ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​បាន​ឬ​ទេ?


លោក​ប្រធានាធិបតី Donald Trump ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​យោធា នៅ​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​ទីបញ្ជាការ​យោធា​កណ្តាល​ និង​ទីបញ្ជាការ​ប្រតិបត្តិការ​ពិសេស​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស MacDill កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​យោធា នៅ​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​ទីបញ្ជាការ​យោធា​កណ្តាល​ និង​ទីបញ្ជាការ​ប្រតិបត្តិការ​ពិសេស​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស MacDill កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។

តើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​បាន​ឬ​ទេ? នេះ​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ចោទ​សួរ​ជា​យូរ​មក​ហើយ ប៉ុន្តែ​គ្មាន​ចម្លើយ​ច្បាស់លាស់​នោះ​ទេ។

សំណួរ​នេះ​បាន​ក្លាយជា​សំណួរ​ដែល​គេ​ចាប់​អារម្មណ៍​ម្ដង​ទៀត ស្រប​ពេល​ដែល​ទីប្រឹក្សា​ពិសេស​ផ្នែក​ច្បាប់​មួយ​រូប​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ទំនាក់ទំនង​ដែល​អាច​មាន​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Donald Trump និង​រដ្ឋាភិបាល​រុស្ស៊ី ដែល​បាន​ប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

មិន​មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា លោក Robert Mueller ទីប្រឹក្សា​ពិសេស​ផ្នែក​ច្បាប់ នឹង​ព្យាយាម​ចោទ​ប្រកាន់​ក្រុម​របស់​លោក Trump នោះ​ទេ ដូច្នេះ​ការ​ចោទ​ប្រកាន់​លើ​លោក Trump ផ្ទាល់ រឹតតែ​មិន​អាច​ទៅ​រួច​ទៀត។ ប៉ុន្តែ លោក Mueller មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ចោទ​ប្រកាន់​លើ​បទ​ឧក្រិដ្ឋកម្ម​សហព័ន្ធ​ណា​មួយ ដែល​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​នេះ។ បើ​តាម​ទ្រឹស្ដី យ៉ាង​ហោច​ណាស់ ការ​ចោទ​ប្រកាន់​នោះ​អាច​រួម​បញ្ចូល​ទាំង​លោក​ប្រធានាធិបតី Donald Trump ផង​ដែរ។

លោក Mueller ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិនិត្យ​មើល​ទៅ​លើ​ករណី​ថា​តើ​លោក Trump មាន​បាន​រារាំង​ដល់​ដំណើរការ​យុត្តិធម៌ ឬ​ក៏​អត់ នៅ​ពេល​លោក​ដក​លោក James Comey ចេញ​ពី​តំណែង​ជា​នាយក​ទីភ្នាក់ងារ FBI កាល​ពី​លើក​មុន​នោះ។

ប្រសិន​បើ​ក្រុម​របស់​លោក Mueller អាច​ស្វែង​រក​ភស្តុតាង​ដើម្បី​ចោទ​ប្រកាន់​លើ​លោក Trump បាន វា​អាច​បង្ក​ឲ្យ​មាន​នូវ​សមរភូមិ​ផ្លូវ​ច្បាប់​មួយ ដែល​នៅ​ទី​បញ្ចប់ សំណុំរឿង​នឹង​ត្រូវ​ឈាន​ដល់​តុលាការ​កំពូល។ ហើយ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​ភាគី​ខាង​ណា​នឹង​ឈ្នះ​នោះ​ទេ។

កង្វះ​ភាព​ច្បាស់លាស់​នៅ​ក្នុង​ច្បាប់

ស្រប​ពេល​ដែល​រដ្ឋធម្មនុញ្ញ​បង្ហាញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ប្រធានាធិបតី​អាច​ត្រូវ​បាន​សភា​កាត់ទោស និង​ដក​ចេញ​ពី​តំណែង​បាន រដ្ឋធម្មនុញ្ញ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​តើ​ប្រធានាធិបតី​អាច​ត្រូវ​បាន​តុលាការ​កាត់​ទោស ឬ​ក៏​អត់។ សូម្បីតែ​ច្បាប់​សហព័ន្ធ​ក៏​មិន​បាន​ចែង​ច្បាស់​អំពី​ករណី​នេះ​ដែរ។ ហើយ​តុលាការ​ក៏​មិន​ដែល​ចេញ​សេចក្ដី​សម្រេច​ណា​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ។

