អង្គ​ជំនុំ​ជម្រះ​បឋម​រឿងក្តី​០០២​វគ្គ​ទី​២​ចាប់​ផ្តើម​នៅ​ចុង​ខែ​កក្កដា

ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ (ឆ្វេង) និង​នួន ជា (ស្តាំ)​អតីត​ប្រធាន​សភានៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​បើក​សវនការ​បឋម​លើ​សំណុំ​រឿង​០០២​វគ្គ​ទី​២​នៅ​ថ្ងៃ​ទី​ ៣០ ខែ កក្កដា ខាង​មុខ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ការ​កាត់​ទោស​អតីត​មេដឹកនាំ​កំពូល​នៃ​របប​ខ្មែរ​ក្រហម​នៅ​ជំហាន​ទី​២។

នួន ជា អតីត​ប្រធាន​សភានៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​និង​ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​នោះ​គឺ​ជា​ជនជាប់​ចោទ​ចាស់​ជរា​តែ​ពីរ​នាក់​គត់​ក្នុង​សំណុំ​រឿង​០០២ដែល​ស្ថិត​នៅ​ក្រោម​ការ​កាត់​ទោស។

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា សវនាការ​បឋម​នោះគឺ​ជា​សវនាការ​សម្រាប់កំណត់​ការ​រៀប​ចំ​ការ​កាត់ទោស​ពេញ​អង្គ​សេចក្តីក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី២​នេះ។

«ទី១​ទាក់ទង​នឹង​សំណង​រដ្ឋប្បវេណី។ ទី២​ទាក់ទង​នឹង​ផ្នែក​ច្បាប់​ផ្សេងៗ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​២​នេះ។ និងទី​៣​ទាក់ទង​នឹង​ការ​កំណត់​ចំនួន​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ អ្នក​ជំនាញនិង​សក្សី​សក្តានុពល​ដែល​នឹង​ត្រូវ​ឡើង​ផ្តល់​សក្ខីកម្មក្នុង​សវនាការ​លើ​អង្គ​សេចក្តី​នា​ពេល​ខាងមុខ»។

ដើម​បណ្តឹ​ង​រដ្ឋ​ប្បវេណី​សរុប​ក្នុង​សំណុំ​រឿង​០០២​មាន​ចំនួន​៣.៨៦៧​នាក់។ រីឯ​សក្សីនិង​អ្នក​ជំនាញ​ដែល​ស្នើ​ដោយ​ភាគី​នានា​មាន​ចំនួន​១.០៤៥​នាក់។ ប៉ុន្តែ​សក្សីនិង​អ្នក​ជំនាញ​មួយ​ចំនួន​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​សវនាការ​ក្នុង​ការ​កាត់​ទោស​លើក​ទី​១​នៃ​សំណុំ​រឿង​០០២​នេះ​រួច​ហើយ។

លោក នេត្រ ភក្ត្រា បញ្ជាក់​ថា សក្សី​មួយ​ចំនួន​ដែល​បាន​ផ្តល់​សក្ខី​កម្ម​រួច​ហើយ​នោះ​អាច​នឹង​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ឡើង​វីញ​តាម​សេចក្តី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។

កាលពី​ដើម​សប្តាហ៍​នេះ តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី អង្គភាព​គាំ​ពារ​ជន​រងគ្រោះ និង​អង្គភាព​សហ​មេធាវី​នាំមុខ បាន​បើក​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី​ការ​ទាមទារ​សំណង​សម្រាប់​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះ។ ប៉ុន្តែនៅ​មិន​ទាន់​មាន​ការ​សម្រេច​ស្នើ​សុំ​សំណង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ នៅ​ពេល​ដែល​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះ​ត្រូវ​រំពឹង​ថា អាច​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​២០១៤​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តីខ្មែរក្រហម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ការ​កាត់ទោស​សំណុំ​រឿង​០០២​វគ្គទី​២​នេះ​នឹង​ផ្តោត​លើ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ដែល​ទាក់ទង​នឹង​ការ​សម្លាប់ជនជាតិ​វៀតណាម​និង​ខ្មែរ​អ៊ីស្លាម ការសម្លាប់​រង្គាល និង​ការ​ដាក់​ប្រជាពល​រដ្ឋ​ខ្មែរ​ឲ្យ​ទៅ​ជា​ទាសករ ការ​ធ្វើ​ទារុណកម្ម ការ​ឃុំឃាំង ការ​រៀបការ​ដោយ​បង្ខំ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជាដើម។ នៅ​ក្នុង​នោះ​បទចោទ​ប្រកាន់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ទីរ​សន្តិសុខ ឬ​គុក​ចំនួន​បួន​និង​ការដ្ឋាន​ការងារ​ចំនួន​បី​រួម​ទាំង​សហករណ៍​ចំនួន​មួយ។

លោក ហុង គឹមសួន ប្រធាន​ស្តីទី​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​និង​ជា​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូប​រំពឹង​ថា សវនាការ​បឋម​នៅ​ចុង​ខែ​កក្កដា​នោះគឺ​ជា​ជំហាន​ចាប់​ផ្តើម​ការ​កាត់​ទោស​បន្ត​ក្នុង​សំណុំ​រឿង​០០២។

«សវនាការ​បឋម​នោះ​គឺ​មាន​ន័យ​ថា សវនាការ​សំណុំ​រឿង​០០២​វគ្គ២​នឹង​ចាប់ផ្តើម​ហើយ»។

ប៉ុន្តែ​លោក ស៊ុម រិទ្ធី គឺ​ជា​អតីត​អ្នក​ទោស​ក្នុង​គុក​មួយ​ក្នុង​ខេត្ត​សៀមរាប​ក្នុង​សម័យ​ខ្មែរក្រហម​និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប។ លោក ស៊ុម រិទ្ធី ស្វាគមន៍​ការ​រៀប​ចំ​ការ​កាត់ទោស​បន្ត​នេះ ប៉ុន្តែ​លោក​បារម្ភថា ជន​ជាប់​ចោទ​មិន​អាច​បន្ត​ចូល​រួម​សវនាការ​រហូត​ដល់​ចប់​បាន។

«ជន​ជាប់​ចោទ​ពីរ​នាក់​ហ្នឹង​មាន​វ័យ​កាន់តែ​ចាស់ ខ្លាច​មិន​ធានា​នៅ​រង់ចាំ​ការ​កាត់ទោស​វគ្គ​ទី​២​នេះ​បាន។ វគ្គ​២​នេះ​បើក​រយៈ​ពេល​យ៉ាង​តិច​ក៏​ពីរ​ឆ្នាំ​ដែរ។ យើង​មើល​វគ្គ១​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ដែរ»។

នួន ជា បច្ចុប្បន្ន​អាយុ​៨៧​ឆ្នាំ។ រីឯខៀវ សំផន អាយុ​៨២​ឆ្នាំ។ ជន​ជាប់​ចោទ​ទាំង​ពីរ​សុទ្ធ​តែ​មាន​បញ្ហា​សុខភាព​ជា​ប្រចាំ។ ប៉ុន្តែ​របាយការណ៍​របស់​ក្រុម​គ្រូ​ពេទ្យ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​បង្ហាញ​ថា​ជន​ជាប់​ចោទ​ទាំងពីរ​មិន​មាន​បញ្ហា​សុខភាព​ដែល​រា​រាំង​មិន​ឲ្យ​ពួក​គាត់​ចូល​រួម​ការ​កាត់ទោស​វគ្គ​បន្ត​នោះ​ទេ៕