​លោក​ត្រាំ​នឹង​ប្រកាស​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល និង​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​ទៅ​ទី​នោះ

ទិដ្ឋភាព​នៅ​ទីក្រុង​ចាស់​របស់​ទីក្រុង​ហ្ស៊េរុយសាឡិម។ លោក​ប្រធានាធិបតី​ត្រាំ​នឹង​ទទួល​ស្គាល់​ទីក្រុង​នេះ​ជា​រដ្ឋធានី​ថ្មីរបស់​អ៊ីស្រាអែល។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល និង​ប្ដូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ពី​ទីក្រុង​ Tel Aviv ទៅ​កាន់​ទីក្រុង​ហ្ស៊េរុយសាឡិម ​នេះ។

ការ​សម្រេច​ដូច​នេះ​ទំនង​ជា​បណ្ដាល​ឲ្យ​មាន​ការ​ខឹង​សម្បា​នៅ​រាល់​បណ្ដា​ប្រទេស​អារ៉ាប់​ទាំង​អស់។ ប៉ុន្តែ សេតវិមាន​បាន​បញ្ជាក់​ថា លោក ត្រាំ​ គ្រាន់តែ​ទទួល​ស្គាល់​អ្វី​ដែល​ជា​ការ​ពិត​ដែល​ជា​ប្រវត្តិសាស្ត្រ​សម័យ​មុន និង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​នេះ។

ដើម្បី​បន្ធូរ​បន្ថយ​នូវ​អ្វី​ដែល​អាច​ជា​ការ​ខឹង​សម្បា​នេះ លោក ត្រាំ​ បាន​ទូរស័ព្ទ​ទៅ​កាន់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​ចំនួន ៥ រូប កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ដើម្បី​បញ្ជាក់​ប្រាប់​ពួកគេ​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក។ មេដឹកនាំ​ដែល​លោក​ទូរស័ព្ទ​ទៅ​នោះ​គឺ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu មេដឹកនាំ​ប៉ាឡេស្ទីន​លោក ​Mahmoud Abbas ​ព្រះមហាក្សត្រ​ហ្សកដានី​ ព្រះ​អង្គ Abdullah ​ប្រធានាធិបតី​អេហ្ស៊ីប​លោក​ Abdel Fattah el-Sissi និង​ព្រះ​មហាក្សត្រ​អារ៉ាប៊ីសាអ៊ូឌីត​ព្រះ​អង្គ Salman Bin Abdulaziz Al Saud។

ការ​ប្រកាស​របស់​សេតវិមាន​បាន​ផ្ដល់​នូវ​ព័ត៌មាន​លំអិត​បន្តិច​បន្តួច​ប៉ុណ្ណោះ​អំពី​កិច្ច​សន្ទនា​របស់​លោក ត្រាំ​ ជាមួយ​នឹង​មេដឹកនាំ​ទាំង​នោះ ដោយ​សេតវិមាន​គ្រាន់តែ​បញ្ជាក់​ថា៖ «មេដឹកនាំ​ទាំង​នោះ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ការ​សម្រេច​ចិត្ត​ដែល​នឹង​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​ទីក្រុង​ហ្ស៊េរុយ​សាឡិម»។

សេចក្ដី​ប្រកាស​របស់​សេតវិមាន​បាន​បន្ថែម​ទៀត​ថា លោក ត្រាំ​ បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​របស់​លោក​ក្នុង​ការ​ជំរុញ​ឲ្យ​កិច្ច​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន មាន​ដំណើរការ​ទៅ​មុខ និង​បាន​បញ្ជាក់​ផង​ដែរ​អំពី​សារៈសំខាន់​នៃ​ការ​គាំទ្រ​ដល់​កិច្ច​ចរចា​ទាំង​នោះ៕