ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលក្រម​សំណុំ​រឿង​០០២​វគ្គទី​១ត្រូវ​បាន​កំណត់​ប្រកាស​នៅ​ខែ​សីហា


សាលក្រម​ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី​១​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​នួន ជា និង​ខៀវ សំផន នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៧ ខែ​សីហា។
សាលក្រម​ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី​១​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​នួន ជា និង​ខៀវ សំផន នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៧ ខែ​សីហា។
សាលក្រម​ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី​១​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​នួន ជា និង​ខៀវ សំផន នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៧ ខែ​សីហា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​កំណត់​ថ្ងៃ​ប្រកាស​សាលក្រម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សវនាការ​ដំបូង​ប្រឆាំង​នឹង​ជនជាប់​ចោទ​នេះ​បាន​ចាប់​ផ្តើម​ដំបូង​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១១​និង​បិទ​បញ្ចប់​នៅ​ខែ​តុលា​ឆ្នាំ​២០១៣។

លោក នេត ភក្ត្រា មន្ត្រី​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម ថ្លែង​ថា ថ្ងៃ​ប្រកាស​សាលក្រម​ខាង​មុខ​នេះ​នឹង​ផ្តល់​យុត្តិធម៌​ដល់​គ្រប់​ភាគី​ទាំង​អស់។

«ហើយ​ការ​ប្រកាស​សាលក្រម​នេះ​គឺ​ជា​ថ្ងៃ​មួយ​ដែល​បញ្ជាក់​អំពី​ការ​ផ្តល់​យុត្តិធម៌​ចំពោះ​គ្រប់​ភាគី​ទាំង​អស់​ ទំាង​ជន​រងគ្រោះ​ដែល​ពួក​គាត់​ទន្ទឹង​រង​ចាំ​យុត្តិធម៌​ជា​យូរ​មក​ហើយ​ជន​ជាប់​ចោទ​ក៏​ចង់​ឱ្យ​មាន​ការ​ប្រកាស​សាលក្រម​នេះ​ឱ្យ​បាន​ឆាប់​ឱ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​នេះ​មាន​ពិរុទ្ធភាព​ឬ​មិន​មាន​ពិរុទ្ធភាព»។

សំណុំ​រឿង​០០២​វគ្គ​ទី​១ ដើម​ឡើយ​មាន​ជន​ជាប់​ចោទ​ចំនួន​បួន​នាក់ ប៉ុន្តែ​ជន​ជាប់​ចោទ​ដែល​នៅ​រស់​រាន​មាន​ជីវិត​មាន​តែ​នួន ជា អតីត អាយុ​៨៧​ឆ្នាំ​ដែល​ជា​ប្រធាន​សភា​ខ្មែរ​ក្រហម និង​ដែល​ត្រូវ​បាន​ស្គាល់​ថា ជា​មេ​មនោគមវិជ្ជា​នៃ​របប​នោះ និង ខៀវ សំផន អាយុ​៨២​ឆ្នាំ​អតីត​ប្រមុខ​រដ្ឋ។ ដោយ​ឡែក អៀង សារី បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន​ដោយសារ​ជំងឺ​និង​ វ័យ​ចាស់​ជរា និង​ប្រពន្ធ​របស់​គាត់ អៀង ធីរិទ្ធ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​ជំងឺ​វង្វេង។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ប្រសិន​បើ​រកឃើញ​ថា មាន​ពិរុទ្ធភាព​នោះ​សេចក្តី​សម្រេច​អំពី​ការ​ផ្តន្ទាទោស​និង​អំពី​ការ​ទាមទារ​សំណង​របស់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក៏​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​ពេល​នោះ​ដែរ។

លោក ស៊ុម ឬទ្ធី ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់​ក្នុង​សំណុំ​រឿង​នេះ​សង្ឃឹម​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួក​ខ្លួន។

«វា​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ជនរងគ្រោះ ពីព្រោះ​ជន​ជាប់​ចោទ​ទាំង​ពីរ​អាច​ត្រូវ​បាន​ជាប់​ទោស​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ។ ហើយ​ជន​រងគ្រោះ​ក៏​ទទួល​បាន​យុត្តិធម៌​ដែរ ដោយ​សារ​វា​មាន​រយៈពេល​ជាង​៣០​ឆ្នាំ​ហើយ​ដែល​ជន​រងគ្រោះ​រងចាំ​យុត្តិធម៌»។

ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​១​នេះ​ផ្តោត​សំខាន់​លើ​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ រួម​ទាំង​បទ​ចោទ​ទាក់ទង​ហ្នឹង​ការ​ជម្លៀស​មនុស្ស​ដោយ​បង្ខំ​និង​ការ​សម្លាប់​ទាហាន​ក្នុង​របប​រដ្ឋ​កម្ពុជា​ជា​ដើម។

លោក ឡាត់ គី អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​នៃ​អង្គការ​អាដហុក​អះអាង​ការ​ប្រកាស​សាលក្រម​នេះ​នឹង​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ជនរងគ្រោះ​ទាំង​ឡាយ​នៃ​របប​ខ្មែរ​ក្រហម​នេះ។

«ជា​ការ​រង់ចាំ​របស់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ជា​ច្រើន​ ដែល​គាត់​ចង់​ដឹង​ថា តុលាការ​នឹង​សម្រេច​យ៉ាង​ម៉េច​ចំពោះ​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប។ តើ​គាត់​ត្រូវ​រួច​ផុត​ពី​ការ​ផ្តន្ទាទោស​ឬ​ក៏​គាត់​ត្រូវ​បាន​ផ្តន្ទា​ទោស​ក្នុង​កម្រិត​ណា»?

លោក គង់ សំអុន ដែល​ជា​សហ​មេធាវី​ការពារ​ជន​ជាប់​ចោទ ខៀវ សំផន សង្ឍឹម​ថា​តុលាការ​នឹង​ផ្តល់​ភាព​ស្អាត​ស្អំ​ដល់​កូន​ក្តី​របស់​លោក។

«ការ​អះអាង​របស់​លោក​ខៀវ សំផន កន្លង​មក ក៏​ដូចជា​មេធាវី​លោក ខៀវ សំផន បាន​បញ្ជាក់​ហើយ​ថា លោក​ខៀវ សំផន គ្មាន​ទោស​ទៅ​តាម​ការ​ចោទ​ប្រកាន់​របស់​សហព្រះ​រាជ​អាជ្ញា​កន្លង​មក​នេះ អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ខៀវ សំផន ក្នុង​អំពើ​ល្មើស​ណា​មួយ ទោះ​បី​ជា​ក្នុង​ក្របខណ្ឌ​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម​ក៏​ដោយ។ អញ្ចឹង​បាន​ថា លោក​ខៀវ សំផន គួរ​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់»។

បន្ទាប់​ពី​ការ​ប្រកាស​សាល​ដីកា​នៃ​សំណុំ​រឿង​០០២​វគ្គ​ទី​១​នេះ សំណុំ​រឿង​០០២​វគ្គ​ទី​២​ដែល​ជា​សំណុំ​រឿង​វគ្គ​ចុង​ក្រោយ​ប្រឆាំង​ហ្នឹង​ជន​ជាប់​ចោទ​ទាំង​ពីរ​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៤​ដដែល​នេះ៕
XS
SM
MD
LG