មេអំបៅ Monarch គឺជា ប្រភេទសត្វមួយក្នុងចំណោមប្រភេទសត្វមួយលានផ្សេងទៀតដែលកំពុងតស៊ូកុំឲ្យផុតពូជពីពិភពលោក។
លោកស្រី Pam Moe ដែលជាអ្នកស្ម័គ្រចិត្តសម្រាប់គម្រោងតាមដានដង្កូវមេអំបៅ Monarch បាននិយាយថា៖
«ខ្ញុំចាំនៅពេលដែលខ្ញុំធំឡើងនិងឃើញមេអំបៅនេះនៅគ្រប់ទីកន្លែងហើយឥឡូវយើងមិនឃើញពួកវានៅគ្រប់កន្លែងដូចមុនទៀតនោះទេ។ វាសនារបស់មេអំបៅ Monarch អាចនឹងធ្ងន់ធ្ងរជាងនេះទៀត»។
កាលពីដើមសប្តាហ៍នេះ រដ្ឋបាលលោក Trump បានប្រកាសបទបញ្ញតិ្តថ្មីដែលនឹងធ្វើឲ្យដំណើរការអនុវត្តច្បាប់ស្តីពីប្រភេទសត្វជិតផុតពូជចុះខ្សោយ ដែលអាចនឹងបន្ធូរបន្ថយច្បាប់រឹតបន្តឹងដែលឧស្សាហកម្មជីករករ៉ែ ប្រេង និងឧស្ម័នបានអះអាងថា រារាំងការវិនិយោគទុន។
នៅសប្តាហ៍នេះផងដែរ មានរដ្ឋនិងក្រុងចំនួន ២៩បានប្តឹងដើម្បីហាមឃាត់រដ្ឋបាលលោក Trump កុំឲ្យបន្ធូរបន្ថយច្បាប់រឹតបន្តឹងទៅលើរោងចក្រផលិតថាមពលធ្យូងថ្មដែលជាប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ការណ៍នេះគឺជា ដំណើរចុងក្រោយបង្អស់នៃសង្រ្គាមថាមពលធ្យូងថ្ម។
មូលនិធិការពារបរិស្ថានបានដឹកនាំក្រុមអ្នកការពារបរិស្ថាននិងសុខាភិបាលក្នុងការដាក់ពាក្យប្តឹងស្រដៀងគ្នានេះលើរដ្ឋបាលលោក Trump។
លោក Tomas Carbonell ដែលជាមេធាវីនៃមូលនិធិការពារបរិស្ថានបានមានប្រសាសន៍ថា៖
«ច្បាប់ស្តីពីរោងចក្រផលិតថាមពលស្អាតគឺជា ផ្នែកមួយនៃការវាយប្រហារជាប្រវត្តិសាស្ត្រនិងមិនដែលមានពីមុនមកទៅលើការការពារបរិយាកាសនិងខ្យល់ស្អាតក្រោមការដឹកនាំរបស់រដ្ឋបាលលោក Trump។
ពាក្យបណ្តឹងទាំងនេះខិតខំការពារច្បាប់ស្តីពីរោងចក្រផលិតថាមពលស្អាតដែលបានណែនាំដោយលោកប្រធានាធិបតី Obama នៅក្នុងឆ្នាំ២០១៥។ ច្បាប់នេះដាក់កំហិតទៅលើការបញ្ចេញឧស្ម័នកាបូនពីរោងចក្រផលិតថាមពលនៅទូទាំងប្រទេស។
លោក Obama បានថ្លែងនាពេលនោះថា៖
«ត្រឹមឆ្នាំ២០៣០ ផ្សែងបំពុលកាបូនដែលចេញពីរោងចក្រផលិតថាមពលរបស់យើងនឹងធ្លាក់មកត្រឹម៣២ភាគរយទាបជាងតួលេខកាលពីមួយទសវត្សរ៍មុន»។
កាលពីខែមិថុនាកន្លងទៅនេះ លោកប្រធានាធិបតី Trump បានជំនួសច្បាប់ស្តីពីរោងចក្រផលិតថាមពលស្អាតដោយច្បាប់ស្តីពីថាមពលស្អាតនិងចំណាយទាប។ ច្បាប់នេះអនុញ្ញាតឲ្យរដ្ឋទាំងអស់កម្រិតឧស្ម័នកាបូនរបស់ពួកគេដើម្បីជំរុញបង្កើនឧស្សាហកម្មធ្យូងថ្ម។ អ្នកវិភាគបានឲ្យដឹងថាច្បាប់ថ្មីនេះមិនអើពើនឹងការទទួលខុសត្រូវផ្នែកច្បាប់របស់រដ្ឋាភិបាលក្នុងការកម្រិតឧស្ម័នផ្ទះកញ្ចក់នោះទេ។
លោកប្រធានាធិបតី Trump បានឈរឈ្មោះម្តងទៀតសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ដែលលោកជាញឹកញយចាត់ទុកបញ្ហាបរិស្ថានថាកំពុងធ្វើឲ្យសេដ្ឋកិច្ចពិបាក។
លោកប្រធានាធិបតី Trump បានថ្លែងថា៖
«រាល់មេដឹកនាំនៃគណបក្សប្រជាធិបតេយ្យបានស្បថថានឹងលុបបំបាត់ថាមពលផូស៊ីលដែលនាំឲ្យបាត់បង់ការងាររាប់លានសម្រាប់ពលរដ្ឋអាមេរិកាំង បំផ្លិចបំផ្លាញសហគមន៍និងធ្វើឲ្យរោងចក្រ គ្រួសារនិងពលរដ្ឋចំណាស់ជាច្រើនមានការលំបាកនៅទូទាំងតំបន់»។
ប៉ុន្តែការស្ទង់មតិរបស់កាសែត Washington Post និងABC News កាលពីពេលថ្មីៗនេះបានបង្ហាញថា ៦២ភាគរយនៃពលរដ្ឋអាមេរិកាំងមិនគាំទ្រគោលនយោបាយរបស់លោក Trump លើបញ្ហាបម្រែបម្រួលអាកាសធាតុនោះទេ។
លោក Tomas Carbonell នៃមូលនិធិការពារបរិស្ថានបានមានប្រសាសន៍ថា៖
«តាមពិតទៅ ពលរដ្ឋអាមេរិកាំងពិតជាចង់បានខ្យល់ស្អាត ទឹកស្អាតនិងបរិយាកាសសុវត្ថិភាពមួយ ហើយពលរដ្ឋអាមេរិកាំងភាគច្រើនមិនចង់ឲ្យមានការដើរថយក្រោយទាំងអស់នោះកើតឡើងនោះទេ។ ដូច្នេះ រដ្ឋបាលលោក Trump កំពុងព្រងើយកន្តើយនឹងបំណងប្រាថ្នារបស់សាធារណជនក្នុងការបន្តទៅមុខជាមួយនឹងការដើរថយក្រោយទាំងអស់នេះ។ នៅក្នុងករណីជាច្រើន ពួកគេបា្រកដណាស់កំពុងព្រងើយកន្តើយនឹងបំណងប្រាថ្នារបស់ឧស្សាហកម្មដែលបានចុះបទបញ្ញតិ្តត្រឹមត្រូវ»។
ប៉ុន្តែនៅក្នុងរដ្ឋដែលផលិតថាមពលធ្យូងថ្មដូចជា West Virginia និង Wyoming គោលជំហររបស់លោក Trump ចំពោះបញ្ហាបរិស្ថានធ្វើឲ្យលោកទទួលបានការគាំទ្រជាច្រើន។ សំឡេងគាំទ្រលោក Trump នៅក្នុងរដ្ឋទាំងពីរនេះគឺខ្ពស់ជាងតួលេខមធ្យមជាតិ៕
ប្រែសម្រួលដោយកញ្ញា លី វួចនា