ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ីរ៉ង់​រិះគន់​បេក្ខជន​ប្រធានាធិបតី​របស់​អាមេរិក


ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Hassan Rouhani ថ្លែង​ទៅ​កាន់​សាធារណ​ជន ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សកិច្ច​ទៅ​កាន់​ទីក្រុង​ Ark ប្រទេស​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃទី​២៣ ខែតុលា។
ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Hassan Rouhani ថ្លែង​ទៅ​កាន់​សាធារណ​ជន ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សកិច្ច​ទៅ​កាន់​ទីក្រុង​ Ark ប្រទេស​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃទី​២៣ ខែតុលា។

មេដឹកនាំ​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​បាន​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដោយ​មិន​បាន​គិត​ដល់​ថា​ ប្រទេស​របស់​ខ្លួន​កំពុង​តែ​មាន​បញ្ហា​សិទ្ធិ​មនុស្ស​ហើយ​ប្រជាជន​របស់​ខ្លួន​កំពុង​តែ​រស់​នៅ​រង​ទុក្ខ​វេទនា​ ហើយ​ថែម​ទាំង​ប្រើប្រាស់​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​គោល​បំណង​ឃោសនា​សំឡេង​គាំទ្រ​របស់​ខ្លួន​ទៅ​វិញ។

ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​ត្រូវ​បាន​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​ទីក្រុង​ Ark ​ប្រធានាធិបតី​អ៊ីរ៉ង់​ លោក​ Hassan Rouhani ​បាន​ថ្លែង​ថា​ លោក​មិន​ទំនោរ​ទៅ​លើ​ការ​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ ហើយ​ជម្រើស​ដែល​ពលរដ្ឋ​អាមេរិកាំង​មាន​នោះ​គឺ​រវាង​បេក្ខជន​អាក្រក់​ និង​បេក្ខជន​ដែល​អាក្រក់​ជាង​បេក្ខជន​ដែល​អាក្រក់​នោះ​ទៅ​ទៀត​ ដោយ​លោក​សំដៅ​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ដណ្តើម​តំណែង​ប្រធានាធិបតី​រវាង​លោកស្រី​ Hillary Clinton និង​លោក​ Donald Trump។

លោក​ Rouhani បាន​ចោទ​សួរ​ថា៖ «តើ​អ្នក​មាន​បាន​ទស្សនា​ការ​ជជែក​ដេញដោល ហើយ​និង​របៀប​ដែល​ពួក​គេ​និយាយ​ ការ​ដែល​ពួក​គេ​ចោទ​ប្រកាន់​និង​ឌឺ​ដង​ដាក់​គ្នា​ឬ​ទេ? តើ​ពួក​យើង​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​របៀប​នេះ​នៅ​ក្នុង​ប្រទេស​យើង​ឬ​យ៉ាង​ណា? តើ​ពួក​យើង​ចង់​បាន​ការ​បោះឆ្នោត​របៀប​ហ្នឹង​នៅ​ក្នុង​ប្រទេស​យើង​ដែរ​ឬ​យ៉ាង​ណា»? លោក​បាន​បន្ត​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៅ​លើ​សហរដ្ឋ​អាមេរិក​ ដោយ​បាន​លើក​ឡើង​ថា៖«អាមេរិក​អះអាង​ថា​ខ្លួន​មាន​លទ្ធិ​ប្រជាធិបតេយ្យ​តាំង​ពី​ជាង​២០០ឆ្នាំ​មុន​មក​ម្លេះ ប៉ុន្តែ​ស្ថាន​ភាព​បច្ចុប្បន្ន​បាន​បង្ហាញ​ថា ប្រទេស​នោះ​គ្មាន​សីលធម៌​នោះ​ទេ»។

លោក​ Rohani បាន​ថ្លែង​ក្នុង​អំឡុង​ពេល​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​កញ្ញា​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ចោទ​សួរ​លោក​ ថាតើ​លោក​មាន​ទំនោរ​ទៅ​លើ​បេក្ខជន​មួយ​ណា​ ហើយ​លោក​បាន​សួរ​តប​ទៅ​វិញ​ថា «តើ​លោក​គួរ​គាំទ្រ​បេក្ខជន​ដែល​អាក្រក់​ ឬ​បេក្ខជន​ដែល​អាក្រក់​ជាង​បេក្ខជន​ដែល​អាក្រក់​នោះ»?

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណៈរដ្ឋ​លោក​ Donald Trump ធ្លាប់​បាន​ថ្លែង​ថា​ លោក​នឹង​ហែក​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ជា​មួយ​នឹង​អ៊ីរ៉ង់​ចោល​ ហើយ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​ឆ្លើយ​តប​ទៅ​កាន់​លោក​ Trump ថា​ លោក​រីករាយ​នឹង​ដុត​កិច្ចព្រមព្រៀង​នោះ​ចោល​ប្រសិន​លោក​ Trump ចង់​ហែក​វា​ចោល៕

XS
SM
MD
LG