ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump រិះគន់​កិច្ច​គ្រប់គ្រង​ការប្រើប្រាស់​កាំភ្លើង លោកអូបាម៉ា និង​លោកស្រី Clinton នៅ​ក្នុង​ការប្រជុំ​អ្នកគាំទ្រ​


បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយនៅក្នុងការប្រជុំអ្នកគាំទ្រមួយនៅទីក្រុង Houston រដ្ឋតិចសាស។
បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយនៅក្នុងការប្រជុំអ្នកគាំទ្រមួយនៅទីក្រុង Houston រដ្ឋតិចសាស។

បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​គេ​សន្មត​ថា​នឹង​ទទួល​បាន​ការតែងតាំង​ពី​គណបក្ស បាន​ប្រើប្រាស់​ពាក្យ​ប្រមាថ​នៅ​ក្នុង​ការប្រជុំ​អ្នកគាំទ្រ​មួយ​នៅ​រដ្ឋ​តិចសាស កាល​ពី​យប់​ថ្ងៃ​សុក្រ ដើម្បី​ពណ៌នា​ខ្មាន់កាំភ្លើង​ឈ្មោះ Omar Mateen ដែល​បាន​បើកការបាញ់ប្រហារ​នៅ​ឯ​ក្លឹបរាត្រី​មួយ​ក្នុង​ទីក្រុង Orlando រដ្ឋ Florida។ ហេតុការណ៍​បាញ់​ប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​៤៩​ស្លាប់​និង​របួស​ជាច្រើន​នាក់​ទៀត។ ​

លោក Donald Trump ក៏​បាន​ថ្លែង​ប្រាប់​ដល់ហ្វូងអ្នកគាំទ្រ​លោកថា ​លទ្ធផល​នៃ​ហេតុការណ៍​នោះ​នឹង​ខុស​ពី​នេះ​ប្រសិន​បើ​អ្នកយាមកាម​មាន​ប្រដាប់​ដោយ​អាវុធ​នោះ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «ប្រសិន​បើ​មនុស្ស​ទាំង​នោះ​មាន​កាំភ្លើង​នៅ​ជាប់​ចង្កេះ​ឬ​កជើង​របស់​ពួកគេ ហើយ​មនុស្ស​ចង្រៃ​ម្នាក់​នោះ​លេច​មុខ​មក​និង​ចាប់​ផ្តើម​បាញ់ប្រហារ នោះ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ​ដែល​មាន​កាំភ្លើង​នឹង​អាច​ធ្វើ​ការ​បាញ់​ប្រហារ​តប​ទៅ​វិញ។ ប្រសិន​បើ​ដូច្នេះ​មែន ទិដ្ឋភាព​នោះ​ប្រាកដជា​មានភាព​អស្ចារ្យ​ខ្លាំង​ណាស់។»​

លោក Trump ក៏​បាន​រិះគន់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែល​បាន​ស្នើ​ឲ្យ​មាន​ការដាក់កម្រិត​ទៅ​លើ​ការប្រើប្រាស់​កាំភ្លើង បន្ទាប់​ពី​មាន​ការសម្លាប់​រង្គាល​នៅ​ទីក្រុង Orlando រួច​មក។ លោក Trump បាន​និយាយ​ថា «លោក​ប្រធានាធិបតី​អូបាម៉ា កំពុង​តែ​ព្យាយាម​ធ្វើឲ្យ​អំពើ​ភេរវកម្ម​ទៅជា​រឿង​កាំភ្លើង។ វា​មិនមែន​ជា​រឿង​កាំភ្លើង​ទេ។ មិនមែន​ទេ។ តាមពិត​វា​ជា​ការពង្វក់។ វា​ជា​ការ​ស្អប់។ វា​ជា​ការស្អប់ខ្ពើម​ដ៏​ជ្រាលជ្រៅ។» ​

លោក Trump ក៏​បាន​ដៀមដាម​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ។ លោក​បាន​ថ្លែង​ប្រាប់​អ្នកគាំទ្ររបស់​លោក​ថា លោកស្រី Hillary Clinton ចង់​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ចូល​មក​កាន់​សហរដ្ឋអាមេរិក​ពី​បណ្តា​ប្រទេស​ដែល​ចង់​សម្លាប់​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ពួកគេ​យក​ស្រ្តី​ធ្វើ​ជា​ទាសករ ចំណែក​ឯ​លោកស្រី Hillary Clinton ចង់​ឲ្យ​ពួកគេ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក។ ​

មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​លោក Trump បន្ធូរបន្ថយ​ការប្រើប្រាស់​វោហារស័ព្ទ​ស្អប់ខ្ពើម​របស់​ខ្លួន ប៉ុន្តែ​លោក Trump បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ៕

XS
SM
MD
LG