ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ​ថ្លែង​ថា​ លោក​នឹង​ទទួល​យក​លទ្ធផល​បោះឆ្នោត​ដែល​មាន​ភាព​ច្បាស់​លាស់


លោក Donald Trump ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​មួយ​នៅ Delaware County Fair កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្នុង​ក្រុង Delaware រដ្ឋ Ohio។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក​ Donald Trump បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ ដោយ​មាន​ការ​ដាក់​លក្ខខណ្ឌ។

«ខ្ញុំ​នឹង​ទទួល​លទ្ធផល​ដែល​ច្បាស់​លាស់​ ប៉ុន្តែ​ខ្ញុំ​ក៏​នឹង​រក្សា​សិទ្ធិ​របស់​ខ្ញុំ​ដើម្បី​ដាក់​ពាក្យ​តវ៉ា​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​ ប្រសិន​បើ​លទ្ធផល​នាំ​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ» នេះ​បើ​យោង​តាម​សម្តី​របស់​លោក​ Trump ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​លោក​ នៅ​កន្លែង​ឃោសនា​រក​សំឡេង​ឆ្នោត​មួយ​នៅ​ក្នុង​ទីក្រុង​ Delaware រដ្ឋ​ Ohio។​

ដំបូង​ឡើយ​លោក​ Trump បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​នឹង «ទទួល​យក​ទាំង​ស្រុង​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ប្រើ​សិន​បើ​លោក​ឈ្នះ» ប៉ុន្តែ​ក្រោយ​មក​លោក​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​លោក​ថា លោក​នឹង​ទទួល​ស្គាល់​ដោយ​រក្សា​សិទ្ធិ​ដើម្បី​ដាក់​ការ​តវ៉ា​ចំពោះ​លទ្ធផល​ឆ្នោត។

លោក​ Trump និង​ដៃ​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក​ស្រី​ Hillary Clinton កំពុង​តែ​បង្កើន​សន្ទុះ​នៃ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក Trump បាន​និយាយ​ឡើង​វិញ​ថា​ ដំណើរ​ការ​បោះឆ្នោត​មាន​ការ​លួយ​បន្លំ​ ដោយ​មិន​ព្រម​និយាយ​ថា​លោក​នឹង​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ទេ៕

XS
SM
MD
LG