ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី Clinton និង​លោក Sanders ជួប​គ្នា​ប្រកប​ដោយ​ភាព​វិជ្ជមាន​ នៅ​ពេល​រដូវ​កាល​បោះឆ្នោត​បឋម​បាន​ចប់


រដូវ​កាល​បោះឆ្នោត​បឋម​ ដើម្បី​ជ្រើសរើស​បេក្ខជន​តំណាង​គណបក្ស​សម្រាប់​ប្រកួត​យក​តំណែង​ប្រធានាធិបតី​អាមេរិក បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ នៅ​គ្រា​ដែល​លោកស្រី Hillary Clinton (ខាងឆ្វេង) បាន​យក​ជ័យ​ជម្នះ​លើ លោក Bernie Sanders នៅ​ក្នុង​ការបោះឆ្នោត​បឋម​ក្នុង​រដ្ឋធានី​សហរដ្ឋអាមេរិក​​។

រដូវ​កាល​បោះឆ្នោត​បឋម​ ដើម្បី​ជ្រើសរើស​បេក្ខជន​តំណាង​គណបក្ស​សម្រាប់​ប្រកួត​យក​តំណែង​ប្រធានាធិបតី​អាមេរិក បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ នៅ​គ្រា​ដែល​លោកស្រី Hillary Clinton បាន​យក​ជ័យ​ជម្នះ​លើ លោក Bernie Sanders នៅ​ក្នុង​ការបោះឆ្នោត​បឋម​ក្នុង​រដ្ឋធានី​សហរដ្ឋអាមេរិក​។

បេក្ខជន​ទាំង​ពីរ​រូប បាន​ជួប​ពិភាក្សា​គ្នា​អំពី​អ្វី​មួយ​ដែល​ពួកគេ ហៅ​ថា ជា​ការ​ពិភាក្សា​ដ៏​វិជ្ជមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ស្រី គ្លីនតុន បាន​ក្លាយ​ជា ​បេក្ខជន​ដែល​គេ​សន្មត​រួច​ជា​ស្រេច​ថា​ជា​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ការ​បោះឆ្នោត​ជ្រើសរើស​លោកស្រី ជា​ផ្លូវ​ការ ត្រូវ​គេ​គ្រោង​ធ្វើ​នៅ​ឯ​សន្និបាត​គណបក្ស ក្នុង​រដ្ឋ Philadelphia នៅ​ខែ​ក្រោយ​នេះ។

ចំណែក​ឯ​ លោក Sanders បាន​ខ្នះខ្នែង​ជម្នះ​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក ​ដើម្បី​រក​សំឡេង​គាំទ្រ​ ទោះបីជា​លោក​ត្រូវ​ដេញ​តាម​ពី​ក្រោយ​លោកស្រី គ្លីនតុន នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​អស់​រយៈពេល​ជាច្រើន​ខែ​មក​នេះ​ក៏​ដោយ។

ការ​ជម្នះ​របស់​លោក Sanders បាន​ធ្វើ​ឲ្យ​រូបលោក មាន​ឥទ្ធិពល​ខ្លះដែរ​ ទៅលើ​គោលនយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ។

ក្រុម​រៀបចំ​យុទ្ធនាការ​របស់​លោក​និង​លោកស្រី Clinton បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​មែនទែន ក្រោយ​ពី​ការ​ជួប​គ្នា​រវាង​បេក្ខជន​ទាំង​ពីរ​រូប​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តែ​មួយ​នេះ។

សេច​ក្តី​ថ្លែងការណ៍​នោះ បាន​រៀបរាប់​ថា លោកស្រី Clinton និង​លោក​Sanders បាន​ពិភាក្សា​បញ្ហា​ជា​អាទិភាព​រួម​ ដូចជា​ ការ​ដំឡើង​ប្រាក់កម្រៃ​ដល់​កម្មករ នយោជិក និង​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត ហើយ​និង​ការ​ធ្វើ​ឲ្យ​ការ​អប់រំ​នៅ​ថ្នាក់​ឧត្ដមសិក្សា​ មាន​តម្លៃ​សមរម្យ​ ដែល​និស្សិត​អាច​បង់​បាន​ជាដើម។

លោកស្រី Clinton និង​លោក​Sanders ​ក៏​បាន​លើកឡើងផង​ដែរ​អំពី ​«ការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់ ដែល​លោក​Donald Trump បាន​ធ្វើ​ចំពោះ​ប្រជាជាតិ​អាមេរិក »។

នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​នេះ លោក​ស្រី Clinton ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ ចំនួន​៧៨ភាគរយ ធៀប​ទៅ​នឹង​លោក Sanders ដែល​ទទួល​បាន​ ២១​ភាគរយ។

ការណ៍​នេះ បាន​ផ្ដល់​ឲ្យ​លោកស្រី គ្លីនតុន នូវ​ចំនួន​ប្រតិភូ​សរុប ២២១៩។​ ចំណែក​លោក Sanders វិញ ទទួល​បាន​ចំនួន​ប្រតិភូ ១៨៣២។

លោកស្រី Clinton នៅ​មិន​ទាន់​ទទួល​បាន​ចំនួន​ប្រតិភូ​ភាគច្រើន​ដាច់ខាត គឺ​ចំនួន​២៣៨៣​ប្រតិភូ ដើម្បី​ក្លាយ​ជា​បេក្ខជន​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ លោក​ស្រី ទទួល​បាន​ការ​គាំទ្រ ពី​ប្រតិភូ​អង្គ​បោះឆ្នោត​ពិសេស​ឬ superdelegates រាប់រយ​នាក់ ដែល​នឹង​រុញ​លោកស្រី ឡើង​ដល់​លំដាប់​កំពូល​នៅ​ក្នុង​ពេល​សន្និបាត​របស់គណបក្ស​ប្រជាធិបតេយ្យ៕

XS
SM
MD
LG