ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump​ សន្យា​ថា ​នឹងផ្តល់ «ជំនួយ​ច្រើន​ក្រាស់ក្រែល» ដល់​អ្នកជំនួញ​និង​​បុគ្គល​នៅពេល​មាន​ការ​រាលដាលមេរោគ​វីរុស​កូរ៉ូណា


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump អង្គុយស្តាប់អំឡុងពេលកិច្ចប្រជុំមួយស្តីពីវីរុសកូរ៉ូណា នៅសេតវិមាន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ប្រធានាធិបតី​អាមេរិកលោក​ Donald Trump ជួបជាមួយ​ពួកមេដឹកនាំ​សភា​អាមេរិកកាលពី​រសៀល​ថ្ងៃ​អង្គារដើម្បី​ពិភាក្សា​គ្នា​អំពីការ​កាត់បន្ថយ​ពន្ធដារជាផ្នែក​មួយ​នៃកិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​ផ្តល់ «ជំនួយច្រើនក្រាស់ក្រែល» ដល់អ្នកជំនួញនិង​បុគ្គល​ដែលទទួលផលអាក្រក់​ខាងហិរញ្ញវត្ថុជា​លទ្ធផល​នៃការ​រាលដាល​មេរោគ​វីរុសកូរ៉ូណា។

លោក Trump បាននិយាយ​ប្រាប់​ក្រុមអ្នកកាសែត​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​នៅក្នុងបន្ទប់សម្រាប់​ធ្វើសន្និសិទ​កាសែត​នៅ​ក្នុង​សេតវិមានថា «យើង​ក៏នឹង​និយាយ​អំពី​ពួកអ្នកមានប្រាក់បៀវត្សរ៍ប្រចាំម៉ោងដើម្បី​កុំឱ្យ​ពួក​គេ​ខាត​បង់ប្រាក់ខែ​ដោយ​ធ្វើការ​ឱ្យ​ក្រុមហ៊ុនទាំង​តូចទាំង​ធំ​និង​ក្រុមហ៊ុនជា​ច្រើនដែលពួក​គេមិនត្រូវ​ដាក់ពិន័យ​ដោយសារ​អ្វី​ដែល​មិន​មែន​ជា​កំហុស​របស់ពួកគេ»។

នៅពេល​ដែល​តម្លៃ​ភាគហ៊ុនបានចុះថ្លៃ​កាលពី​ថ្ងៃ​ចន្ទ​នៅពេលមានសង្គ្រាម​តម្លៃប្រេង​និងវិបត្តិមេរោគវីរុសកូរ៉ូណា លោក​ Trump បានជួបជាមួយទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក​ ដោយ​មានរួមបញ្ចូល​ទាំង​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុដែល​បង្ហាញ​លោកអំពី​ជម្រើសគោលនយោបាយដើម្បី​ទប់ទល់នឹងការគំរាមកំហែងដែល​លេចឡើងយ៉ាងលឿនដល់​សេដ្ឋកិច្ច។​

លោក Mnuchin បានទស្សន៍​ទាយ​ថា «សេដ្ឋកិច្ចនឹង​មា​នស្ថានភាពល្អ​ក្នុង​ពេល​មួយ​ឆ្នាំចាប់តាំងពី​ពេលនេះទៅ»។ លោក​បានឆ្លើយនឹងសំណួររបស់ក្រុម​អ្នកកាសែត​ជាមួយ​លោកអនុប្រធានាធិបតី Mike Pence នៅ​ក្រោយលោក Trump បានបង្ហាញខ្លួនក្នុងពេល​ខ្លីនៅក្នុង​បន្ទប់សម្រាប់ធ្វើសន្និសីទ​កាសែត។

លោក Trump បានប្រកាស​ថា​ នឹងមានការធ្វើសន្និសិទកាសែត​មួយនៅ​ឯសេតវិមាននៅថ្ងៃអង្គារ​ដែល​ផ្តោត​ការយក​ចិត្តទុកដាក់លើ​វិធានការសេដ្ឋកិច្ច៕

XS
SM
MD
LG