ដោយសារតែ​បញ្ហា​នៃ​ការ​ខ្វះខាត​ភាព​ច្បាស់លាស់​នេះ​ហើយ ទើប​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​បាន​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ផ្អែក​លើ​កត្តា​ស្រពិចស្រពិល​មួយ​ចំនួន ដូចជា​គោលការណ៍​រដ្ឋធម្មនុញ្ញ និង​គោល​បំណង​ដំបូង​បង្អស់​នៃ​អ្នក​បង្កើត​រដ្ឋធម្មនុញ្ញ​នេះ​ឡើង។

ទស្សនៈ​ដែល​មាន​ប្រៀប​ក្នុង​ចំណោម​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់​ទូទៅ គឺ​ថា ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​មិន​អាច​ត្រូវ​បាន​គេ​កាត់ទោស​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​នា​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ យើង​ឃើញ​មាន​ការ​ខ្វែង​គំនិត​គ្នា​ចំពោះ​ទស្សនៈ​ផ្លូវ​ច្បាប់​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Eric Freedman សាស្ត្រាចារ្យ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​សាកលវិទ្យាល័យ Hofstra។

សាស្ត្រាចារ្យ Eric Freedman បាន​និយាយ​ថា «នេះ​ជា​សំណួរ​មួយ​ដ៏​មាន​សារៈសំខាន់ និង​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ»។ លោក​សាស្ត្រាចារ្យ​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​គឺ​ជា​កត្តា​បន្ថែម​មួយ​សម្រាប់​ចោទ​ប្រកាន់​ជា​សាធារណៈ​ដើម្បី​ឲ្យ​ប្រធានាធិបតី​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ដើម្បី​បញ្ជាក់​អំពី​ទស្សនៈ​របស់​លោក​ឲ្យ​កាន់​តែ​ច្បាស់ លោក Eric Freedman បាន​យោង​ទៅ​លើ​ការ​ប្រជុំ​ដំបូង​បង្អស់​មួយ​របស់​ព្រឹទ្ធសភា ដែល​នៅ​ក្នុង​ការ​ប្រជុំ​នោះ សមាជិក​ព្រឹទ្ធសភា​បាន​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​ដេញដោល​ដ៏​តឹង​សសៃ​ក​មួយ​អំពី​បញ្ហា​នេះ។ នេះ​បើ​យោង​តាម​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​របស់​សមាជិក​ព្រឹទ្ធសភា​មួយ​រូប។

តើ​ការ​ពិភាក្សា​ដេញដោល​នោះ​មាន​អ្វី​ខ្លះ?

សម្រាប់​អ្នក​ដែល​និយាយ​ថា ប្រធានាធិបតី​មិន​អាច​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នោះ ការ​ពិភាក្សា​ដេញដោល​នេះ ជា​ទូទៅ​និយាយ​ដល់​អត្ថប្រយោជន៍​នៃ​អភិបាលកិច្ច។ ពួក​គេ​បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​រឿង​ឧក្រិដ្ឋកម្ម​ណា​មួយ នឹង​រារាំង​ប្រធានាធិបតី​ពី​ការ​អនុវត្ត​មុខងារ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក្នុង​តួនាទី​ជា​ប្រមុខ​នៃ​ស្ថាប័ន​នីតិ​ប្រតិបត្តិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល។ ពួកគេ​បាន​បញ្ជាក់​ថា គោលការណ៍​នេះ​គឺ​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។

នេះ​គឺ​ជា​គោល​ជំហរ​ដែល​បាន​លើក​ឡើង​ពីរ​ដង​រួច​មក​ហើយ​ដោយ​ក្រុម​មេធាវី​សហព័ន្ធ​នៅ​ក្នុង​ការិយាល័យ​ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ដែល​បាន​ពិចារណា​អំពី​បញ្ហា​នេះ​នៅ​ក្នុង​ឆ្នាំ ១៩៧៣ និង​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ ២០០០។ ពួកគេ​បាន​អះអាង​ថា វា​ដូចជា​មិន​ទំនង​នោះ​ទេ ដែល​ការ​សម្រេច​របស់​ចៅក្រម​ក្នុង​ការ​ចោទ​ប្រកាន់​ទោស​ទៅ​លើ​ប្រធានាធិបតី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បង្ហាញ​តាម​រយៈ​ការ​បោះឆ្នោត​ប្រធានាធិបតី​នោះ។

