អង្គការសុខភាពពិភពលោក (WHO) និងសហរដ្ឋអាមេរិក បានបញ្ជាក់ថា វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) ហាក់ដូចជាមិនបង្កគ្រោះថ្នាក់ខ្លាំងជាងវីរុសកូវីដ១៩ ប្រភេទផ្សេងទៀតនោះទេ និងថា ការស្រាវជ្រាវបន្ថែមទៀតលើវីរុសនេះ គឺចាំបាច់ដើម្បីវាយតម្លៃអំពីភាពគ្រោះថ្នាក់របស់វា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការវាយតម្លៃប្រកបដោយក្តីសង្ឃឹមនេះបានធ្វើឡើង នៅចំពេលដែលមានការព្រួយបារម្ភកើនឡើងនៅលើពិភពលោកអំពីវីរុសបំប្លែងថ្មីអូមីក្រុងនេះ។
លោក Michael Ryan ប្រធានផ្នែកគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារម្សិលមិញថា បើទោះបីជាវីរុសបំប្លែងថ្មីអូមីក្រុងនេះ ទំនងជាមានលក្ខណៈឆ្លងលឿនជាងវីរុសកូវីដ១៩ បំប្លែងថ្មីផ្សេងទៀតក៏ដោយ ក៏វីរុសនេះ ហាក់ដូចជាមិនអាចគេចផុតទាំងស្រុងពីវ៉ាក់សាំងកូវីដ១៩ នោះឡើយ។
លោក Ryan បញ្ជាក់ដូច្នេះថា៖ «ទិន្នន័យដំបូងៗមិនបានបង្ហាញថា វីរុសនេះ មានភាពគ្រោះថ្នាក់ខ្លាំងជាងវីរុសបំប្លែងថ្មីផ្សេងទៀតនោះទេ»។ លោកក៏បានបន្ថែមផងដែរថា គេចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតលើវីរុសនេះ។
ដោយឡែក សម្រាប់លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញកំពូលរបស់សហរដ្ឋអាមេរិកផ្នែកជំងឺឆ្លងវិញ លោកក៏បានយល់ស្របជាមួយនឹងការលើកឡើងខាងលើរបស់អង្គការសុខភាពពិភពលោកផងដែរ ដោយលោកបាននិយាយថា វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនេះ ហាក់ដូចជាមិនបង្កគ្រោះថ្នាក់ខ្លាំងជាងវីរុសបំប្លែងថ្មីមុនៗនោះទេ បើផ្អែកលើលទ្ធផលដំបូងៗ ហើយជាងនេះទៀត វាអាចមានលក្ខណៈស្រាលជាងវីរុសបំប្លែងថ្មីពីមុនផងដែរ។
ទោះជាយ៉ាងនេះក្ដី លោក Fauci បានបញ្ជាក់ថា វីរុសបំប្លែងថ្មីអូមីក្រុងនេះគឺ «ពិតជាមានលក្ខណៈឆ្លងខ្លាំង» ដែលទំនងជាឆ្លងខ្លាំងជាងវីរុសកូវីដ១៩ បំប្លែងថ្មីដែលតា (Delta) ទៅទៀត៕