លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានផ្តល់នូវសំណើការធ្វើកំណែទម្រង់អន្តោប្រវេសន៍ថ្មី ហើយបាននិយាយថា លោកនឹងកាត់បន្ថយពន្ធជនជាតិអាមេរិកាំងវណ្ណៈថ្នាក់កណ្តាលចំនួន៣៥ភាគរយក្នុងអំឡុងពេលនៃរយៈពេលមួយរយថ្ងៃនៃការកាន់ដំណែងរបស់លោក ប្រសិនបើលោកឈ្នះការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយនេះ។
លោក Trump ក៏បានប្រើប្រាស់សុន្ទរកថានយោបាយកាលពីថ្ងៃសៅរ៍ដោយនិយាយថា បន្ទាប់ពីការបោះឆ្នោត លោកនឹងប្តឹងស្រ្តីរាប់សិបនាក់ដែលបានចោទប្រកាន់លោកពីការបៀតបៀនផ្លូវភេទ។
លោកបានលើកឡើងពីការចោទប្រកាន់មិនត្រឹមត្រូវម្តងទៀតនៅក្នុងការពន្យល់ថាតើលោកនឹងដឹកនាំប្រទេសយ៉ាងដូចម្តេចប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនោះ ដោយបានប្រាប់ក្រុមអ្នកស្តាប់របស់លោកថា «គ្រប់ស្រ្តីទាំងអស់ និយាយភូតកុហក បញ្ហាទាំងនេះមិនដែលបានកើតមានឡើង ហើយពួកអ្នកភូតកុហកទាំងនោះ នឹងត្រូវរងការប្តឹងផ្តល់បន្ទាប់ពីការបោះឆ្នោត»។
ទោះយ៉ាងណាក៏ដោយ ស្រ្តីម្នាក់ទៀតបានធ្វើការលាតត្រដាងកាលពីថ្ងៃសៅរ៍ ដោយនិយាយថា លោក Trumpបានប្រព្រឹត្តអំពើគប្បីផ្នែកផ្លូវភេទជាមួយលោកស្រីកាលពី១០ឆ្នាំមុននៅពេលដែលលោកស្រីបានជួបលោកនៅកន្លែងវាយកូនគោលនៅឯ Lake Tahoe ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ លោកស្រី Jessica Drake ជាតារាភាពយន្ត បាននិយាយថា លោក Trump បានចាប់ទាញ ហើយថើបលោកស្រីដោយគ្មានការអនុញ្ញាតពីលោកស្រី ហើយក្រោយមកបានផ្តល់ប្រាក់ចំនួនមួយម៉ឺនដុល្លា និងឲ្យប្រើប្រាស់យន្តហោះឯកជនរបស់លោកប្រសិនបើលោកស្រីសុខចិត្តនៅជាមួយលោកពេលរសៀល។លោកស្រីបាននិយាយថា លោកស្រីបានបដិសេធសំណើរបស់លោក Trump៕