លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ ដែលមានការគាំទ្រតិចជាងគូប្រជែងរបស់លោកនៅក្នុងការឈរឈ្មោះដើម្បីតំណែងជាន់ខ្ពស់បំផុតក្នុងសេតវិមាន បានចោទប្រកាន់គូប្រជែងខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃចន្ទថាបានបង្កើតការស្ទង់មតិក្លែងបន្លំដើម្បីបន្ថយចំនួនការគាំទ្រលោកហើយធ្វើឱ្យឃើញថា លោកស្រី Clinton ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យមានការនាំមុខ។
លោក Trump បាននិយាយប្រាប់ពួកកសិករមួយចំនួននៅក្នុងរដ្ឋ Florida ដែលជារដ្ឋមានការប្រកួតប្រជែងខ្លាំងនៅក្នុងការបោះឆ្នោត ហើយជារដ្ឋដែលមានសារៈសំខាន់សម្រាប់លោកក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកា ថា «ការស្ទង់មតិទាំងនេះជាការស្ទង់មតិក្លែងបន្លំដែលខិតខំព្យាយាមបង្ក្រាបការបោះឆ្នោតរបស់យើង»។
លោក Trump បាននិយាយថា «យើងឈ្នះការបោះឆ្នោតនេះ។ ខ្ញុំមានជំនឿពិតប្រាកដថាយើងឈ្នះ»។ លោកបាននិយាយដូច្នេះមួយថ្ងៃក្រោយពីអ្នកស្រី Kellyanne Convey អ្នកចាត់ចែងការឃោសនាបោះឆ្នោតរបស់លោកបានទទួលស្គាល់ថាលោក Trump ឋិតពីក្រោយលោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.ដែលកំពុងស្វះស្វែងឱ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយរបស់ប្រទេសអាមេរិក។
កាលពីពេលមុននេះ លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យមិនធ្លាប់មានតំណែងសាធារណៈនោះបានរំឭកដាស់តឿនពួកអ្នកគាំទ្រលោកតាម Twitter ដោយលោកបាននិយាយថា «យើងនឹងឈ្នះហើយកាសែតប្រកែកមិនព្រមរាយការណ៍អំពីការឈ្នះនេះទេ។ ចូរកុំឱ្យពួកគេបំភាន់លោកអ្នក-សូមអញ្ជើញទៅបោះឆ្នោត»។
លោក Trump មិនបានបង្ហាញភ័ស្តុតាងអំពីការស្ទង់មតិក្លែងបន្លំដែលលោកអះអាងទេ ហើយការស្ទង់មតិមួយចំនួននៅក្នុងប្រទេសបង្ហាញថា លោកនៅពីក្រោយលោកស្រី Clinton ចំនួនប្រមាណ៦ភាគរយឬច្រើនជាងនេះ។ ការស្ទង់មតិធំមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយបណ្តាញទូរទស្សន៍អាមេរិកាំង ABC News បានបង្ហាញថា ការសម្ភាសន៍របស់ពួកគេជាមួយក្រុមអ្នកបោះឆ្នោតបានបង្ហាញថា លោកស្រី Clinton មានការគាំទ្រច្រើនជាងមុនកាលពីប៉ុន្មានថ្ងៃមុននេះដោយមាន៥០ភាគរយទល់នឹង៣៨ភាគរយ។
ចំណែកឯពួកអ្នកវិភាគអំពីការស្ទង់មតិនិយាយថា លោកស្រី Clinton មានឱកាសប្រមាណ៩ក្នុង១០ក្នុងការក្លាយទៅជាប្រធានាធិបតីទី៤៥របស់អាមេរិក៕