ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ប្រទេស​កូរ៉េ​ខាងជើង​ និង​ ពាណិជ្ជកម្ម​ ជា​រឿង​២​សំខាន់ៗ​នៅ​ក្នុង​របៀបវារៈ​របស់​លោក​ត្រាំ​អំ​ឡុង​ពេល​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-In នៅ​វិមាន​ប្រធានាធិបតី Blue House ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-In នៅ​វិមាន​ប្រធានាធិបតី Blue House ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ នឹង​ធ្វើ​ទសន្សកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ​ ដែល​ចិន​ជា​ប្រទេស​សំខាន់​មួយ​ក្នុង​ដំណើរ​ទស្សនសកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី។​ នៅ​អំឡុងពេល​ទស្សនកិច្ច​របស់​លោក​ក្នុង​​ប្រទេស​ចិន​ បញ្ហា​ពាណិជ្ជកម្ម​និង​ បញ្ហា​កូរ៉េ​ខាងជើង​ ត្រូវ​គេ​រំពឹង​ទុក​ថា​ស្ថិត​នៅក្នុង​របៀប​វារៈ​កំពូល​របស់​លោក។​ ក្រុម​មន្ត្រី​ចិន​ មាន​ការ​ជឿ​ទុក​ចិត្ត​យ៉ាង​ខ្លាំង​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​អាច​ផ្តល់​នូវ​លទ្ធផល​សំខាន់​ៗ​មួយចំនួន​ ក៏ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​នៅ​ប្រទេស​ចិន​ បាន​ថ្លែង​ថា​ វា​នឹង​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​យុទ្ធសាស្ត្រ​របស់​លោក​ត្រាំ​ដែរ។​

មាន​ការ​ប្រែ​ប្រួល​ច្រើន​បន្ទាប់​ពីជំនួប​ជា​លើក​ដំបូង​រវាង​លោក​ប្រធានាធិបតី​ ត្រាំ និង​លោក​ប្រធានា​ធិបតី​ប្រទេស​ចិន​ ស៊ី​ ជីនពីង​ (Xi Jinping)នៅ​រដ្ឋ​ Florida​ កាលពី​ដើម​ឆ្នាំ​នេះ ហើយ​ក៏​នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​មិន​ទាន់​ប្រែ​ប្រួល។​

ពាណិជ្ជកម្ម​នៅ​តែ​ជា​បញ្ហា​ដ៏​ធំ​មួយ។ នៅ​ពីរ​បី​ថ្ងៃ​មុន​ពេល​ចេញ​ដំណើរ​ទស្សនកិច្ច​ លោក​ ត្រាំ​បាន​ថ្លែង​ថា​ ឱន​ភាព​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ចិន​ គឺ​ជា​រឿង​គួរឲ្យ​អាម៉ាស​ និង​ មាន​សភាព​អាក្រក់។

បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។​ អំឡុង​ពេល​ទស្សនកិច្ចលោក​ប្រធានាធិបតី​ ត្រាំ​ នឹង​ព្យាយាម​ដាក់​សម្ពាធដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ឲ្យ​ធ្វើ​កិច្ចការ​ច្រើន​ជាង​មុន​ទៀត​ ដើម្បី​ជះ​ឥទ្ធិពល​ទៅលើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ (Pyongyang)។

ក៏ប៉ុន្តែ​ អ្នកវិភាគ​មួយចំនួន​ថ្លែង​ថា​ អ្វីដែល​ចិន​នឹងធ្វើ​នៅ​មាន​កម្រិត​ ខណៈ​ដែល​យើង​សម្គាល់​ឃើញ​ថា​ ចិន​បាន​គាំទ្រ​រួច​ទៅ​ហើយ​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​មួយ​ចំនួន​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​នាពេល​កន្លងមក។​

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សកល​វិទ្យាល័យ​ RENMIN UNIVERSITY)​ លោក​ SHI YINHONG​ បាន​និយាយថា៖ «ប្រទេស​ចិន​ អាច​ផ្តល់​សម្បទាន​ពាណិជ្ជកម្ម​មក​លោក​ ត្រាំ​ខ្លះៗ​ បើ​ទោះ​ជា​សម្បទាន​ពាណិជ្ជកម្ម​ទាំងនោះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ប៉ុន្តែ​វា​នៅ​តែ​ច្រើន​គួរសម​ដែរ ដែល​នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​ឡើយ»។​

លោក​ ស៊ី​ ជីនពីង ដែល​ថ្មីៗ​នេះ​ត្រូវបាន​គេ​តែងតាំង​ជា​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​ជាងគេ​បន្ទាប់​ពី​ មេដឹកនាំ​ ម៉ៅ​ សេទុង (Mao Zedong)​ នឹង​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ​ ហើយ​បង្ហាញ​ពិភពលោក​ថា​ លោក ជា​មេដឹកនាំ​ពិភពលោក​ដ៏​ជោគជ័យ​ម្នាក់។

លោក​ SHI YINHONG​ បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រទេស​ចិន​ក៏​ចង់​បញ្ចុះ​បញ្ចូល​លោក​ ត្រាំ​ កុំ​ឲ្យ​ដាក់​ការ​គំរាមកំហែង​ខាង​យោធា​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ខ្លាំង​ពេក​ និង​ ឥត​ឈប់ឈរ​ ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​រឹតតែ​ជំរុញ​ឲ្យ លោក​ Kim Jong Un​ ងាក​មក​បង្កើន​សកម្មភាព​នុយក្លេអ៊ែ​ និង​ មីស៊ីល​កាន់​តែ​ច្រើន​ឡើង»។

នៅ​លើ​ដង​វិថី​របស់​ទី​ក្រុង​ប៉េ​កាំង​ មនុស្ស​ជា​ច្រើន​នាក់ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​ការ​គំ​រាម​កំហែង​ពី​ប្រទេស​កូរ៉េ​ខាង​ជើងមក​លើ​ ប្រទេស​ចិន​ និង​ តំបន់​របស់​ខ្លួន។

បុគ្គលិក​ហិរញ្ញវត្ថុ​ម្នាក់​ឈ្មោះ​ LIU​ និយាយ​ថា៖ «បើ​សិន​ជា​អាច​ យើង​គួរ​តែ​ប្រើ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​សន្តិភាព​ទៅ​ទប់ទប់​ជាមួយ​លោក​ Kim Jung Un​ ក៏ប៉ុន្តែ​បើ​សិន​ជា​លោក​ នៅ​តែ​បន្ត​បង្ក​រឿង​នៅ​ក្នុង​ពិភព​លោក​ និង​ប្រើ​កម្លាំង​មក​បំផ្លាញ​អ្នក​ដ៏​ទៃ​ទៀត​ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ប្រើ​កម្លាំង​ដើម្បី​បំផ្លាញ​លោក​វិញ»។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ សម្រាប់​មនុស្ស​ភាគ​ច្រើន​ បញ្ហា​គោល​នយោបាយ​អន្តោប្រវេសន៍​ និង​ ការ​ផ្តល់​ទិដ្ឋការ​របស់​សហរដ្ឋ​អាមេរិក​នៅក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រាំ​ គឺ​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​សម្រាប់​ពួកគេ​ ហើយ​អ្នកខ្លះ​សង្ឃឹម​ថា​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ធ្វើឲ្យ​បញ្ហា​នេះមាន​ភាព​ប្រសើរ​ឡើង​វិញ។

និស្សិត​សកល​វិទ្យាល័យ​ម្នាក់​ នាង​ ZHANG​ បាន​និយាយ​ថា៖​ «មិត្ត​រួម​ថ្នាក់​ខ្ញុំ​ជាច្រើន​នាក់​ដែល​បាន​ចេញ​ពី​ប្រទេស​ ហើយ​មាន​បំណង​ចង់​រស់នៅ​ ឬ បន្ត​ការងារ​នៅ​សហរដ្ឋ​អាមេរិក​ ប្រាកដ​ជា​ពិបាក​សម្រេច​បំណង​ទាំងអស់​នេះ ប្រសិន​បើ​លោក​ ត្រាំ​ ជ្រើសរើស​អនុវត្ត​គោល​នយោបាយ​ដែល​មិន​ស្វាគមន៍​ជន​បរទេស​នោះ»។

បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​ឈ្មោះ​ HAO​ ថ្លែងថា៖ «ខ្ញុំ​គិត​ថា​មនុស្ស​ជា​ច្រើន​ចង់​ឃើញ​គោល​នយោបាយ​ផ្តល់​ទិដ្ឋាការ​មាន​ភាព​ធូរ​រលង់​ជាង​មុន។ មនុស្ស​ជា​ច្រើន​ចង់​ទៅ​សហរដ្ឋអាមេរិក។​ សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់»។

អ្នក​រាយ​ការណ៍​ពត៌មាន​ឲ្យ VOA​ ប៉ុន្មាន​នាក់​បាន​ថ្លែង​ និង​ រំពឹង​ថា​នឹង​មាន​ការ​ដោះស្រាយ​អំ​ពី បញ្ហា​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ ឬ​ដំណោះ​ស្រាយ​ចំពោះ​ភាព​ខុសគ្នា​រវាង​ប្រទេស​ទាំង​២​ឲ្យ​បាន​ឆាប់ៗ​នៅ​ពេល​ខាង​មុខ​នេះ។​ ឆ្លើយ​តប​ទៅ​នឹង​អាត្ថាធិប្បាយ​របស់​លោក​ត្រាំ​អំពី​ឱនភាព​ពាណិជ្ជកម្ម​ កាល​ពី ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន​ ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​គ្មាន​ចេតនា​ធ្វើ​ឲ្យមាន​គម្លាត​ដ៍​ធំ​នេះ​ទេ៕

ប្រែសម្រួលដោយ លឹម ហ្គេចហៀង

XS
SM
MD
LG