ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្តី​ខ្មែរក្រហម​និង​ជងរងគ្រោះ​ពិភាក្សា​​អំពី​គម្រោង​ទាមទារ​សំណង

  • គង់ សុឋានរិទ្ធ

រូបភាព​មួយ​របស់​មជ្ឈមណ្ឌល​​បុប្ផាណា​បង្ហាញ​ឈុត​មួយ​ក្នុង​​រឿង​«កង្វះ​រូបភាព» ដោយ​មាន​រូប​មនុស្ស​ធ្វើ​អំពី​ឥដ្ឋ​តំណាង​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម។
ក្រុម​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម ​អង្គភា​ពគាំពារ​ជន​រងគ្រោះ​ ​អង្គភាព​សហមេធាវី​នាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី និង​ភាគី​ជាប់​ពាក់​ព័ន្ធ​បាន​ពិភាក្សាគ្នា​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​គម្រោង​ទាមទារ​សំណង​សម្រាប់ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២។

លោក​ហង្ស វណ្ណៈ ​ប្រធាន​អង្គភាពគាំពារ​ជន​រងគ្រោះ​របស់​សាលាក្តី​ខ្មែរក្រហម ​លើកឡើង​ថា​ ​កិច្ច​ប្រជុំ​នេះ​ពិនិត្យ​ឡើងវិញ​អំពី​គម្រោង​សំណង​កន្លង​មក ​និង​កិច្ចការ​រៃអង្គាស​ថវិកា​សម្រាប់​សំណង ​ព្រម​ទាំង​បង្កើត​ផែនការ​គម្រោង​សំណង​សម្រាប់​ការកាត់​ទោស​ជំហាន​ទី២។​

«គោល​បំណង​មួយ​ទៀត​គឺ​ប្រមូល​ព័ត៌មាន​ជា​បឋម ​និង​ការ​ដាក់​ផែនការ​ជំហាន​បន្ទាប់​ក្នុង​ការ​បង្កើត​គម្រោង​សំណង​ដែល​មាន​សក្តានុពល​ដែល​អាច​អនុវត្ត​បាន​ក្នុង​ករណី​០០២​ដំណាក់កាល​ទី​២»។​

ការ​កាត់ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២​ត្រូវ​គេ​រំពឹង​ថា​ អាច​នឹង​ប្រព្រឹត្ត​ទៅ​បាន​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ​២០១៤​នេះ​ ​គឺ​ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រម​សំណុំ​រឿង​ដដែល​នេះ​នៅ​វគ្គ​ទី១​រួច​ នៅ​ខែ​សីហា​ខាង​មុខ។​

លោក​ក្រាញ់ តូនី ​ប្រធាន​រដ្ឋបាល​ស្តីទី​របស់​សាលាក្តី​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ពេល​វេលា​ដែល​គួរតែ​ប្រមូល​គំនិត​អំពី​សំណង​ មុន​ការ​កាត់​ទោស​ចាប់​ផ្តើម។​

«ជន​រងគ្រោះ​អាច​ចូល​រួម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​និតិវិធី​នៃ​អ.វ.ត.ក.​ និង​អាច​ទារ​សំណង​ដែល​មាន​លក្ខណៈ​ជា​សមូហភាព​ និង​ផ្លូវ​ចិត្ត​បាន​ ប្រសិន​បើ​ជនជាប់​ចោទ​ត្រូវ​បាន​ផ្តន្ទា​ទោស។​ សំណង​នេះ​ត្រូវ​តែ​សម្រេច​ដោយ​តុលាការ»។

យ៉ាង​ណា​ក៏​ដោយ​ កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​នូវ​គំនិត​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ហើយ​មិន​ទាន់​បាន​សម្រេច​ដាក់​ក្នុង​បញ្ជី​ទាមទារ​សំណង​នៅ​ឡើយ​ទេ។​

ការ​ផ្តល់​សំណង​សម្រាប់​ជន​រងគ្រោះ​មាន​ពីរ​ប្រភេទ​គឺ​សំណង​ផ្លូវ​ចិត្ត ​និង​សំណង​សមូហភាព។

លោក​ពេជ្រ ​អង្គ ​សហ​មេធាវី​នាំ​មុខ​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ពន្យល់​ថា ​តុលាការ​សម្រេច​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​បាន​លុះ​ណា​តែ​គម្រោង​សំណង​នោះ​មាន​ភាព​ប្រាកដ​ថា​ មាន​ថវិកា​សម្រាប់​អនុវត្តន៍។​

«យើង​ត្រូវ​បញ្ជាក់​ថា​ យើង​មាន​ថវិកា​ ឬ​ក៏​មាន​ការ​ធានា​ថា នឹង​មាន​ថវិកា​សម្រាប់​អនុវត្តន៍។​ តុលាការមិន​អាច​ទទួល​ស្គាល់​ថា ​ជា​គម្រោង​សំណង​មួយ​បាន​ទេ​ ប្រសិន​បើ​មិន​មាន​ការ​ធានា ​ឬក៏​មិន​មាន​ថវិកា​សម្រាប់​ការ​អនុវត្ត​គម្រោង​នោះ»។​

មាន​អ្នក​ចូល​រួម​ប្រមាណ​ជិត​១០០​នាក់ដែល​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ សាលាក្តី​ខ្មែរក្រហម​ និង​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​ផង​ដែរ។​ ដោយឡែក​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។​

លោក​ជុំ ម៉ី ​ជា​ដើម​បណ្តឹង​ម្នាក់ក្នុង​សំណុំ​រឿង​០០២​ និង​ជា​អតីត​អ្នកទោស​គុក​ទួល​ស្លែង​ មាន​ប្រសាសន៍​ថា​ លោក​ចង់​បាន​សំណង​ដើម្បី​ការ​ផ្សះផ្សារ។​

«គោល​បំណង​របស់​ខ្ញុំ​គឺ​ចង់​បាន​តែ​កសាង​ស្តូប​នៅ​តាម​ទី​វត្ត​អារាម​និមួយៗ​គឺ​ក្នុង​គំនិត​ផ្សះ​ផ្សារ​ ដោយ​សារ​ពេល​ធ្វើ​បុណ្យ​ម្តងៗ​ ជន​ដៃ​ដល់​ និង​ជន​រងគ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​នោះ​ដែរ ​ដើម្បី​រំឭកគុណ​ឪពុក​ម្តាយ​របស់​ពួក​គាត់»។​

ជន​ជាប់​ចោទក្នុង​សំណុំ​រឿង​០០២​ មាន​នួន ជា​ អតីត​បងធំ​ទី​២​ និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម។​

ការ​កាត់​ទោស​លើ​ជន​ជាប់​ចោទ​ទាំងពីរ​កាល​ពី​វគ្គ​ទី១​បាន​ផ្តោត​លើ​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង ​និង​ការ​សម្លាប់​នៅ​ទួល​ពោធិជ្រៃ​ផង​ដែរ។​

ដោយឡែក​ ការ​កាត់​ទោស​ជំហាន​ទី២​នឹង​គ្រប​ដណ្តប់​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជ​សាសន៍​ដែល​ទាក់​ទង​ទៅ​នឹង​ការ​សម្លាប់​ជនជាតិ​វៀតណាម ​និង​ចាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​ឧ​ក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ឧក្រិដ្ឋនៅ​តាម​ពន្ធនាគារ​នានា ​ពាក់​ព័ន្ធ​ទៅ​នឹង​ការដ្ឋាន​ការងារ​ សហករ​ ការបោស​សម្អាតផ្ទៃ​ក្នុង​ និង​ការ​រៀបការ​ដោយ​បង្ខំ៕
XS
SM
MD
LG