លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយថា លោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិនទេ ប្រសិនបើវាមិនមែនជា «កិច្ចព្រមព្រៀងល្អទេនោះ»។
ប្រធានាធិបតី ត្រាំ បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃសុក្រ នៅពេលដែលលោកបានចេញពីសេតវិមានធ្វើដំណើរទៅមើលការខូចខាតដោយព្យុះសង្ឃរា Tonado នៅក្នុងរដ្ឋអាឡាបាម៉ា ភាគខាងត្បូងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនិងចិនមានជម្លោះអំពីការយកពន្ធគយលើទំនិញចាប់តាំងពីឆ្នាំមុនមក។
សេតវិមានគ្រោងធ្វើជំនួបកំពូលរវាងប្រធានាធិបតីត្រាំនិងមេដឹកនាំចិន លោកស៊ី ជីងពីង នៅក្នុងរដ្ឋ Florida នៅចុងឆ្នាំនេះ។
លោកប្រធានាធិបតីត្រាំ និយាយថា៖ «ប្រសិនបើវាមិនមែនជាកិច្ចព្រមព្រៀងដ៏អស្ចារ្យទេ ខ្ញុំនឹងមិនធ្វើកិច្ចព្រមព្រៀងនោះទេ»។ បន្ទាប់មកលោកប្រធានាធិបតីនិយាយទៀតថា៖ «យើងនឹងធ្វើកិច្ចការបានល្អ ទោះបីមានឬក៏គ្មានកិច្ចព្រមព្រៀងនោះក៏ដោយ»។
ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បានចាប់ផ្តើមប៉ះពាល់ដល់ការរីកលូតលាស់សេដ្ឋកិច្ចរបស់ចិន។
ការនាំទំនិញចេញនិងចូលរបស់ចិន បានធ្លាក់ចុះយ៉ាងខ្លាំងជាងការរំពឹងទុកនៅក្នុងខែកុម្ភៈ។ នេះតាមទិន្ន័យដែលបានចេញផ្សាយកាលពីថ្ងៃសុក្រដោយក្រសួងគយរបស់ចិន។
ផលសល់ខាងពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិកបានធ្លាក់មកត្រឹម១៤,៧ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងខែមករាដែលមានចំនួន២៧,៣ពាន់លានដុល្លារ។ ការនាំចេញរបស់ចិនកាលពីខែកុម្ភៈបានធ្លាក់ចុះចំនួ២០,៧ភាគរយមកពីរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ហើយការនាំចូលបានធ្លាក់ចុះ ៥,២ ភាគរយមកពីដើមឆ្នាំទៅដែលមានចំនួនច្រើនជាងការរំពឹងទុក៕