លោកប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ឲ្យក្លាយទៅជាច្បាប់ដែលនឹងបន្តកម្មវិធីនេះដើម្បីអនុញ្ញាតឲ្យអតីតយុទ្ធជនទទួលបានការថែទាំសុខភាពឯកជន។
សេចក្តីព្រាងច្បាប់ដែលទុកប្រាក់ដោយឡែកចំនួន២.១០០លានដុល្លារសម្រាប់បន្តកម្មវិធីថែទាំសុខភាពរបស់ក្រសួងការងារអតីតយុទ្ធជន នឹងត្រូវចុះហត្ថលេខាដោយលោកប្រធានាធិបតីនៅឯក្លឹបវាយកូនហ្គោលឯកជនរបស់លោកនៅក្នុងទីក្រុង Bedminster រដ្ឋ New Jersey ដែលនៅទីនោះលោកប្រធានាធិបតីកំពុងឈប់សម្រាកវិសមកាលចំនួន១៧ថ្ងៃ នេះបើយោងតាមការបញ្ជាក់របស់សេតវិមាន។
កម្មវិធីដែលត្រូវអស់ថវិកាលឿនជាងការរំពឹងទុកនៅក្នុងពាក់កណ្តាលខែសីហានេះ បង់ប្រាក់ឲ្យអតីតយុទ្ធជនទៅពិនិត្យជំងឺវេជ្ជបណ្ឌិតឯកជន ប្រសិនបើពួកគេប្រឈមរយៈពេលរង់ចាំយូរឬត្រូវធ្វើដំណើរជាច្រើនដង។ កម្មវិធីនេះបានត្រូវបង្កើតនៅឆ្នាំ២០១៤នៅក្នុងការឆ្លើយតបទៅនឹងរឿងអាស្រូវនៅឯមន្ទីរពេទ្យមួយកន្លែងរបស់អតីតយុទ្ធជនក្នុងទីក្រុង Phoenix ភាគនិតីនៃរដ្ឋអារីហ្សូណាដែលនៅទីនោះពួកអ្នកជំងឺរង់ចាំជាច្រើនដើម្បីទទួលបានការព្យាបាល។
លោកវេជ្ជបណ្ឌិត David Shulkin រដ្ឋមន្រ្តីក្រសួងអតីតយុទ្ធជនបានផ្តល់អាទិភាពដល់អតីតយុទ្ធជនដើម្បីលប់បំបាត់ច្បាប់ដែលតម្រូវឲ្យអតីតយុទ្ធជនរស់នៅយ៉ាងហោចណាស់ក៏ចម្ងាយ៤០ម៉ៃល៍ពីមន្ទីរពេទ្យរបស់អតីតយុទ្ធជនឬរង់ចាំយ៉ាងហោចណាស់ក៏រយៈពេលជាង៣០ថ្ងៃដែរដើម្បីណាត់ជួបគ្រូពេទ្យដើម្បីបានទទួលកម្មវិធី Choice នោះ៕