ឥឡូវនេះ ពួកអ្នកគាំទ្រ ពួកអ្នករិះគន់ និងអ្នកវិភាគ កំពុងឆ្ងល់ថាតើការផ្លាស់ប្តូរនេះមានមួយរយៈពេលខ្លី ឬស្ថិតនៅរហូត។ នេះជាសំណួរដ៏សំខាន់មួយនៅពេលដែលសភាចាប់ផ្តើមកាងារពីរបៀបវារៈក្នុងប្រទេសដ៏ធំមួយរបស់លោកប្រធានាធិបតីត្រាំ។
លោកប្រធានាធិបតី ត្រាំ ជួបជាមួយពួកមេដឹកនាំសភាខាងគណបក្សសាធារណរដ្ឋនៅសេតវិមានដើម្បីពិភាក្សាពីការធ្វើឲ្យជឿនលឿននូវរបៀបវារៈនយោបាយដ៏ធំរបស់លោក។ លោកប្រធានាធិបតី ត្រាំ បានមានប្រសាសន៍ថា៖ «យើងមកទីនេះដើម្បីចាប់ផ្តើមដំណើរការ។ ដំណើរការនេះចាប់ផ្តើមនៅពេលឥឡូវនេះ ហើយយើងគិតថា យើងនឹងទទួលបានជោគជ័យយ៉ាងធំ»។
លោកប្រធានាធិបតី ត្រាំ កំពុងទទួលបានការវាយតម្លៃល្អសម្រាប់សុន្ទរកថាកាលពីថ្ងៃអង្គារសប្តាហ៍មុនទៅកាន់សម័យប្រជុំសភារួម ជាពិសេសសម្តីប្រកបដោយភាពទន់ភ្លន់ និងសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងរបស់លោក។ លោកប្រធានាធិបតី ត្រាំនិយាយថា៖ «ខ្ញុំកំពុងសុំឲ្យអស់លោក អ្នក ដែលកំពុងមើលនៅយប់នេះ ចាប់យកឱកាសនេះ មានជំនឿជឿជាក់ខ្លួនឯង មានជំនឿជឿជាក់នៅថ្ងៃអនាគត ហើយនិងជឿជាក់ប្រទេសអាមេរិក»។
លោក Jeremy Mayer អ្នកវិភាគបាននិយាយតាមប្រព័ន្ធ Skype ថា វាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់លោកប្រធានាធិបតី។
«នេះជាសុន្ទរកថាដ៏ល្អបំផុតដែលខ្ញុំមិនដែលបានឃើញលោកធ្វើ ហើយខ្ញុំបានពិនិត្យមើលលោកយ៉ាងដិតដល់បំផុត។ មានការសម្របសម្រួល ភាពស្ងប់ស្ងាត់ ការអំពាវនាវឲ្យយើងទាំងអស់គ្នាធ្វើការជាមួយគ្នា។ ការណ៍នេះ លោក អ្នក មិនធ្លាប់បានឮនៅក្នុងវោហាសាស្រ្តរបស់លោកដូណាល់ ត្រាំ ទេពីមុនមក»។
លោក John Fortier និយាយថា ការផ្លាស់ប្តូរសម្តីរបស់លោក ត្រាំ អាចជួយបញ្ចុះ បញ្ចូលសភាឲ្យគាំទ្រការធ្វើកំណែទម្រង់ខាងការថែទាំសុខភាព និងពន្ធដារ។
លោកនិយាយថា៖ «លោកនៅមិនទាន់បានបង្ហាញនូវសេចក្តីលម្អិតយ៉ាងច្រើន ហើយនិងថាតើធ្វើយ៉ាងដូចម្តេចនៅឡើយទេ។ ដូច្នេះ លោកត្រូវបង្ហាញភាពជាមេដឹកនាំហើយនិងបង្ហាញថា លោកមានវិធីដើម្បីធ្វើការជាមួយពួកគណបក្សសាធារណរដ្ឋដែលភាគច្រើនយល់ស្របជាមួយលោក ក៏ប៉ុន្តែ មានឧបសគ្គយ៉ាងច្រើននៅខាងមុខ។ខ្ញុំគិតថា នេះជាអ្វីដែលលោកប្រធានាធិបតីត្រូវដោះស្រាយប្រកបដោយភាពឈ្លាសវៃ»។
ក៏ប៉ុន្តែ ពួកគណបក្សប្រជាធិបតេយ្យជាច្រើននៅតែមានការមន្ទិលសង្ស័យ រួមទាំងលោក Chuck Schumer មេដឹកនាំសំឡេងភាគតិចរបស់ព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យផង។
លោក Chuck Schumer ថ្លែងថា៖ «សុន្ទរកថារបស់លោកជានិច្ចកាលខុសពីរឿងជាក់ស្តែង។ លោកនិយាយទៅកាន់ពួកអ្នកធ្វើការងាររបស់ប្រទេសអាមេរិក។ ពួកគេជាអ្នកគាំទ្រដ៏សំខាន់របស់លោក។ ក៏ប៉ុន្តែ របៀបដែលលោកគ្រប់គ្រងស្ថិតនៅក្រុមស្តាំនិយម ដែលអ្នកទទួលផលប្រយោជន៍ពិសេសប្រឆាំងនឹងអ្នកខំធ្វើការងារ»។
លោក James Thurberដែលជាអ្នកជំនាញនិយាយថា ការស្ទង់មតិថ្មី២បានបង្ហាញថា ពួកអ្នកបោះឆ្នោតមានប្រតិកម្មប្រកបដោយការពេញចិត្តដល់សុន្ទរកថារបស់លោកប្រធានាធិបតី ជាវិស័យមួយដែលលោកប្រធានាធិបតីអាចប្រើប្រាស់ដើម្បីបង្កើនប្រជាប្រិយភាពរបស់លោក។
«លោកមានការគាំទ្រទាបបំផុតជាងប្រធានាធិបតីណាៗទាំងអស់ក្នុងការស្ទង់មតិដោយទទួលបាន៤០ភាគរយចាប់តាំងពីយើងបានវាស់វែងប្រជាប្រិយភាពរបស់ប្រធានាធិបតីចាប់តាំងពីប្រធានាធិបតី Dwight Eisenhower មក»។
លោក Jeremy Mayrer និយាយថា ពួកគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិប តេយ្យកំពុងមានការងឿងឆ្ងល់ថាតើការនិយាយទន់ភ្លន់ ប្រកបដោយរបៀបរៀបរយរបស់ប្រធានាធិបតី ត្រាំ នឹងស្ថិតស្ថេរដែរឬទេ។
«ប្រធានាធិបតីត្រាំ បានបង្ហាញកាលពីយប់មុនថា នៅទីបញ្ចប់ លោកកំពុងធ្វើការងារដូចជាប្រធានាធិបតីពិតប្រាកដ។ ក៏ប៉ុន្តែ ការធ្វើការងារពិត នៅមិនទាន់ឃើញនៅឡើយទេ ថាតើលោកអាចធ្វើបានឬទេ»។
ការណ៍នេះអាចជាបញ្ហាដ៏លំបាកមួយ ប្រសិនបើលោក ត្រាំ ធ្វើតាមការសន្យាក្នុងយុទ្ធនាការឃោសនារបស់លោកនោះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន