វេទិកាបានត្រូវរៀបចំស្រេចហើយសម្រាប់អ្វីដែលអាចជាពេលវេលាសំខាន់មួយនៅក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០១៦នេះនៅពេលដែលលោក Donald Trump បេក្ខជនប្រធានាធិបតីអាមេរិកាំងខាងគណបក្សសាធារណរដ្ឋ និងជាមហាសេដ្ឋីអចលនទ្រព្យដែលនិយាយអ្វីមិនបានគិតគូរស្រួលបួល និងលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យដែលជាអតីតរដ្ឋមន្ត្រីការបរទេស នឹងជជែកដេញដោលគ្នាចំនួន៩០នាទីនៅយប់ថ្ងៃចន្ទតាមពេលវេលាក្នុងតំបន់ខាងកើតស.រ.អា.។
បេក្ខជនទាំងពីរនាក់នេះមានការប្រកួតប្រជែងប្រកិតគ្នាណាស់នៅទូទាំងប្រទេសអាមេរិក ដោយការស្ទង់មតិនយោបាយបានបង្ហាញថា លោកស្រី Clinton នាំមុខលោក Trump តែបន្តិចប៉ុណ្ណោះ។
សម្រាប់ប្រជារាស្ត្រអាមេរិកាំងរាប់លាននាក់ដែលបើកទូរទស្សន៍មើលការជជែកដេញដោលគ្នានេះ វាជាលើកដំបូងហើយដែលពួកគេអាចឃើញបេក្ខជនទាំងពីរនាក់នេះនៅទល់មុខគ្នានៅលើវេទិកាតែមួយ ពួកគេអាចវិនិច្ឆ័យអំពីគោលជំហររបស់បេក្ខជនទាំងពីរនាក់នេះអំពីបញ្ហាសំខាន់ៗដែលប្រទេសប្រឈមជាមួយ ពួកគេអាចស្ទង់ប៉ាន់មើលអំពីប្រតិកម្មរបស់បេក្ខជនទាំងពីរនាក់នេះដល់ការនិយាយឡកឡឺយដាក់គ្នាទៅវិញទៅមក ហើយពួកគេអាចប្រមើលមើលក្នុងចិត្តអំពីបេក្ខជនម្នាក់ក្នុងបណ្តាបេក្ខជនទាំងពីរនាក់នេះថាជាប្រធានាធិបតីទី៤៥របស់ប្រទេសអាមេរិកក្នុងរយៈពេលបួនឆ្នាំខាងមុខ។
ការជជែកដេញដោលគ្នាពីរលើកទៀតរវាងលោក Trump និងលោកស្រី Clinton នឹងប្រព្រឹត្តទៅក្នុងខែតុលា ក៏ប៉ុន្តែការជជែកដេញដោលទល់មុខគ្នាលើកទីមួយនេះគឺស្ថិតនៅក្នុងការឃោសនាបោះឆ្នោតប្រធានាធិបតីបួនឆ្នាំម្តងដែលជាធម្មតាទាក់ទាញអ្នកមើលច្រើនបំផុត។ពួកមន្ត្រីឧស្សាហកម្មទូរទស្សន៍ខ្លះបានទស្សន៍ទាយថា មានមនុស្ស១០០លាននាក់នឹងមើលការជជែកដេញដោលគ្នានៅថ្ងៃចន្ទនេះ តាមពេលវេលានៃប៉ែកខាងកើតប្រទេសអាមេរិក។
ការជជែកដេញដោលគ្នានេះនឹងប្រព្រឹត្តទៅនៅឯសាកលវិទ្យាល័យ Hofstra នៅខាងក្រៅបូរីញូវយ៉ក ហើយនឹងមានធ្វើក្នុងពេល៦សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីស.រ.អា.នៅថ្ងៃទី៨ខែវិច្ឆិកា ដើម្បីជ្រើសរើសអ្នកបន្តតំណែងពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលនឹងចាកចេញពីតំណែងក្នុងខែមករាខាងមុខនេះ៕