ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្តី​ខ្មែរក្រហម​ធ្វើ​សិក្ខាសាលា​សំណុំរឿង​០០២/២

  • គង់ សុឋានរិទ្ធ

ជន​រង​គ្រោះ​ជា​អតីត​អ្នក​ជាប់​គុក​ទួលស្លែង​របស់​របប​ខ្មែរ​ក្រហម ជួយ​ជុំ​គ្នា​នៅ​អតីត​គុក​នេះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២។
អង្គភាពគាំពារ​ជន​រងគ្រោះ​របស់​សាលាក្តី​ខ្មែរក្រហម​រួម​ជាមួយ​នឹង​អង្គភាព​សហ​មេធាវី​នាំ​មុខ​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី និង​ភាគី​ជាប់​ពាក់​ព័ន្ធគ្រោង​នឹងចាប់​ផ្តើម​ពិភាក្សា​អំពី​គម្រោង​ទាមទារ​សំណង​សម្រាប់ការ​កាត់​ទោស​សំណុំ​រឿង​០០២ ​វគ្គ​ទី​២​ នៅសប្តាហ៍​ក្រោយ​នេះ។​

សំណុំ​រឿង​០០២​វគ្គ​ទី​២​ត្រូវ​គេ​រំពឹង​ថា ​នឹង​ត្រូវ​កំណត់​ពេល​កាត់​ទោសនៅ​ចុង​ឆ្នាំ​២០១៤​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​គាំពារ​ជន​រងគ្រោះដែល​ចេញ​នៅ​ថ្ងៃពុធ​នេះ​ បញ្ជាក់​ថា ​កិច្ចពិភាក្សា​នោះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១​ខែ​មិថុនា​នេះ ដើម្បីរៀប​ចំ​គម្រោង​ទាម​ទារ​សំណង​សម្រាប់​ជន​រង​គ្រោះ​ ដោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ខ្មែរក្រហម។​

កិច្ច​ពិភាក្សា​នេះ​ចូល​រួម​ដោយ​អង្គភាព​គាំពារ​ជន​រងគ្រោះ​ ​អង្គភាព​សហ​មេធាវីតំណាង​ជន​រងគ្រោះ​ និង​ជន​រងគ្រោះ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី ​រួម​ទាំងតំណាង​សង្គម​ស៊ីវិល​ និង​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​ផង។​

សំណុំ​រឿង​០០២​វគ្គទី​២​នេះ​នឹង​គ្រប​ដណ្តប់​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជ​សាសន៍​ដែល​ទាក់​ទង​ទៅ​នឹង​ការ​សម្លាប់​ជនជាតិ​វៀតណាម​និង​ជនជាតិ​ចាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ឧក្រិដ្ឋនៅ​តាម​ពន្ធនាគារ​នានា ​ពាក់​ព័ន្ធ​ទៅ​នឹង​ការដ្ឋាន​ការងារ​ សហករ​ ការ​បោស​សម្អាតផ្ទៃ​ក្នុង​និង​ការ​រៀបការ​ដោយ​បង្ខំ។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ អះអាង​ថា ​ថ្វី​ត្បិត​តែ​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២ ត្រូវ​រំពឹង​ថា ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​ ប៉ុន្តែ​វា​ជា​ការ​ចាំបាច់​នៅ​ពេល​នេះ​ក្នុង​ការ​លៃលក​ស្វែង​រក​សំណង​សម្រាប់​ជន​រងគ្រោះ។​

«វា​ជា​ការ​ចាំបាច់​ដែល​អង្គភាព​ទាំង​ពីរ​ស្នើ​សុំ​នូវ​យោបល់​ពី​ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២​តាម​រយៈ​ការ​ធ្វើ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ដើម្បី​ចង់​ដឹង​ ថា​តើ​ជន​រងគ្រោះ​ចង់​បាន​សំណង​អ្វី​ពី​ក្នុង​សំណុំ​រឿង​នេះ​ ក៏ដូចជា​ស្វែង​រក​នូវ​មូលនិធិ​ដើម្បី​គាំទ្រ​ការ​អនុវត្ត​គម្រោង​នេះ​ដែរ»។​