ប៉ុន្តែ​អ្នក​ដែល​និយាយ​ថា ប្រធានាធិបតី​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ បាន​អះអាង​ថា ប្រសិនបើ​អ្នក​បង្កើត​រដ្ឋធម្មនុញ្ញ​មិន​ចង់​ឲ្យ​ប្រធានាធិបតី​អាច​រង​ការ​ចោទប្រកាន់​ណា​មួយ​នោះ ពួកគេ​ប្រហែល​ជា​បាន​សរសេរ​យ៉ាង​ច្បាស់​អំពី​ករណី​នេះ​ជា​លាយលក្ខណ៍​អក្សរ​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។ អ្នក​ទាំង​នេះ បាន​លើក​ឡើង​ថា គោលការណ៍​រដ្ឋធម្មនុញ្ញ​មួយ​ទៀត ដែល​ចែង​ថា មិន​មាន​នរណា​ម្នាក់ រួម​ទាំង​ប្រធានាធិបតី​ផង​ដែរ ស្ថិត​នៅ​ពី​លើ​ច្បាប់​នោះ​ទេ គឺ​មាន​អាទិភាព​ជាង​ការ​លើក​ឡើង​ណា​មួយ​ទាំង​អស់។

លោក Kenneth Starr ដែល​ដឹកនាំ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ផ្នែក​ច្បាប់​មួយ លើ​ករណី​លោក​អតីត​ប្រធានាធិបតី Bill Clinton គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ដូច​នេះ។

កំណត់​ហេតុ​របស់​ការិយាល័យ​លោក Kenneth Starr ដែល​ត្រូវ​បាន​សារព័ត៌មាន The New York Times ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សរសេរ​ថា៖ «វា​ជា​ការ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ សម្រាប់​ចៅក្រម​សហព័ន្ធ​ក្នុង​ការ​ចោទ​ប្រកាន់​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​មិន​មែន​ជា​ផ្នែក​មួយ និង​ដែល​ផ្ទុយ​ទៅ​នឹង​តួនាទី​ផ្លូវការ​របស់​ប្រធានាធិបតី។ នៅ​ក្នុង​សហរដ្ឋ​អាមេរិក គ្មាន​នរណា​ម្នាក់ ស្ថិត​នៅ​ពី​លើ​ច្បាប់​នោះ​ទេ សូម្បីតែ​ប្រធានាធិបតី Bill Clinton ក៏​ដោយ »។

ការ​ចោទ​ប្រកាន់​ជា​សាធារណៈ

លោក James Pfiffner សាស្ត្រាចារ្យ​គោល​នយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ George Mason ទទួល​ស្គាល់​ថា សំណួរ​នេះ​គឺ​ពិតជា​សំណួរ​ពិបាក​ឆ្លើយ​មួយ។

លោក​បាន​និយាយ​ថា ជា​គោលការណ៍ ប្រធានាធិបតី​អាច​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​បាន ប៉ុន្តែ​បើ​តាម​ការ​អនុវត្ត​វិញ ប្រហែល​ជា​មិន​អាច​នោះ​ទេ។

នៅ​ក្នុង​ទស្សនៈ​របស់​លោក James Pfiffner វិធី​ដែល​មាន​លក្ខណៈ​ទំនង​ស្រប​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រធានាធិបតី​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ គឺ​តាម​រយៈ​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​សភា ដែល​ធ្វើ​ឲ្យ​សភា​ក្លាយជា​តុលាការ​ក្នុង​ការ​កាត់ទោស​ប្រធានាធិបតី​បាន។ ប៉ុន្តែ លោក James Pfiffner បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​នៅ​ក្នុង​សភា​នេះ​គឺ​ជា​ដំណើរការ​នយោបាយ មិន​មែន​ជា​ដំណើរការ​ផ្លូវ​ច្បាប់​នោះ​ទេ។

ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា បទល្មើស​ដែល​អាច​ចោទ​ប្រកាន់​ក្នុង​សភា​បាន​មាន​ដូចជា «អំពើ​ក្បត់​ជាតិ ការ​ស៊ី​សំណូក​សូក​ប៉ាន់ ឬ​ក៏​ឧក្រិដ្ឋកម្ម និង​បទល្មើស​មជ្ឈិម​ធ្ងន់ធ្ងរ​ផ្សេង​ទៀត» ប៉ុន្តែ សភា​ផ្ទាល់​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​បកស្រាយ​នូវ​ចំណុច​ដែល​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ​បាន។

