ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលចូលក្នុងសមុទ្រនៅព្រឹកថ្ងៃអង្គារនេះហើយបានព្រមានថា ខ្លួនអាចចាត់វិធានការថ្មីនៅក្នុងការឆ្លើយតបទៅនឹងសមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលបានចាប់ផ្តើមនៅសប្តាហ៍នេះ។
កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលវង់ប្រតិបត្តិការខ្លីចេញពីខេត្ត Hwanghae ខាងត្បូងក្នុងផ្នែកខាងលិចកូរ៉េខាងជើង។ នេះតាមការបញ្ជាក់របស់នាយអគ្គសេនាធិការកូរ៉េខាងត្បូងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ កាំជ្រួចមីស៊ីលនោះ បានហោះប្រហែល៤៥០គីឡូម៉ែត្រហើយបានហោះកម្ពស់ប្រហែល៣៧គីឡូម៉ែត្រ។
កូរ៉េខាងជើង បានបាញ់កាំជ្រួចមីស៊ីលវង់ប្រតិបត្តិការខ្លីចំនួន៤ដងមិនដល់២សប្តាហ៍ផង ដែលកំពុងបង្កើនការមន្ទិលសង្ស័យពីការចរចាថ្នាក់ការងារដែលសហរដ្ឋអាមេរិក បានសង្ឃឹមថា ចាប់ផ្តើមកាលពីខែមុន។
ប៉ុន្មាននាទីមុនការបាញ់សាកល្បងនៅពេលថ្មីៗនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់សមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថា «ជាការរំលោភជាក់ស្តែង» នៃកិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះរបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងសេអ៊ូល។
ទីភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េ KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងមកចុះផ្សាយថា «យើងបានព្រមានជាច្រើនដងហើយថា សមយុទ្ធយោធារួមគ្នា នឹងរាំងខ្ទប់ការជឿនលឿននៅក្នុងទំនាក់រវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនិងទំនាក់ទំនងអន្តរកូរ៉េនិងធ្វើឲ្យយើងគិតឡើងវិញពីវិធានការថ្មីដ៏សំខាន់»។
កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធារួមគ្នា ខណៈដែលអំពាវនាវឲ្យកូរ៉េខាងជើងចូលរួមក្នុងការចរចានុយក្លេអ៊ែរថ្នាក់ការងារ៕