ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូនប្រុស​ច្បង​របស់​លោក​ត្រាំ​នឹង​ជួប​ជាមួយព្រឹទ្ធសភា


កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​ត្រាំ លោក Donald Trump Jr. ដើរ​ចេញ​ពី​ជណ្តើរ​យន្ត​នៃ​អគារ​ Trump Tower កាល​ពីថ្ងៃពុធ​ទី១៦ វិច្ឆិកា ២០១៦ ទីក្រុង​ញូវយ៉ក។

​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​ស.រ.អា.បានធ្វើការ​ចរចា​ជាមួយ​កូន​ប្រុស​ច្បង​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump និង​អតីតប្រធាន​ក្រុម​អ្នកឃោសនា​បោះឆ្នោត​ឱ្យគាត់​អំពី​ការ​ធ្វើសម្ភាសន៍​ឯកជន​មួយ​ជាមួយ​បុរស​ទាំង​ពីរ​នាក់នេះ​ក្នុង​សប្តាហ៍ក្រោយ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ស្តីពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្សី​ក្នុង​ការ​បោះឆ្នោតស.រ.អា.។

គណៈកម្មាធិការ​នេះ​បាននិយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ Donald Trump Jr. និង​ Paul Manafort ធ្វើការ​ចរចា​ជាមួយ​ខ្លួន​អំពី​ការ​ធ្វើសម្ភាសន៍ហើយ​ក៏​បានពិភាក្សា​ដែរ​អំពី​លទ្ធភាព​នៃ​ការ​ប្រគល់ឯកសារ​ឱ្យ​គណៈកម្មាធិការនេះ។​

សេចក្តី​ថ្លែងការណ៍​មួយ​របស់​គណៈកម្មាធិការ​នេះ​បាន​និយាយ​ថា​ខ្លួន​នឹងមិន​ចេញ​ដីកា​កោះ​ជនទាំង​ពីរ​នាក់នេះឱ្យ​មក​ឆ្លើយ​ជាសាក្សីជា​សាធារណៈ​ទេនៅ​សប្តាហ៍​ក្រោយ​ ក៏ប៉ុន្តែ​បាន​រក្សាសិទ្ធិក្នុង​ការ​ធ្វើដូច្នេះក្នុង​ពេល​អនាគត។​

បុរស​ទាំង​នេះ​នាក់​នេះ​កំពុង​ឋិត​នៅ​ក្រោម​ការ​ពិនិត្យពិច័យ​អំពី​ជំនួប​ជាមួយ​មេធាវី​រុស្សីម្នាក់​នៅ​ក្នុង​ពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​កាល​ពី​ខែមិថុនា​ឆ្នាំ​២០១៦។ ឯកសារ​បង្ហាញ​ថា​ Trump Jr. បាន​ជួប​ជាមួយ​មេធាវី​រុស្សី​នេះ​កាល​ពី​ខែ​មិថុនា​ឆ្នាំ២០១៦​ដោយ​រំពឹង​ថា​ទទួល​ព័ត៌មាន​ដែល​អាច​ត្រូវ​ប្រើប្រាស់​ប្រឆាំង​នឹង​គូ​ប្រជែង​របស់​ឪពុក​គាត់​គឺ​លោកស្រី​ Hillary Clinton។

គណៈកម្មាធិការ​មួយ​ទៀត​នៃព្រឹទ្ធសភា​ស.រ.អា.​គឺ​គណៈកម្មាធិការ​ខាង​ការ​ស៊ើបការ​សម្ងាត់​និយាយ​ថា​ពួក​គេ​នឹង​ជួប​ជា​ឯកជន​នៅ​ថ្ងៃ​ចន្ទ​ជាមួយ Jared Kushner កូនប្រសារ​ប្រុស​និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ Donald Trump អំពីការ​ស៊ើបអង្កេត​ស្តី​ពី​ការ​ជ្រៀតជ្រែក​របស់​រុស្សី។​ គេ​ក៏​រំពឹង​ដែរថា​ Kushner នឹង​ជួប​ជាមួយគណៈកម្មាធិការ​ខាង​ការ​ស៊ើបការ​សម្ងាត់​របស់​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​នៅ​ថ្ងៃ​អង្គារ៕

XS
SM
MD
LG