រាយបញ្ហាហ្នឹង យ៉ាងដូចម្តេច»។

មក​ដល់​ត្រឹមព្រឹក​ថ្ងៃពុធ ទី៣០ ខែសីហា​កន្លង​ទៅ​នេះ ប៉ូលិស​នៅក្នុង​ទីក្រុង Houston បាន​ចាប់​ចោរប្លន់ប្រដាប់​អាវុធ និង​ចោរ​លួច​របស់​ចំនួន ១៤នាក់។

មន្រ្តី​ក្រុង​បាន​អនុវត្ត​បម្រាម​គោរចរ ពី​ពាក់​កណ្តាល​អាធ្រាត រហូត​ដល់​ម៉ោង​៥ព្រឹក​ ដើម្បី​ព្យាយាម​រារាំង​កុំ​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋ​កើតឡើង។

ទឹកជន់លិចនេះ ក៏នាំ​ឲ្យ​មាន​អំពើ​សប្បុរស និង​ភាព​ធម៌មេត្តា​ផងដែរ។ សមាជិក​សហគមន៍ បាន​ផ្តល់​ជំនួយ​ទឹកស្អាត ភួយ សម្លៀក​បំពាក់ និង​សម្ភារៈ​ផ្សេង​ទៀត​ដែល​អ្នក​ដែល​ជម្លៀស​ខ្លួន​ត្រូវការ។

អ្នកស្រី Cheryl Meissner ដែល​ជា​អ្នកស្ម័គ្រចិត្ត​ និង​ជា​អ្នកសម្របសម្រួល​ជនភៀសខ្លួន​នៅក្នុង​ជម្រក​ក្នុងតំបន់មួយ​បានថ្លែងថា «យើង​បើក​បាន​តែ២៤​ម៉ោង​ប៉ុណ្ណោះ យើង​បាន​ទទួល​ជំនួយ​ច្រើន​ជាង​តម្រូវការ​សម្រាប់​ប្រើប្រាស់​ជាច្រើន​សប្តាហ៍។ វាជារឿង​អស្ចារ្យណាស់ ដែល​សហគមន៍ បាន​ឆ្លើយតប​នឹង​តម្រូវការ​បាន​ល្អ​ដូចនេះ»។

កាលពីថ្ងៃអង្គារកន្លងទៅនេះ មន្រ្តី​ក្រុង បាន​បើក​កីឡាដ្ឋាន​Houston Toyota Center ជា​ទីជម្រក​បន្ទាន់ ដើម្បី​ទទួល​មនុស្ស​ដែល​រង​ប៉ះពាល់​ដោយ​សារព្យុះ​នេះ គ្រាដែល​មជ្ឈមណ្ឌ​ជម្រក​សម្រាប់​គ្រា​មាន​អាសន្ន​ឈ្មោះ George R. Brown បាន​ពេញ​ហួស​ចំណុះ។ មជ្ឈមណ្ឌល​នេះ​អាច​ដាក់​មនុស្ស​បាន ៥. ០០០នាក់ ហើយ​ឥឡូវ​នេះ មជ្ឈមណ្ឌល​នេះ​ដាក់​មនុស្ស​លើស​ចំណុះ​របស់​ខ្លួន​ទ្វេដង។

ទីភ្នាក់ងារ​ព័ត៌មាន Associated Press បាន​រាយការណ៍​ថា ម្ចាស់ក្រុម​កីឡាបាល់​បោះ Houston Rockets លោក Les Alexander អនុញ្ញាតិ​ឲ្យ​គេ​ប្រើប្រាស់​ទីកន្លែង​ហាត់សម​របស់​ក្រុមកីឡារបស់លោក ហើយបានឧបត្ថម្ភប្រាក់ ១០ លានដុល្លារដល់កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ។

ការឆ្លើយតបរបស់​សហគមន៍​ពោរពេញ​ដោយសាមគ្គីភាពនេះ ធ្វើឲ្យ​និស្សិត​Lesbia Torres រំជួល​ចិត្ត។ នាង​បាន​ស្ម័គ្រចិត្ត​ធ្វើការនៅ​វិទ្យាល័យWestfield High School ដែល​ឥឡូវ​នេះ​ប្រែក្លាយ​ទៅ​ជា​ទី​ផ្តល់​ម្ហូប​អាហារ​ជាបណ្តោះ​អាសន្ន ហើយ​ក៏​ជា​ទី​ដែល​ពលរដ្ឋ​អាច​មក​ទទួល​ជំនួយ​ផ្នែក​ពេទ្យ និង​ជាជម្រក​សម្រាប់​សត្វ​ចិញ្ចឹម​ផងដែរ។ សាលារៀន​នេះ ស្ថិត​នៅក្នុង​សង្កាត់​Harris ដែល​មិន​សូវ​មាន​សាជីកម្ម ហើយ​ដែល​ស្ថិត​នៅភាគជើង​ទីក្រុង Houston។

នាង Lesbia Torres ថ្លែង​ថា នាង​មើលឃើញ​ថា ការឆ្លើយតប​របស់​អ្នកស្ម័គ្រចិត្ត​ជា​ភ័ស្តុតាង​មួយ​បង្ហាញថា ទីក្រុង​របស់នាង​នឹងស្តារ​ឡើងវិញ។

នាង Torres ថ្លែង​ក្នុងសម្តីដើមថា៖

«ទីក្រុងHouston នឹង​ងើប​ផុត​ពី​គ្រោះ​នេះ រដ្ឋតិចសាស​ក៏​អីចឹង​ដែរ។ យើង​មិនមែន​គ្រាន់តែ​ធ្វើការងារ​បាន​អស្ចារ្យ​នៅក្នុង​រដ្ឋ​ដ៏ធំធេង​នេះ​ទេ យើង​ក៏​មាន​ចិត្ត​ល្អអស្ចារ្យ​ដែរ។

XS
SM
MD
LG