វិធី​ដែល​អាច​ចោទ​ប្រកាន់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​សភា​បាន គឺ​ការ​បោះ​ឆ្នោត​គាំទ្រ​ភាគ​ច្រើន​ពី​សមាជិក​រដ្ឋសភា ដែល​ជា​ទូទៅ​តំណាង​ឲ្យ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ប្រធានាធិបតី។ ប្រធានាធិបតី​អាច​ត្រូវ​គេ​ដក​ចេញ​ពី​តំណែង​បាន ប្រសិន​បើ​សមាជិក​ព្រឹទ្ធសភា​ចំនួន​ពីរ​ភាគ​បី ឯកភាព​កាត់​ទោស​ប្រធានាធិបតី។

កន្លង​មក មាន​តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពីរ​រូប​តែ​ប៉ុណ្ណោះ គឺ​លោក Bill Clinton និង​លោក Andrew Johnson ដែល​ត្រូវ​បាន​រដ្ឋសភា​ចោទ​ប្រកាន់​ជា​សាធារណៈ។ ប៉ុន្តែ ព្រឹទ្ធសភា​បាន​លើកលែង​ការ​ចោទ​ប្រកាន់​ចំពោះ​ប្រធានាធិបតី​ទាំង​ពីរ​រូប​នេះ។ លោក​អតីត​ប្រធានាធិបតី Richard Nixon បាន​លាលែង​ពី​តំណែង​មុន​ពេល​រដ្ឋសភា​អាច​ធ្វើ​ការ​បោះ​ឆ្នោត​ដើម្បី​ចោទ​ប្រកាន់​លោក​បាន។

ការ​លើក​លែង​ទោស

ការ​ចោទ​ប្រកាន់​ក្នុង​សភា​មិន​មែន​ជា​វិធី​តែ​មួយ​គត់​នោះ​ទេ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រធានាធិបតី​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ បន្ទាប់ពី​ប្រធានាធិបតី​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​មក គាត់​អាច​ត្រូវ​បាន​គេ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ។ ករណី​នេះ​គឺ​ជា​ការ​ពិត ប្រសិនបើ​ប្រធានាធិបតី​មិន​ត្រូវ​បាន​អ្នក​ឡើង​កាន់​តំណែង​បន្ត​លើក​លែង​ទោស​ឲ្យ​នោះ​ទេ។

បើ​តាម​ទ្រឹស្ដី វា​ក៏​អាច​ទៅ​រួច​ដែល​ថា ប្រធានាធិបតី​អាច​រួច​ផុត​ពី​ការ​កាត់ទោស​ណា​មួយ​បាន ដោយ​ការ​លើកលែង​ទោស​ដោយ​ខ្លួន​ឯង។ ពាក់ព័ន្ធ​ទៅ​នឹង​សំណួរ​ដែល​ថា តើ​ប្រធានាធិបតី​អាច​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ឬ​ក៏​អត់ វា​គឺ​ជា​ស្ថានការណ៍​ស្រពិចស្រពិល​នៃ​រដ្ឋធម្មនុញ្ញ​មួយ ដែល​មិន​ដែល​ត្រូវ​បាន​គេ​លើក​យក​មក​ពិចារណា​ច្រើន​កាល​ពី​មុន​នោះ​ទេ។

លោក​សាស្ត្រាចារ្យ James Pfiffner បាន​និយាយ​ថា យើង​មិន​អាច​យល់​ឲ្យ​បាន​លម្អិត​អំពី​ចំណុច​ទាំង​អស់​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះ​ទេ ហើយ​ភាគ​ច្រើន​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ច្បាប់​រដ្ឋធម្មនុញ្ញ គឺ​ផ្អែក​លើ​បទដ្ឋាន​ធម្មតា​នានា ជាជាង​លើ​នីត្យានុកូលភាព ឬ​ក៏​ធម្មនុញ្ញភាព​ដ៏​តឹងតែង។

លោក​បាន​បន្ថែម​ថា ករណី​នេះ គឺ​អាច​ដំណើរការ​បាន​យ៉ាង​ប្រសើរ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ភាគ​ច្រើន​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ នៅ​ពេល​ដែល​នរណា​ម្នាក់​ដើរ​ផ្ទុយ​ពី​ប្រវត្តិសាស្ត្រ និង​ប្រពៃណី ហើយ​ប្រឆាំង​នឹង​បទដ្ឋាន​ធម្មតា​ទាំង​នោះ គេ​ត្រូវ​រិះរក​វិធី​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​ករណី​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG