ប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បាននិយាយថា លោកប្រកាសភាពអាសន្ននៅទូទាំងប្រទេស ដោយយកមកប្រើនូវច្បាប់ Stafford Act ដែលអនុញ្ញាតឱ្យមានជំនួយច្រើនជាងមុនពីរដ្ឋាភិបាលសហព័ន្ធទៅឱ្យពពួករដ្ឋនិងទីក្រុងដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគវីរុសកូរ៉ូណា។
លោកប្រធានាធិបតីបាននិយាយកាលពីរសៀលថ្ងៃសុក្រនៅក្នុងសន្និសីទកាសែតមួយតាមទូរទស្សន៍ផ្សាយនៅទូទាំងប្រទេសពីសួនផ្កាកុលាបនៃសេតវិមានថា «យើងនឹងយកជ័យជម្នះលើការគំរាមកំហែងដោយមេរោគវីរុសនេះ»។
លោក ត្រាំ បានប្រកាសភាពមានអាសន្ននៅទូទាំងប្រទេស៥ដងរួចមកហើយ ហើយលោកបានរងការគាបសង្កត់ពីក្រុមប្រជាធិបតេយ្យដែលជាក្រុមប្រឆាំងកាលពីប៉ុន្មានថ្ងៃមុននេះឱ្យលោកចាត់វិធានការបែបនេះនៅពេលដែលពួកអភិបាលរដ្ឋនិងពួកអភិបាលក្រុងនៅទូទាំងស.រ.អា.បានប្រកាសភាពមានអាសន្នដោយបញ្ជាឱ្យមានការលុបចោលការប្រមូលផ្តុំសាធារណៈនិងការបិទសាលារៀន។
សកម្មភាពរបស់លោកប្រធានាធិបតីនឹងបើកប្រាក់រាប់សិបពាន់លានដុល្លារពីមូលនិធិជួយសង្គ្រោះគ្រាមានមហន្តរាយ។ វិធានការនេះអនុញ្ញាតឱ្យរដ្ឋមួយសុំដល់រដ្ឋាភិបាលសហព័ន្ធឱ្យបង់ការចំណាយ៧៥ភាគរយនៃចំណាយនានាដូចជាពួកអ្នកធ្វើការនៅពេលមានអាសន្ន, ការផ្គត់ផ្គង់ឧបករណ៍ពេទ្យ, ការធ្វើតេស្ត និងការចាក់ថ្នាំដើម្បីទប់ទល់នឹងមេរោគវីរុសនេះដែលអ្នកជំនាញខាងជំងឺឆ្លងខ្លះព្រមានថា អាចច្រើនលើសលប់លើប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេស។
លោក ត្រាំ បាននិយាយថា៖ «រដ្ឋទាំងអស់ត្រូវបង្កើតមជ្ឈមណ្ឌលកិច្ចប្រតិបត្តិការគ្រាមានអាសន្នជាបន្ទាន់ហើយមន្ទីរពេទ្យទាំងអស់ត្រូវតែអនុវត្តផែនការកិច្ចប្រតិបត្តិការគ្រាមានអាសន្នរបស់ពួកគេ»៕