លោក Donald Trump Jr បានផ្សព្វផ្សាយរមណីយដ្ឋានពីររបស់គ្រួសារលោក ត្រាំ ស្ថិតក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ និងបានបដិសេធការចោទប្រកាន់ទាក់ទងនឹងទំនាស់ផលប្រយោជន៍ ដែលថា អាណាចក្រជំនួញសកលលោករបស់អង្គការ Trump បន្តបង្កើតទំនាស់ផលប្រយោជន៍សម្រាប់រដ្ឋបាលឪពុករបស់លោក។
លោក Donald Trump Jr. កំពុងតែប្រកូកប្រកាសថា គម្រោងលំនៅដ្ឋានពីររបស់លោក នៅក្នុងប្រទេសឥណ្ឌូណេស៊ី ថាជា «គម្រោងឋានសួគ៌» បើទោះបីជាវាហាក់ដូចជាមិនសូវធំដំទេឥឡូវនេះក៏ដោយ។
លោក Donald Trump Jr ប្រធានអង្គការ Trum បាននិយាយថា៖ «ខ្ញុំរីករាយណាស់ដែលបានមកទីនេះ និងបានមកឃើញគម្រោងដ៏ប្លែក និងអស្ចារ្យទាំងពីរនេះ ដែលនឹងត្រូវសាងសង់រួចតំណាលគ្នាក្នុងពេលឆាប់ៗនេះ»។
លោក Trump Jr មានវត្តមាននៅក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃអង្គារ ដើម្បីផ្សព្វផ្សាយគម្រោងលំនៅដ្ឋានប្រណីតនៅលើកោះ Lido ខេត្ត West Java និង កោះ Bali។ គម្រោងទាំងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន MNC Land ដែលជាកម្មសិទ្ធិរបស់ លោក Hary Tanoesoedibjo មហាសេដ្ឋីជំនួញ និងជាស្ថាបនិកនៃគណបក្ស Perindon ដែលមានន័យថា គណបក្សឯកភាព ដែលជាគណបក្សស្ដាំនិយមរបស់ឥណ្ឌូណេស៊ី ដែលបានប្រកាសថា លោកប្រធានាធិបតី Donald Trump គឺជាមិត្តភក្ដិរបស់លោក។
លោក Tanoesoedibjo និងភរិយារបស់លោក អ្នកស្រី Liliana គឺជាភ្ញៀវពិសេសរបស់ ពិធីសម្ពោធរបស់លោក Trump Jr។
ទំនាក់ទំនងពាណិជ្ជកម្មសកលរបស់គ្រួសារត្រកូល Trump បានបង្កឲ្យមានការព្រួយបារម្ភពីសក្ដានុពលនៃការរំលោភច្បាប់ក្រមសីលធម៌វិជ្ជាជីវៈដែលហាមមិនឲ្យមន្ត្រីរដ្ឋាភិបាលទទួលអំណោយបរទេស។ រដ្ឋបាលលោក Trump អះអាងថា ពួកមិនរំលោភច្បាប់នេះទេ ដរាបណាមិនមានការតបស្នងសគុណ។ ប៉ុន្តែអ្នកវិភាគមួយចំនួនបាននិយាយថា អ្នកបង្កើតច្បាប់នេះកំណត់អត្ថន័យច្បាប់ក្រមសីលធម៌ទូលំទូលាយជាងនេះ។
លោក Jeremy Venook អ្នកវិភាគមកពីមជ្ឈមណ្ឌលវឌ្ឍនភាពអាមេរិកបាននិយាយថា៖ «អ្វីដែលអ្នកបង្កើតច្បាប់នេះ ព្យាយាមជៀសវាងនោះគឺមិនត្រឹមតែសគុណនោះទេ។ ពួកគេព្យាយាមបញ្ចៀសកុំឲ្យលោក ត្រាំ គិតថា "ប្រទេសឥណ្ឌូណេស៊ី ខ្ញុំចូលចិត្តប្រទេសឥណ្ឌូណេស៊ី ពីព្រោះខ្ញុំបានធ្វើជំនួញនៅទៅនោះ។ ខ្ញុំគួរតែពិចារណាឲ្យបានល្អិតល្អន់អំពីផលប្រយោជន៍របស់ឥណ្ឌូណេស៊ី នៅពេលខ្ញុំកំពុងរៀបចំគោលនយោបាយរបស់ខ្ញុំ”»។
លោក Trump Jr ច្រានចោលការចោទប្រកាន់នេះ ដោយប្រើពាក្យថា «ល្ងីល្ងើ»។
លោក Donald Trump Jr ប្រធានអង្គការ Trump បាននិយាយថា៖ «ខ្ញុំចង់លុបបំបាត់រឿងមិនសមហេតុផលម្ដងឲ្យអស់តែម្ដងនៅទីនេះ»។
នៅពេលឈ្នះតំណែងជាប្រធានាធិបតី លោកប្រធានាធិបតី ត្រាំ បដិសេធកាត់ផ្ដាច់ការពាក់ព័ន្ធជាមួយអង្គការ Trump ប៉ុន្តែបានសន្យាថា អង្គការនេះនឹងមិនចុះកុងត្រាថ្មីណាមួយជាមួយបរទេសឡើយ ក្នុងអំឡុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតី។ យ៉ាងណាក៏ដោយ ពាក្យថាកុងត្រាថ្មីជាមួយបរទេស ពិបាកឲ្យនិយមន័យណាស់។
ក្រុមហ៊ុន MNC បានជួលក្រុមហ៊ុនសំណង់ POSCO E&C ដែលភាគហ៊ុនមួយផ្នែកនៃក្រុមហ៊ុននេះកាន់កាប់ដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូង ដើម្បីអភិវឌ្ឍទីក្រុង Lido ដែលរួមមានទីលានវាយកូនហ្គោល និងសណ្ឋាគារ Trump ផងដែរ។
កាលពីខែឧសភា ក្រុមហ៊ុន MNC បានប្រកាសថា ខ្លួនបានជួលក្រុមហ៊ុនសំណង់ចិន ដើម្បីសាងសង់ឧទ្យានកម្សាន្តមួយនៅក្នុងទីក្រុង Lido ដែលគម្រោងនោះអាចត្រូវបានចិនជាអ្នកវិនិយោគ។
លោក Hary Tanoesoedibjo ម្ចាស់ក្រុមហ៊ុន MNC បាននិយាយថា៖ «គម្រោងនេះធ្វើឡើងដោយក្រុមការងាររបស់ខ្ញុំ ប៉ុន្តែខ្ញុំឈប់ធ្វើវាវិញ។ ដូច្នេះឧទ្យានកម្សាន្តនេះមិនពាក់ព័ន្ធជាមួយអង្គការ Trump ឡើយ។ យើងត្រូវតែបញ្ជាក់ឲ្យច្បាស់អំពីរឿងនេះ»។
ការបំពេញទស្សនកិច្ចរបស់លោក Trump Jr ធ្វើឡើងចំពេលដែលមន្ត្រីឥណ្ឌូណេស៊ី កំពុងព្រួយបារម្ភអំពីការកំណត់គោលដៅដោយ ក្រុមអ្នកប្រកាន់នយោបាយការពារនិយមរបស់លោក ត្រាំ ខណៈពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងបន្ត។ នៅក្នុងឆ្នាំ២០១៨ ប្រទេសឥណ្ឌូណេស៊ីមានថវិកាពាណិជ្ជកម្មហួសតម្រូវការចំនួនប្រមាណ៨.៣០០លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា