ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងពីថ្នាំពេទ្យពីរប្រភេទសម្រាប់ការព្យាបាលជំងឺ COVID-19។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ត្រាំ បាននិយាយថា ថ្នាំពេទ្យ chloroquine ដែលជាប្រភេទថ្នាំពេទ្យមានជាយូរមកហើយសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ «បានបង្ហាញលទ្ធផលគួរឲ្យលើកទឹកចិត្តដំបូងៗនៅក្នុងការប្រឆាំងនឹងមេរោគកូរ៉ូណាថ្មីនេះ។ យើងនឹងអាចធ្វើឲ្យថ្នាំពេទ្យនេះអាចប្រើប្រាស់បាននៅពេលឆាប់ៗខាងមុខ» តាមរយៈការចេញវេជ្ជបញ្ជាពីគ្រូពេទ្យ។
លោក ត្រាំ បញ្ជាក់ដូច្នេះថា៖ «ថ្នាំពេទ្យនេះមានជាយូរមកហើយ ដូច្នេះប្រសិនបើប្រើវាទៅព្យាបាលមិនត្រូវយើងដឹងថាថ្នាំនេះនឹងមិនធ្វើឲ្យមនុស្សស្លាប់នោះទេ»។
ថ្នាំមួយប្រភេទទៀត ដែលមានឈ្មោះថា Remdisivir ដែលត្រូវបានបង្កើតឡើងដើម្បីព្យាបាលជំងឺ Ebola និងជំងឺឆ្លងតាមមេរោគ Marburg ក៏រដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិកនឹងពិនិត្យវាយតម្លៃសម្រាប់ការព្យាបាលជំងឺ COVID-19 នេះដែរ។
ប៉ុន្តែ ស្នងការរដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យ លោកវេជ្ជបណ្ឌិត Stephen Hahn បានបញ្ជាក់ថា ថ្នាំពេទ្យទាំងពីរប្រភេទនេះនឹងត្រូវឆ្លងកាត់ដំណាក់កាលពិសោធន៍ទ្រង់ទ្រាយធំជាមុនសិន មុននឹងអាចត្រូវវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាសម្រាប់ការព្យាបាលជំងឺ COVID-19 នេះបាន។
ថ្នាំពេទ្យទាំងពីរប្រភេទនេះគឺជាក្ដីសង្ឃឹមខ្លាំងបំផុតសម្រាប់ទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មីនេះ ដោយសារតែការអនុញ្ញាតផ្លូវការឲ្យមានការប្រើវ៉ាក់សាំងណាមួយសម្រាប់មេរោគនេះគឺត្រូវគេរំពឹងថានឹងចំណាយពេលយ៉ាងតិចមួយឆ្នាំ៕