ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ Trump ពី​តំណែង​បង្ហាញ​ពី​ការ​បែកខ្ញែក​​​នយោបាយ​យ៉ាង​ស៊ីជម្រៅ

​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឆ្លើយសំណួរពីអ្នកសារព័ត៌មាននៅកន្លែងសម្រាកលំហែកាយ Mar-a-Lago ក្នុងក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ឆ្នាំ​២០១៩​នឹង​ត្រូវ​បាន​គេ​ចងចាំ​ថា​ជា​ឆ្នាំ​មួយ​ដែល​រដ្ឋសភា​សហរដ្ឋអាមេរិក​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ម្នាក់​ពី​តំណែង​ជា​លើក​ទី​បី​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

ខណៈ​ដែល​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ដែល​មាន​សមាជិក​ភាគច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ​មិន​ទំនង​ជា​នឹង​ដក​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ពី​តំណែង​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នោះ​ទេ ជម្លោះ​របស់​អ្នក​តំណាងរាស្ត្រ​ជុំវិញ​ការ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​បង្ហាញ​នូវ​ការ​បែកខ្ញែក​យ៉ាង​ស៊ីជម្រៅ ដែល​កំពុង​តែ​ផ្លាស់ប្ដូរ​ការ​ពិភាក្សា​អំពី​នយោបាយ​នៅ​ក្នុង​សហរដ្ឋអាមេរិក។

ការ​បោះឆ្នោត​ដ៏​សំខាន់​បំផុត​ដែល​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អាច​ប្រកាស​បាន គឺ​ជា​ការ​បោះឆ្នោត​ដែល​ធ្លាប់​មាន​តែ​ប្រធានាធិបតី​អាមេរិកមុន​លោក ដូណាល់ ត្រាំ ចំនួន​ពីរ​នាក់​ប៉ុណ្ណោះ​បាន​ប្រឈម។ ​

អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖ «ការ​ពិត​មិន​អាច​ប្រកែក​បាន។ លោក​ប្រធានាធិបតី​បាន​រំលោភ​បំពាន​អំណាច​របស់​លោកដើម្បី​ផល​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន និង​ខូចខាត​ដល់​សន្ដិសុខ​ជាតិ​របស់​យើង ដោយ​លោក​បានផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន និង​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​នៅ​សេតវិមាន​របស់​ប្រធានាធិបតី ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការ​ប្រកាស​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​គូប្រជែង​នយោបាយ​របស់​លោក‍»។

ប៉ុន្តែ​ការពិត​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា រវាង​លោក ត្រាំ ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelinskiy ដែល​បង្ក​ឲ្យ​រដ្ឋសភា​បើក​ការ​ស៊ើបអង្កេត​រយៈពេល​បី​ខែ និង​ការ​ផ្ដល់​សក្ខីកម្ម​ជា​សាធារណៈ​ចំនួន​៨០​ម៉ោង​នៅ​តែ​ត្រូវ​បាន​ជជែក​ដេញដោល​យ៉ាង​ខ្លាំងក្លា។ នៅ​ទីបំផុត ក៏​មាន​ការ​ចោទប្រកាន់​លោក​ប្រធានាធិបតី ត្រាំ នូវ​បទ​ចោទ​ចំនួន​ពីរ​ ដែល​ថា​ លោក​បាន​បំពាន​អំណាច​ខ្លួន​ឯង និង​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋសភា​ក្នុង​ការ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​រូប​លោក។

​លោក John Lewis អ្នក​តំណាងរាស្ត្រ ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖ «ប្រទេស​របស់​យើង​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្រោម​គោលការណ៍​ដែល​ថា យើង​មិន​មាន​ស្តេច​ទេ។ យើង​មាន​តែ​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ។ ហើយ​រដ្ឋធម្មនុញ្ញ​របស់​យើង​គឺ​ជា​ត្រីវិស័យ​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​យើង។ នៅ​ពេល​ដែល​យើង​មើល​ឃើញ​អ្វី​មួយ​មិន​ត្រឹមត្រូវ មិន​យុត្តិធម៌ យើង​មាន​កាតព្វកិច្ចខាង​សីលធម៌​ក្នុងការ​និយាយ​អ្វី​មួយ ឬ​ធ្វើ​អ្វី​មួយ‍»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អះអាង​ថា លោក ត្រាំ ធ្វើ​ឲ្យ​ខូចខាត​ដល់ប្រជាធិបតេយ្យ​របស់​អាមេរិក​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០២០។ ​

