លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បាននិយាយថាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសុំអភ័យទោសបន្តិចបន្តួចអំពីការបាញ់ពិសោធន៍កាំជ្រួចមីស៊ីល មានវង់ប្រតិបត្តិការខ្លី។ ប៉ុន្តែ លោក គីម បានសន្យាថា នឹងបញ្ឈប់ការបាញ់កាំជ្រួច នៅពេលណាសមយុទ្ធយោធាបច្ចុប្បន្នរវាងស.រ.អា.និងកូរ៉េខាងត្បូងបានចប់។
លោក ត្រាំ និយាយថា ការសុំអភ័យទោសនេះមានឡើងនៅក្នុងលិខិតផ្ទាល់ខ្លួនមួយច្បាប់ពីលោក គីម ជុងអ៊ុន ដែលបាននិយាយបន្ថែមថា លោកចង់«ជួបលោកប្រធានាធិបតីនិងចាប់ផ្តើមធ្វើកិច្ចចរចាគ្នា»នៅពេលបញ្ចប់សមយុទ្ធយោធានោះ។
លោក ត្រាំ បាននិយាយក្នុងបណ្ដាញទ Twitter ថា៖ «វាជាលិខិតវែងមួយច្បាប់ ភាគច្រើននៃសំបុត្រនេះត្អូញត្អែរអំពីសមយុទ្ធយោធាគួរឱ្យអស់សំណើចនិងអស់សោហ៊ុយច្រើន។ សំបុត្រនេះក៏ជាការសុំអភ័យទោសបន្តិចបន្តួចមួយអំពីការបាញ់ពិសោធន៍កាំជ្រួចមីស៊ីល មានវង់ប្រតិបត្តិការខ្លី ហើយថា ការបាញ់ពិសោធន៍នឹងចប់នៅពេលណាដែលសមយុទ្ធយោធានេះចប់ដែរ»។
ស.រ.អា.និងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធានេះកាលពីថ្ងៃចន្ទ។ សមយុទ្ធទាំងនេះមានកំណត់នឹងចប់នៅថ្ងៃទី៣០ ខែសីហា។ លោក ត្រាំ មិនបាននិយាយទេថា តើជំនួបនេះនឹងមានធ្វើនៅពេលណានិងនៅទីណា។
លោក ត្រាំ បានបន្ថែមថា៖ «ខ្ញុំរង់ចាំជួបលោក គីម ជុងអ៊ុន ក្នុងពេលខាងមុខឆាប់ៗនេះ។ ប្រទេសកូរ៉េខាងជើងមួយដែលគ្មានអាវុធនុយក្លេអ៊ែរនឹងក្លាយទៅជាប្រទេសមួយមានជោគជ័យបំផុតក្នុងពិភពលោក»។
សារនៅលើ Twitter នេះមានឡើងតែប៉ុន្មានម៉ោងក្រោយពីប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីល ផ្លោងចូលទៅក្នុងមហាសមុទ្រនៅទល់មុខនឹងឆ្នេរសមុទ្រខាងកើតរបស់ប្រទេសនេះ។ នេះជាការបង្ហោះកាំជ្រួចមីស៊ីល ផ្លោងលើកទីប្រាំក្នុងរយៈពេលពីរសប្តាហ៍ ហើយជាការបាញ់បង្ហោះលើកទី៧ចាប់តាំងពីខែឧសភាមក៕