លោក ត្រាំ នឹង​ថ្លែង​សុន្ទរកថា​ទទួល​យក​ការ​តែង​តាំង​ជាបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ ​Florida

រូបឯកសារ៖ ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ពី​មុខ​ប្រធាន​សភា លោកស្រី Nancy Pelosi ក្នុង​ពិធី​ថ្លែង​សារ «ស្ថានភាព​នៃ​សហព័ន្ធ» កាល​ពី​ខែ​កុម្ភៈ ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ នឹង​ធ្វើ​សុន្ទរកថា​ទទួល​យក​ការ​តែង​តាំង​នៅ​ក្នុង​ទីក្រុង ​Jacksonville រដ្ឋ Florida នៅ​ខែ​សីហា។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈ​កម្មាធិការ​របស់​គណបក្ស​សាធារណ​រដ្ឋ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ ​កាល​ពី​ដំបូង​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​ Charlotte ​រដ្ឋ ​North Carolina ​ក៏​ប៉ុន្តែ គណៈ​កម្មាធិការ​ជាតិ​គណបក្ស​សាធារណរដ្ឋ​ បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា សកម្មភាព​ខ្លះ​ក្នុង​សន្និបាត​របស់​គណបក្ស​ រួម​មាន​សុន្ទរក​ថា​ទទួល​យក​ការ​តែង​តាំង​របស់​លោក ត្រាំ ​នឹង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​រដ្ឋ Florida​ វិញ។

លោក​ប្រធានាធិបតី ត្រាំ ​បាន​ទទូច​ថា​ លោក​ចង់​ឲ្យ​ការ​ធ្វើ​សុន្ទរកថា​របស់​លោក​នៅ​កន្លែង​សន្និបាត​នោះ​មាន​ការ​ចូល​រួម​របស់​មនុស្ស​ដ៏​ច្រើន​ ដោយ​មិន​ឃ្លាត​នៅ​ឆ្ងាយ​ពី​គ្នា​និង​ដោយ​មិន​ពាក់​ម៉ាស់​ដែល​ ជា​វិធានការ​ដែល​ត្រូវ​បាន​គេ​ប្រើ​នៅ​ជុំវិញ​ពិភព​លោក​ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា។

លោក​ស្រី ​Ronna McDanniel ​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​គណបក្ស​សាធារណរដ្ឋ​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួក​គណបក្ស​សាធារណរដ្ឋ​ រំភើប​ចិត្ត​ដើម្បី​ចូល​រួម​ពិធី​ក្នុង​ឱកាស​ដ៏​អស្ចារ្យ​នៅ​ក្នុង​ទីក្រុង​ Jacksonvilleនេះ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀតថា រដ្ឋ​ Florida​ ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ជ័យជម្នះ​នៅ​ឆ្នាំ​២០២០​នេះ​ ហើយ​ពួក​គណបក្ស​សាធារណរដ្ឋ​រំពឹង​ថា នឹង​នាំ​ពិធី​ដ៏​អស្ចារ្យ​នេះ​និង​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​ទៅ​ឲ្យ​រដ្ឋ​ Florida។​

ការិយាល័យ​របស់​លោក ​Ray Cooper​ អភិបាល​រដ្ឋ ​North Corolina​ ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ព្យាយាម​ធ្វើ​ផែន​ការ​ជាមួយ​ពួក​គណបក្ស​សាធារណរដ្ឋ​ ដែល​រួម​ទាំង​ការ​ពិចារណា​វិធាន​ការ​ការពារ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ការ​រៀបចំ​សន្និបាត​នេះ៕