បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ដែលកំពុងតែមានជំនឿចិត្តថាលោកស្រីនឹងឈ្នះការបោះឆ្នោតធ្វើជាប្រធានាធិបតីបន្ទាប់នៅខែក្រោយនេះ ឥឡូវនេះលោកស្រីលែងខ្វាយខ្វល់ពីលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណៈរដ្ឋទៀតហើយ។ ប៉ុន្តែលោកស្រីកំពុងតែខិតខំប្រឹងប្រែងជ្រើសរើសសមាជិកខាងគណបក្សប្រជាធិបតេយ្យបន្ថែមទៀតទៅក្នុងសភាដើម្បីឲ្យពួកគេគាំទ្ររបៀបវារៈនិតិបញ្ញត្តិរបស់លោកស្រី។
«ខ្ញុំមិនទាំងបានគិតថានឹងឆ្លើយតបទៅកាន់លោក Trump ទៀតនោះទេ» នេះបើយោងតាមសម្តីលោកស្រី Clinton ដែលបានឆ្លើយទៅកាន់ពាក្យចំអកឡកឡឺយរបស់លោក Trump ដែលបាននិយាយទៅកាន់លោកស្រីថា លោកស្រីពុករលួយនិងមិនសាកសមកាន់កាប់សេតវិមាននោះ។
អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលកំពុងទន្ទឹមរង់ចាំក្លាយខ្លួនជាប្រធានាធិបតីស្ត្រីដំបូងរបស់អាមេរិកនោះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះយុទ្ធនាការរបស់លោកស្រីកាលពីល្ងាចថ្ងៃសៅរ៍ថា នៅ១៦ថ្ងៃចុងក្រោយមុននឹងឈានដល់ថ្ងៃបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា នោះ លោកស្រីគ្រោងនឹងសង្កត់បញ្ជាក់ពីសារៈសំខាន់នៃការជ្រើសតាំងសមាជិកគណបក្សប្រជាធិបតេយ្យចូលទៅក្នុងសភាដើម្បីដណ្តើមការគ្រប់គ្រងនៅក្នុងសភាមកវិញ ដែលគណបក្សសាធារណៈរដ្ឋឥឡូវនេះមានសំឡេងភាគច្រើនទាំងនៅក្នុងព្រឹទ្ធសភានិងរដ្ឋសភា។
លោកស្រី Clinton ដែលនាពេលឥឡូវនេះមានឱកាសឈ្នះការបោះឆ្នោតនេះ ៩០ភាគរយ យោងទៅតាមអ្នកវិភាគទៅលើការស្ទង់មតិនោះ បានផ្ទេរថវិការាប់លានដុល្លារពីយុទ្ធនាការរបស់លោកស្រីទៅកាន់រដ្ឋដែលជាទូទៅគណបក្សសាធារណៈរដ្ឋជាអ្នកឈ្នះនោះ ដើម្បីជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការពង្រីកការនាំមុខរបស់លោកស្រីលើលោក Trump ហើយនិងដើម្បីជួយដល់បេក្ខជននានារបស់គណបក្សប្រជាធិបតេយ្យឲ្យឈ្នះក្នុងការឈរឈ្មោះប្រឆាំងនឹងក្រុមតំណាងរាស្ត្រគណបក្សសាធារណៈរដ្ឋដែលកំពុងកាន់តំណែង។
ក្រុមអ្នកវិភាគបានថ្លែងថា គណបក្សប្រជាធិបតេយ្យប្រហែលអាចនឹងដណ្តើមការកាន់កាប់នៅក្នុងព្រឹទ្ធសភាបាន ប៉ុន្តែវាជាការលំបាកក្នុងការប្រជែងនៅក្នុងរដ្ឋសភាដែលគណបក្សសាធារណៈរដ្ឋកំពុងតែមានសំឡេងលើសលុបនោះ៕