ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​សុខភាព​របស់​អៀង ធីរិទ្ធ​នៅ​តែ​ធ្ងន់​ធ្ងរ


អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​នៅ​សម័យ​ខ្មែរ​ក្រហម ឆ្នាំ​នេះ​អាយុ៨២​ឆ្នាំ ​ក្នុង​រូបថត​នេះ​ស្រក់​ទឹក​ភ្នែក​នៅ​ក្នុង​ពិធី​បញ្ចុះ​​សព​ស្វាមី​គឺ អៀង សារី នៅ​ស្រុក​ម៉ាឡៃ​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣។
អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​នៅ​សម័យ​ខ្មែរ​ក្រហម ឆ្នាំ​នេះ​អាយុ៨២​ឆ្នាំ ​ក្នុង​រូបថត​នេះ​ស្រក់​ទឹក​ភ្នែក​នៅ​ក្នុង​ពិធី​បញ្ចុះ​​សព​ស្វាមី​គឺ អៀង សារី នៅ​ស្រុក​ម៉ាឡៃ​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣។
សមាជិក​គ្រួសារ​និង​មេធាវី​របស់​ជនជាប់​ចោទ អៀង ធីរិទ្ធ បាន​ឲ្យ​ដឹង​ថា​ អៀង ធីរិទ្ធ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ការ​ឃុំឃាំង​បណ្តោះ​អាសន្ន នៅ​តែមាន​សភាព​ធ្ងន់ធ្ងរ​និង​មិន​អាច​បរិភោគ​អាហារ​បាន។

លោក អៀង វុធ អភិបាល​រង​ខេត្ត​ប៉ៃលិន និង​ជា​កូន​ប្រុស​បង្កើត​របស់ អៀង ធីរិទ្ធ មាន​ប្រសាសន៍​តាម​ទូរសព្ទ​ថា ម្តាយ​របស់​លោកដាច់​បាយ​និង​បាត់​បង់​ស្មារតីដែល​មិន​អាច​និយាយ​រក​កូន​ចៅ​បាន។

«គាត់​នៅ​ស្ថាន​ភាព​ដដែល​ហើយ​គេ​ដាក់​ម៉ាស៊ីន​អុក​ស៊ីសែន​សម្រាប់​ជួយ​ដល់​ការ​ដក​ដង្ហើម។ ហើយ​ម្ហូប​អាហារ ដូចជា​ទឹក​ដោះ​គោ​គេ​ដាក់​បញ្ចូល​ទៅ​ក្រពះ​តាម​ទុយោ»។

អៀង ធីរិទ្ធ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ​ចាប់​តាំង​ពី​ខែ​មីនា។

លោក​អៀង វុធ បញ្ជាក់​ថា ម្តាយ​របស់​លោក​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ហើយ​ក្រុម​គ្រូពេទ្យ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​តើ​ម្តាយ​របស់​លោក​អាច​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​នៅ​ពេល​ណា​នោះ​ទេ។

«គាត់​មាន​ទឹក​នៅ​ក្នុង​សួត តម្រង​នោម​មិន​សូវ​ដំណើរការ បេះដូង​ដើរ​មិន​ត្រូវ​សង្វាក់ និង​មាន​ឈាម​ចេញ​តាម​អញ្ចាញ​ធ្មេញ។ ពិបាក​សន្និដ្ឋាន​ណាស់​ព្រោះ​គាត់​មាន​វ័យ​ចំណាស់​ណាស់​ហើយ។ យើង​មាន​ការ​ព្រួយ​បារម្ភ​ច្រើន»។

អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​នៅ​សម័យ​ខ្មែរ​ក្រហម ឆ្នាំ​នេះ​អាយុ៨២​ឆ្នាំ។ ​គាត់​ត្រូវ​ចាប់​ខ្លួន​ដោយ​សាលា​ក្តីខ្មែរក្រហម​នៅ​ឆ្នាំ​២០០៧​ក្នុង​ចំណោម​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ចំនួនបី​នាក់​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​មានស្វាមី​របស់​គាត់​ដែរ​គឺ​ អៀង សារី។ ជនជាប់​ចោទ អៀង សារី ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​ភ្នំពេញ។

ជន​ជាប់​ចោទ​ទាំង​បួន​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ ទាក់​ទង​នឹង​ការ​ស្លាប់និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​១,៧លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ១៩៧៩។

អៀង ធីរិទ្ធ ត្រូវ​ដោះ​លែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​តាម​ឃ្លាំ​មើល​របស់​តុលាការ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ ដោយសារ​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់​ធ្ងរ។

លោក​ផាត់ ពៅស៊ាង សហមេធាវី​កម្ពុជា​របស់​អៀង ធីរិទ្ធ អះអាង​ថា លោក​ទើប​នឹង​បាន​ទូរសព្ទ​ទៅ​កាន់​កូនៗ​របស់​កូន​ក្តី​លោក។ លោក​បាន​ទទួល​ដំណឹង​ថា សុខភាព​កូន​ក្តី​របស់​លោក​មិន​បាន​ប្រសើរ​នោះ​ទេ។

«ស្ថានភាព​ហ្នឹង​គឺ​នៅ​ដដែល»។

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហមបញ្ជាក់​ថា តុលាការ​កូន​កាត់​នេះ​បាន​តាម​ដាន​សភាព​ជំងឺ​របស់​ជនជាប់​ចោទ ប៉ុន្តែ​មិន​ទាន់​មាន​គម្រោង​ក្នុង​ការ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ទៅ​អង្កេត​ផ្ទាល់​នៅមន្ទីរពេទ្យ​របស់​ជនជាប់​ចោទអៀង ធីរិទ្ធ នោះទេ។

លោក​បញ្ជាក់​ថា របាយការណ៍​ជំងឺ​ពី​មន្ទីរពេទ្យ​ដែល​សាលាក្តី​ខ្មែរក្រហម​ទទួល​បាននោះ​គឺជា​ការ​សម្ងាត់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG