ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា សម្ព័ន្ធភាពរវាងអាមេរិកនិងរុស្ស៊ីអាចនឹងធ្វើឱ្យសហគមន៍ពិភពលោកកាន់តែប្រសើរឡើង។
មួយថ្ងៃបន្ទាប់ពីលោកបាននិយាយទូរស័ព្ទជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លោក ត្រាំ បាននិយាយតាម twitter ថា៖ «សក្តានុពលដ៏អស្ចារ្យសម្រាប់ទំនាក់ទំនងដ៏ល្អជាមួយរុស្ស៊ីធ្វើឲ្យពិភពលោកប្រសើរឡើងនិងមានសុវត្ថិភាពជាងមុន»។
លោក ត្រាំ បាននិយាយថា ក្នុងការសន្ទនារយៈពេលលើសពីមួយម៉ោងនោះ បញ្ហាប្រទេសវ៉េណេស៊ុយអេឡាជាបញ្ហាមួយដែលលោកបានពិភាក្សាជាមួយលោកពូទីន។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យប្រធានាធិបតីកាលពីរសៀលថ្ងៃសុក្រថា៖
«គាត់មិនចង់ពាក់ព័ន្ធក្នុងប្រទេសវ៉េណេស៊ុយអេឡាទេ។ គាត់គ្រាន់តែចង់ឃើញរឿងវិជ្ជមានកើតឡើងនៅប្រទេសវ៉េណេស៊ុយអេឡា។ ខ្ញុំក៏មានអារម្មណ៍ដូចគ្នាដែរ»។
ពេលឈរនៅជាមួយលោក Peter Pellegrini នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក ត្រាំ បាននិយាយថា ការពិភាក្សារបស់លោកជាមួយលោក Putin អំពីប្រទេសវ៉េណេស៊ុយអេឡាគឺជាកិច្ចពិភាក្សា «វិជ្ជមានណាស់»។
ភាពតានតឹងបានកើនឡើងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងមូស្គូ ទាក់ទងនឹងអស្ថិរភាពកាន់តែខ្លាំងឡើងនៅទីក្រុងការ៉ាកាស។ រដ្ឋបាលលោក ត្រាំ បានចោទថា រុស្ស៊ីរារាំងមិនឲ្យលោកប្រធានាធិបតី Nicolas Maduro បោះបង់អំណាច និងភៀសខ្លួនចេញពីប្រទេស៕