​ការ​ចូលរួម​របស់​លោក ត្រាំ​ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​​នឹង​ផ្ញើ​សារ​ជា​និមិត្តរូប​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​នេះ

ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ជួប​ជាមួយក្រុម​សម្តែង​ដែល​ហែហម​ប្រធានាធិបតី​ចិនលោក Xi Jinping នៅ​ពេល​ពួក​គេ​ទស្សនា​ក្រុម​សម្តែង​ល្ខោន​អូប៉េរ៉ា កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។

ការ​ចូល​រួម​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ នៅ​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដ៏​សំខាន់​មួយ​នៅ​សប្ដាហ៍​ក្រោយ​នេះ នឹង​ជួយ​លើក​កិត្តិនាម​របស់​លោក​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំង​នោះ។

​មន្ត្រី​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ​នៅ​មាន​គំនិត​ស្រពិច​ស្រពិល​អំពី​គោល​នយោបាយ​របស់​លោក នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​ជា​តំបន់​ដែល​រង​នូវ​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

លោក ត្រាំ​ នឹង​បន្ត​ស្នាក់​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ​រហូត​ដល់​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​នានា​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​កំពូលៗ​ចំនួន ១៨ រូប មក​ពី​ក្នុង​តំបន់ ដែល​មាន​ប្រជាជន​ជាង​ ៤៥០០​លាន​នាក់​រស់​នៅ​នេះ ​ដែល​ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​រុស្ស៊ី​ផង​ដែរ។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា វត្តមាន​របស់​លោក ត្រាំ​ នឹង​ក្លាយ​ជា​សារ​មួយ​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យក​ចិត្ត​ទុកដាក់​ចំពោះ​ទ្វីប​អាស៊ី ​យ៉ាង​ហោច​ណាស់​ក្នុង​លក្ខណៈ​ជា​និមិត្តរូប​ផង​ដែរ។

បណ្ដា​មេដឹកនាំ​នៅ​ទ្វីប​អាស៊ី​បាន​រង់ចាំ​តាំង​ពី​លោក ត្រាំ​ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​កាល​ពី​ខែ​មករា​មក ដើម្បី​ចាប់ផ្ដើម​ការ​ចរចា​ពាណិជ្ជកម្ម​ណា​មួយ ដែល​នឹង​ជំនួស​ឲ្យ​ការ​ដក​ខ្លួន​ចេញ​របស់​សហរដ្ឋ​អាមេរិក​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម TPP ដែល​មាន​ប្រទេស​ចំនួន ១២ ជា​សមាជិក និង​ដើម្បី​បញ្ជាក់​ថា​តើ​លោក​នឹង​បន្ត​នូវ​គោល​នយោបាយ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ទោះបីជា​មាន​ការ​ប្រឆាំង​ពី​ប្រទេស​ចិន​ក៏​ដោយ។

លោក Le Hong Hiep អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន ISEAS Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «ប្រសិន​បើ​លោក ត្រាំ​ អាច​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា នោះ​ការ​ចូលរួម​នេះ​នឹង​ផ្ញើ​សារ​ដ៏​មុតមាំ​មួយ​ទៅ​កាន់​តំបន់​ទាំង​មូល​ថា សហរដ្ឋ​អាមេរិក ជាពិសេស​រដ្ឋបាល​របស់​លោក ត្រាំ​ នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាង​កើត​នេះ ហើយ​វា​អាច​បង្កើន​ជំនឿ​ទុក​ចិត្ត​បាន​ទៀត​ផង»៕