សូម​បញ្ជាក់​ថា​ ការ​ផ្តល់​សំណង​សម្រាប់​ជន​រងគ្រោះ​មាន​ពីរ​ប្រភេទ​គឺ​សំណង​ផ្លូវ​ចិត្ត​ និង​សំណង​សមូហភាព។​

សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​ប្រកាស​សាល​ក្រម​សំណុំ​រឿង​០០២​វគ្គទី​១​នៅ​ខែ​សីហា​ខាង​មុខ​នេះ។​

ក្នុង​សំណុំ​រឿង​នេះ​ ជន​រងគ្រោះ​បាន​ស្នើ​សុំ​សំណង​ចំនួន​១៣​ប្រភេទ។​ ក្នុង​ចំណោម​នោះ​រួម​មាន​ការ​ទាមទារ​ឲ្យ​មាន​ទិវា​នៃ​ការ​ចងចាំ​នៃ​ឧក្រិដ្ឋ​កម្ម​ក្នុង​សម័យ​ខ្មែរក្រហម ​ការ​កសាង​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ជា​សាធារណៈ​ ការ​តាំង​ពិព័រណ៍​ចល័ត​ស្តីពី​ការ​ជម្លៀស​ប្រជាជន​ និង​ការ​សម្លាប់​នៅ​ទួលពោធិ៍​ជ្រៃ​ ការ​បញ្ចូល​កម្មវិធី​សិក្សា​ស្តីពី​ការ​ជម្លៀស​ប្រជាជន​ ការ​ផ្សាយ​ឈ្មោះ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ និង​ការ​ទាមទារ​សំណង​ផ្នែក​សុខុមាលភាព​មួយ​ចំនួន​ទៀត។​

សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​ថា ​សំណង​ទាំង​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​រួច​ហើយ។​

លោកស្រី​ស៊ិន សុវ៉ន ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​ ថ្លែង​ថា ​ក្រុម​មេធាវី​គ្រោង​នឹង​ដាក់​សំណើសុំ​សំណង​ថ្មីៗ​បន្ថែម​ទៀត ​ក្រៅ​ពី​ការ​ទាមទារ​សំណង​កាល​ពី​ការ​កាត់ទោស​វគ្គ​ទី១ ដូចជា​ការ​ស្នើ​សុំ​បន្ថែម​ទីកន្លែង​រំឭកវិញ្ញាណ​ក្ខន្ធសម្រាប់​ជន​រងគ្រោះ​នៅ​គ្រប់​ស្រុក​នៅ​តាម​បណ្តា​ខេត្ត​នានា​ជាដើម។​

«គឺ​យើង​សុំ​បន្ថែម​តាម​ស្រុក​ដែល​មាន​ទីតាំង​ឧក្រិដ្ឋ​កម្ម ​មាន​ការ​សុំ​ជា​បណ្ណ​សម្រាប់​ព្យាបាល​សុខ​ភាព​ដើម​បណ្តឹង​ ដែល​ក្រី​ក្រ​ ​និង​សុំ​បង្កើត​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​ដល់​កូន​ជន​រងគ្រោះ​ដោយសារ​ការ​រៀប​ការ​ដោយ​បង្ខំ ​និង​ករណី​រំលោភ​ផ្លូវ​ភេទ»។​

ជន​ជាប់​ចោទក្នុង​សំណុំ​រឿង​០០២​មាន​នួន ជា​ អតីត​បងធំ​ទី​២​ និង​ខៀវ សំផន ​អតីតប្រមុខ​រដ្ឋ​កម្ពុជា​ប្រជា​ធិបតេយ្យ។​

ការ​កាត់​ទោស​លើ​ជន​ជាប់​ចោទ​ទាំងពីរ​កាល​ពី​វគ្គ​ទី១​បាន​ផ្តោត​លើ​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង​ និង​ការ​សម្លាប់​នៅ​ទួល​ពោធិ៍ជ្រៃ​ផង​ដែរ៕
XS
SM
MD
LG