គ្រូគង្វាលជនជាតិអាមេរិកាំងម្នាក់ដែលទើបត្រូវបានដោះលែងដោយតួកគីបន្ទាប់ពីការជាប់ឃុំរយៈពេល២ឆ្នាំ បានលុតជង្គង់នៅជាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនៅក្នុងការិយាល័យរាងពងក្រពើកាលពីថ្ងៃសៅរ៍ម្សិលមិញ នាពេលថ្ងៃត្រង់ហើយបានធ្វើការបួងសួងឲ្យប្រធានាធិបតី ត្រាំ។
លោក Andrew Brunson ជាអ្នកប្រៀនប្រដៅក្នុងសាសនាគ្រិស្តនិកាយ Evangelical ក៏បានសម្តែងនូវការដឹងគុណចំពោះការដាក់គំនាបយ៉ាងខ្លាំងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកលើប្រទេសតួកីដើម្បីឲ្យលោកបានទទួលការដោះលែងនេះ។
លោក Brunson ដែលមានវត្តមានជាមួយក្រុមគ្រួសាររបស់លោកបាននិយាយថា «ជាពិសេស យើងសូមថ្លែងអំណរគុណដល់រដ្ឋបាលរបស់សហរដ្ឋអាមេរិក។ លោកបានប្រយុទ្ធយ៉ាងពិតប្រាកដដើម្បីយើង»។
លោកប្រធានាធិបតី ត្រាំ ក៏បានថ្លែងអំណរគុណប្រធានាធិបតីតួកគីលោក Recep Teyyip Erdogan ចំពោះការដោះលែងលោក Brunson ដោយនិយាយថា មិនមានការបង់ប្រាក់លោះទេ។
នៅពេលសួរដោយ VOA កាលពីថ្ងៃសុក្រ ថាតើមូលហេតុអ្វីដែលនាំឲ្យមានការដោះលែងលោក Brunson នោះ ប្រធានាធិបតី ត្រាំ បានឆ្លើយនៅឯចំណតយន្តហោះក្រុង Cincinnati នៃរដ្ឋOhio ថា៖ «យើងបាននិយាយជាមួយតួកគី ហើយលោកបានឆ្លងកាត់ប្រព័ន្ធតួកគី ហើយយើងអាចយកលោកចេញពីទីនោះបាន។ យើងបានព្យាយាមយកលោកចេញពីទីនោះជាយូរយាណាស់មកហើយ»។
ការដោះលែងលោក Brunson បង្ហាញនូវការបញ្ចប់ជម្លោះខាងការទូតដ៏ល្វីងជូរចត់រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងអង់ការ៉ា។ លោក Brusnon ត្រូវប្រឈមការជាប់គុក៣៥ឆ្នាំ ប្រសិនបើលោកមានទោសពីបទចោទប្រកាន់ភេរវកម្មនិងចារកម្ម ការចោទប្រកាន់ទាំងនេះត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហៅថា គ្មានហេតុផលត្រឹមត្រូវ៕