គម្រោង​ថវិកា​របស់​លោក​ ត្រាំ​ បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​មួយ​ទៀត​ជាមួយ​សភា

លោក​ប្រធានាធិបតី​ ត្រាំ មើល​ទៅ​លោក Mick Mulvaney ​នាយក​ផ្នែក​ថវិកា ក្រោយ​ពេល​លោក​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយនៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​ នៅ​សប្តាហ៍​នេះ​នឹង​បង្ហាញ​ជា​សាធារណៈ​នូវ​គម្រោង​ថវិកា​ដែល​គេ​រំពឹង​ថា​នឹង​បង្កើន​ការ​ចាយ​វាយ​យ៉ាង​ច្រើន​ទៅ​លើ​វិស័យ​យោធា ​ខណៈ​ដែល​លោក​គ្រោង​នឹង​កាត់​បន្ថយ​ថវិកា​ចំណាយ​សម្រាប់​កម្មវិធី​នានា​របស់​រដ្ឋាភិបាល​សហព័ន្ធ។

សំណើ​ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​លម្អិត​បំផុត​ថា​តើ​លោក ត្រាំ​ មាន​បំណង​បន្ត​គោល​នយោបាយ​ដែល​លោក​ហៅ​ថា «ដាក់​អាមេរិក​ទីមួយ​‍» ដោយ​របៀប​ណា។

គម្រោង​ថវិកា​នេះ​ទំនង​នឹង​ប្រឈម​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​សភា ដែល​ក្រុម​តំណាងរាស្ត្រ​កំពុង​តែ​មាន​ទំនាស់​ជា​មួយ​នឹង​គ្នា​ស្រាប់​ទៅ​ហើយ​ ពាក់​ព័ន្ធ​នឹង​គម្រោង​ជំនួស​ច្បាប់​ធានា​រ៉ាប់​រង​សុខភាព​ជាតិ​ ដែល​បង្កើត​ឡើង​ដោយ​លោក​អតីត​ប្រធានាធិបតី អូបាម៉ា នោះ។

សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក ត្រាំ​ ជា​ច្រើន​គាំទ្រ​គម្រោង​របស់​លោក​ក្នុង​ការ​បង្កើន​ថវិកា​សម្រាប់​វិស័យ​យោធា ប៉ុន្តែ​ខុស​ពី​លោក ត្រាំ​ ពួក​គេ​មួយ​ចំនួន​ចង់​ឲ្យ​យក​ថវិកា​ដែល​បាន​មក​ពី​ពន្ធ​សន្តិ​សុខ​សង្គម (​Social Security) ​និង ពន្ធ​លើ​សុខុមាភាព (Medicare) ដែល​ជា​កម្មវិធី​ធំ​បំផុត​ពីរ​របស់​រដ្ឋាភិបាល​សហព័ន្ធ ជា​ជាង​កាត់​បន្ថយ​ថវិកា​ពី​ក្រសួង​នានា​របស់​រដ្ឋាភិបាល​សហព័ន្ធ។

ក្រុម​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​គម្រោង​ថវិកា​នេះ​ទាំង​មូល គឺ​ផែន​ការ​របស់​លោក​ក្នុង​ការ​កាត់​បន្ថយ​កម្មវិធី​របស់​រដ្ឋាភិបាល​ដែល​មាន​គោល​បំណង​ក្នុង​ការ​ការពារ​បរិស្ថាន​ និង​ជួយ​ដល់​ជន​ក្រីក្រ។

ក្រុម​តំណាង​រាស្ត្រ​នៅ​ក្នុង​គណបក្ស​ទាំង​ពីរ​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សំណើ​របស់​លោក ត្រាំ​ ក្នុង​ការ​កាត់​បន្ថយ​ថវិកា​របស់​ក្រសួង​ការបរទេស​ និង​ថវិកា​សម្រាប់​ផ្តល់​ជំនួយ​ទៅ​បរទេស។ ពួក​គេ​ថ្លែង​ថា វិធានការ​នេះ​នឹង​កាត់​បន្ថយ​ឥទ្ធិពល​របស់​អាមេរិក​នៅ​ក្រៅ​ប្រទេស៕