លោក Donald Trump ដែលបានត្រូវសន្មតថាជាអ្នកទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ បានត្អូញត្អែរថាសមាជិកខ្លះនៃគណបក្សសាធារណរដ្ឋកំពុងខិតខំព្យាយាមបង្អាក់ការប្រកាសជាផ្លូវការដើម្បីតែងតាំងលោកជាបេក្ខជនប្រធានាធិបតីរបស់គណបក្សនេះនៅក្នុងមហាសន្និបាតជាតិរបស់គណបក្សនៅខែក្រោយ។
ប្រតិភូខ្លះដែលនឹងចូលរួមក្នុងមហាសន្និបាតនេះនៅក្នុងក្រុង Cleveland រដ្ឋ Ohio នាប៉ែកកណ្តាលខាងលិចស.រ.អា.និយាយថា ពួកគេចង់កែប្រែបទបញ្ញត្តិរបស់គណបក្សដើម្បីអនុញ្ញាតឱ្យក្រុមប្រតិភូអាចបោះឆ្នោតឱ្យនរណាម្នាក់ក្រៅពីមហាសេដ្ឋីអចលនទ្រព្យរូបនេះ ដែលទើបតែបានឈ្នះបេក្ខជន១៦នាក់ទៀតរបស់គណបក្សសាធារណរដ្ឋនៅក្នុងការប្រកួតប្រជែងតាមរដ្ឋនីមួយៗ។ ការឈ្នះនេះបានផ្តល់ឱ្យលោកនូវចំនួនប្រតិភូច្រើនជាងគេដែលសន្យាថា នឹងគាំទ្រលោកនៅក្នុងមហាសន្និបាតជាតិរបស់គណបក្ស។
ក៏ប៉ុន្តែពួកអ្នកប្រឆាំងនឹងលោក Trump បាននិយាយថាលោក Trump ដែលធ្លាប់ធ្វើជាអ្នករៀបចំកម្មវិធីជីវិតពិតតាមទូរទស្សន៍មិនតំណាងគោលជំហរអភិរក្សនិយមតាមប្រពៃណីនៃគណបក្សសាធារណរដ្ឋទេ ហើយថាអត្ថាធិប្បាយហួសប្រមាណរបស់លោកអំពីស្ត្រី អំពីពួកអ្នកគោរពសាសនាឥស្លាម អំពីជនជាតិម៊ិកស៊ិក បានធ្វើឱ្យលោកមិនបានប្រព្រឹត្តតាមស្តង់ដាររបស់គណបក្សសាធារណរដ្ឋទេ។
ពួកអ្នកបង្អាប់លោក Trump ក៏បានចង្អុលបង្ហាញអំពីការស្ទង់មតិជាតិកាលពីពេលថ្មីៗនេះដែលបង្ហាញថា អ្នកបោះឆ្នោតភាគច្រើនមិនពេញចិត្តនឹងលោកទេ ហើយថាលោកស្រីអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton នាំមុខលោក Trump ក្នុងពេល៥ខែមុនការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ៕