ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សហរដ្ឋ​អាមេរិក​ត្រៀម​ក្នុង​កម្រិត​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​មេរោគ​កូរ៉ូណា​ថ្មី


រូ​បឯកសារ៖ និស្សិតមហាវិទ្យាល័យនៅអាមេរិកដើរតាមបណ្តោយផ្លូវមួយ បន្ទាប់ពីមានការបិទភោជនីយដ្ឋាន និងកន្លែងផ្សេងៗនៅក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក កាលពិថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ជំរុញ​ឲ្យ​ត្រៀម​ក្នុង​កម្រិត​ខ្ពស់​នៅ​ទូទាំង​ប្រទេស ហើយ​លោក​ប្រធានាធិបតី Donald Trump កំពុង​ប្រើ​អំណាច​ជា​ប្រធានាធិបតី​របស់​លោក​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​ថ្មី ឬ COVID-19។

លោក Trump បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​សេតវិមាន​ថា៖ «យើង​នឹង​យក​ច្បាប់​ផ្គត់ផ្គង់​ដល់​ផ្នែក​ការពារ​ប្រទេស​មក​អនុវត្ត​ប្រសិន​បើ​ចាំបាច់»។

ច្បាប់​នេះ​គឺ​ជា​ប្រភព​ចម្បង​នៃ​អំណាច​របស់​ប្រធានាធិបតី​នៅ​ក្នុង​ការ​ពន្លឿន និង​ពង្រីក​ការ​ផ្គត់ផ្គង់​ធនធាន ដែល​បាន​មក​ពី​មូលដ្ឋាន​សហគ្រាស​របស់​ប្រទេស​ទៅ​ផ្គត់ផ្គង់​ដល់​ផ្នែក​ការពារ​ជាតិ។ ក្នុង​ករណី​នេះ វា​អនុញ្ញាត​ឲ្យ​មាន​ការ​ផលិត​ម៉ាស់​ការពារ និង​ឧបករណ៍​សំខាន់ៗ​ផ្សេង​ទៀត​បន្ថែម​ទៀត។

កន្លង​មក នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ជាង ៧ ពាន់ ៣​រយ​ករណី និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​យ៉ាង​តិច ១១៥ នាក់។

លោក Trump បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «យើង​នឹង​កម្ចាត់​សត្រូវ​ដែល​មើល​មិន​ឃើញ​នេះ​បាន​ជា​មិន​ខាន។ យើង​នឹង​ទទួល​បាន​ជោគជ័យ​ពេញលេញ​មួយ»៕

XS
SM
MD
LG