លោក Adam Schiff អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​លះបង់​ផលប្រយោជន៍​របស់​យើង សន្ដិសុខ​ជាតិ​របស់​យើង ដើម្បី​ការ​បោះឆ្នោត​របស់​លោក មាន​ន័យ​ថា លោក​កំពុង​តែ​លះបង់​ប្រទេស​របស់​យើង​សម្រាប់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​លោក។ អ្វី​ដែល​ជា​ហានិភ័យ​នៅ​ទីនេះ​គឺ​ថា គំនិត​នៃ​អត្តសញ្ញាណ​របស់អាមេរិក​តែ​ម្តង ​ដែល​ថា យើង​ជា​ប្រជាជាតិនៃ​ច្បាប់ (នីតិរដ្ឋ) មិន​មែនប្រជាជាតិ​របស់បុគ្គល​ណា​ម្នាក់​នោះ​ទេ‍»។ ​

សេតវិមាន​បាន​បញ្ចេញ​សេចក្ដីសង្ខេប​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ​របស់​លោក ត្រាំ កាល​ពី​ចុង​ខែ​កញ្ញា កន្លង​ទៅ​នេះ ក្រោយ​ពី​មាន​ពាក្យ​បណ្ដឹង​ពី​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ម្នាក់​អំពី​ការ​ប្រព្រឹត្ត​របស់​លោក​ប្រធានាធិបតី។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​បកស្រាយ​ខុសគ្នា​យ៉ាង​ខ្លាំង​រវាង​សេតវិមាន​និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ។

លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ថា៖ «ខ្ញុំ​ត្រូវ​ស៊ូទ្រាំ​ជាមួយ​នឹង​លោក Adam Schiff (ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ) ចំពោះ​រឿង​សន្ទនា​តាម​ទូរស័ព្ទ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ទៅ​កាន់​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​អ៊ុយក្រែន។ វា​គឺ​ជា​ការ​សន្ទនា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ‍»។ ​

សមាជិក​គណបក្ស​សាធារណរដ្ឋ​ក៏​បាន​តវ៉ា​ចំពោះ​របៀប​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យបាន​ធ្វើ​ការ​ស៊ើបអង្កេត​នេះ​ដែរ។

សមាជិក​គណបក្ស​សាធារណរដ្ឋ​នៅ​តែ​មូលមតិ​គ្នា​ការពារ​ប្រធានាធិបតី​របស់​ពួកគេ ដោយ​អះអាង​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ព្យាយាម​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ​២០១៦។

លោក Steve Scalise អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា៖ «សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ស្អប់​ប្រជាពលរដ្ឋ​ទាំង​៦៣​លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតីត្រាំ‍»។

វោហារសាស្ត្រ​ធ្ងន់ៗ បង្ហាញ​នូវ​ចំណុច​របត់​មួយ​ដ៏​គួរ​ឲ្យ​បារម្ភនៅ​ក្នុង​ការ​ជជែក​ដេញដោល​នយោបាយ​របស់​សហរដ្ឋអាមេរិក។

អ្នកស្រី Jennifer Victor នៃ​សាកលវិទ្យាល័យ George Mason បាន​ថ្លែង​ថា៖ «យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ការ​បែកខ្ញែកតាម​និន្នាការ​គណបក្ស​នយោបាយ​ខ្លាំង​ណាស់។ ការ​បែកខ្ញែក​គ្នានេះពិត​ជា​ប៉ះពាល់​ដល់​អ្វី​ដែល​កំពុង​តែ​កើតឡើង​ជាមួយ​នឹង​ការ​ចោទប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង។ ខ្ញុំ​គិត​ថា យើង​មិន​ដែល​ឃើញ​មាន​ការ​បែកខ្ញែក​គ្នា​របៀប​នេះ​នៅ​ក្នុងអំឡុង​ពេល​នៃ​ការ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​មុនៗ​ពី​តំណែង​ទេ សូម្បី​តែ​ជាមួយ​នឹង​លោក Bill Clinton និង​លោក Richard Nixon ក៏​ដោយ​(ក៏​មិន​មាន​ដែរ)»។

នៅ​ទី​បំផុត ការ​ជជែក​ដេញដោលគ្នាខាង​នយោបាយ​នេះ មិន​បាន​ផ្លាស់ប្ដូរ​គំនិត​របស់​អ្នក​តំណាងរាស្ត្រ ឬ​មតិ​សាធារណជន​ប៉ុន្មាន​ទេ ដូចដែល​ការ​ស្ទង់​មតិបាន​បង្ហាញ​ស្រាប់។ ការ​បោះឆ្នោត​សម្រេច​ចុងក្រោយ​ទៅ​លើ​ការ​ចោទប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​ ធ្វើ​ឡើង​ស្ទើរ​តែតាម​និន្នាការគណបក្ស​នយោបាយ​នីមួយៗ​ទាំងស្រុង។ ស្ថានភាព​នេះ​នឹងរៀប​ចំ​ឲ្យ​មាន​ស្ថានភាព​ជម្លោះ​នយោបាយ​កាន់​តែ​ខ្លាំងក្លា​នៅ​ដើម​ឆ្នាំ​ក្រោយ ទាក់ទិន​នឹង​សវនាការ​ជំនុំ​ជម្រះ​លោក ត្រាំ នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា