លោក ត្រាំ មិន​គិត​ថា​លោក គីម ជុងអ៊ុន កំពុង​លេង​សើច​នោះ​ទេ

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (ស្ដាំ) និង​លោក​ស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​២៧ មេសា ២០១៨។

លោកប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ​ មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​មេ​ដឹកនាំ​កូរ៉េខាង​ជើង​លោក គីម ជុងអ៊ុន​ នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ។

ដោយ​បាន​ថ្លែង​នៅ​ឯ​សេតវិមាន​ជាមួយ​នឹង​វត្តមាន​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merke លោក ត្រាំ​ បាន​និយាយ​ថា «ខ្ញុំ​មិន​គិត​ថា​លោក គីម​ កំពុង​លេង​សើច​នោះ​ទេ។ មិន​ដែល​បាន​មក​ដល់​ជំហាន​នេះ​ទេ»។

កាល​ពី​ថ្ងៃសុក្រ​ លោក គីម​ បាន​ក្លាយ​ជា​មេដឹកនាំ​កូរ៉េ​ខាងជើង​ដំបូង​ ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង​ នៅ​ពេល​លោក​ដើរ​ឆ្លងកាត់​ព្រំដែន​ទៅ​ចាប់​ដៃ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក ​Moon Jae-in។

មេ​ដឹកនាំ​ទាំងពីរ​បាន​យល់​ព្រម​ធ្វើការ​រួម​គ្នា​ដើម្បី​លុប​ចោល​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​ពី​ឧបទ្ទីប​កូរ៉េ​ទាំងមូល។ ពួកគេ​ក៏​បាន​សច្ចា​ថា​នឹង​បន្ត​កិច្ចចរចា​ដែល​នឹង​នាំ​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ។

ប្រទេស​កូរ៉េ​ខាងជើង​ធ្លាប់​បាន​ប្តេជ្ញាចិត្ត​ស្រដៀង​គ្នា​នេះ​កាល​ពី​ពេល​កន្លង​ទៅ​ អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត។ នៅ​ពេល​សួរ​ថា​តើ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្រុងព្យូងយ៉ាង​នៅ​ពេល​នេះ​ ជា​ការ​ពិត​ដែរ​ឬទេ? លោក ត្រាំ​ បាន​ឆ្លើយ​ថា «យើង​នឹង​មិន​ឲ្យ​គេ​បោក​បញ្ឆោត​នោះ​ទេ»។

លោក ត្រាំ​ បាន​និយាយ​បន្ថែម​ថា «រដ្ឋបាល​នេះ​មិន​ដូច​រដ្ឋបាល​ពេល​មុន​ទេ។ យើង​មិន​លេង​សើច​នោះ​ទេ។ រដ្ឋបាល​មុនៗ​បណ្តោយ​ឲ្យ​គេ​កេង​ចំណេញ​ពី​អាមេរិក» ។ កិច្ចប្រជុំ​កំពូល​នេះ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​កិច្ចប្រជុំ​ដែល​អាច​កើត​ឡើង​រវាង​លោក គីម និងលោក ត្រាំ​ បាន​បង្ហាញ​ពី​ការ​វិវត្ត​គួរ​ឲ្យ​កត់សម្គាល់​ ផ្ទុយ​ពីអ្វី​ដែល​មនុស្ស​ជាច្រើន​ធ្លាប់​បាន​គិត​ពី​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​នោះ។

លោក ត្រាំ​ បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​កូរ៉េខាង​ជើង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នោះទេ។

លោក​បាន​និយាយ​ថា​ ក្រុមមន្រ្តី​កំពុង​ពិចារណា​អំពី​ទីតាំង​ប្រជុំ​ពីរបី​កន្លែង​ ប៉ុន្តែ​លោក​មិន​បាន​និយាយ​អំពី​ឈ្មោះ​ទីតាំង​ទាំង​នោះ​ទេ៕