​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ សម្ពោធ​នាវា​ចម្បាំង​ USS Gerald R. Ford​

លោក ដូណាល់ ត្រាំ ដាក់​សម្ពោធ​នាវា​ចម្បាំង USS Gerald Ford នៅ​ស្ថានីយ​ Norfolk របស់​កង​ទ័ព​ជើង​ទឹក​ ក្នុង​រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី​២២ ខែកក្កដា។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​សៅរ៍បាន​សម្ពោធ​នាវា​ចម្បាំង​ USS Gerald R. Ford ​ដែល​មាន​បច្ចេកវិជ្ជា​ជឿន​លឿនមាន​តម្លៃ​ជិត​១៣​ពាន់​លាន​ដុល្លារ។ ​លោក​និយាយ​ថា​ នាវា​នេះ​មាន​ន័យ​ធំធេង​ចំពោះ​ពិភព​លោក​ ហើយ​នឹង​ធ្វើ​ឲ្យ​សត្រូវ​របស់​ស.រ.អា.​ភ័យ​ញាប់​ញ័រ។​

ក្រោយ​ពី​ពន្យារ​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​រយៈ​ពេល​៣​ឆ្នាំ ​និង​ក្រោយពី​មាន​ការ​ចំណាយ​ច្រើន​លាន​ដុល្លារ​លើស​គម្រោង​លោក​ប្រធានាធិបតីបាន​ប្រកាស​ប្រគល់នាវា​ដឹក​យន្តហោះ​ជំនាន់​ថ្មី​ប្រើ​ថាមពល​នុយក្លេអ៊ែរឲ្យ​ទៅ​កងទ័ព​ជើងទឹក​ ស.រ.អា. នៅ​មូលដ្ឋាន​ Norfolk ​នៅភាគ​ឦសាន​រដ្ឋ​ Virginia។ ​

លោក​ប្រធានាធិបតី​ថ្លែង​ថា​ នៅ​ពេល​នាវា​នេះ​ធ្វើ​ដំណើរ​ចេញ​ទៅ​ សម្ព័ន្ធមិត្ត​របស់​យើង​នឹង​មាន​អារម្មណ៍​សុខសាន្តហើយ​សត្រូវ​របស់​យើង​នឹង​ភ័យញាញ័រ ​ព្រោះ​គ្រប់ៗ​គ្នា​ និង​ដឹងថា​ អាមេរិក​ចេញ​មក​ហើយ​ ហើយ​ខ្លាំង​ទៀត​ផង។ ​លោក​ប្រធានាធិបតីនិយាយ​ថា ​នាវា​នេះ​មាន​ចេតនា​ព្រមាន​កុំឲ្យ​មាន​ចម្បាំង​ជាមួយ​ ស.រ.អា.​ ​ប៉ុន្តែ​លោក​បន្ថែម​ថា បើ​ចៀស​មិន​រួច អ្វីៗ​នឹង​ត្រូវ​កម្ទេច​ ហើយ​យើង​នឹង​ឈ្នះ។

ក្រោយពី​បាន​រិះគន់​រដ្ឋបាល​មុន​ថា ​គ្មាន​ការ​ត្រៀម​ខ្លួន​ជាមុន​ខាង​យោធាលោក​ប្រធានាធិបតី ត្រាំ ​បាន​អំពាវនាវ​ឲ្យ​សភា​ធ្វើ​ការងារ​របស់​ខ្លួន​ ហើយ​ផ្តល់​ថវិកា​មានលំនឹង​សម្រាប់កងទ័ព​អាមេរិក៕