ប្រធាន​អគ្គសេនាធិការ​អាមេរិក​ផ្តោត​លើ​ចំណង​ការទូត​សម្រាប់​កូរ៉េខាង​ជើង ប៉ុន្តែ​ត្រៀម​ជម្រើស​យោធា​

លោក Joseph Dunford ប្រធាន​អគ្គសេនាធិការ​ចម្រុះ​អាមេរិក ក្នុង​ពេល​ប្រជុំ​គណៈកម្មាធិការ​សេវា​យោធា​ព្រឹទ្ធសភា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ខែ​មិថុនា។

ប្រធាន​អគ្គសេនាធិការ​ចម្រុះ​អាមេរិក​កំពុង​តែ​ស្ថិត​នៅ​ឧបទ្វីប​កូរ៉េ ខណៈ​សមយុទ្ធ​យោធា​អាមេរិក​និង​កូរ៉េ​ខាងត្បូង​កំពុង​តែ​ប្រឈម​នឹង​ភាព​តាន​តឹងកាន់​តែ​កើន​ឡើង​ជាមួយ​នឹង​កូរ៉េខាង​ជើង។ ​

លោក ​Joe Dunford ​ប្រធាន​អគ្គសេនាធិការ​ចម្រុះ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​នេះ​ក្នុង​សប្តាហ៍​នេះ គឺ​មាន​គោល​បំណង​អះអាង​សារ​ជា​ថ្មី​ដល់​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត ស្រប​ពេលជាមួយ​គ្នា​នេះ​ដែរ ក៏​បង្កើត​ទំនាក់​ទំនង​រវាង​យោធា​និង​យោធា​ជាមួយ​នឹង​ចិន ​ដើម្បី​ទប់ស្កាត់​កំហុស​ឆ្គង​ណា​មួយ។​

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​សន្តិសុខ​ជាតិ​ជាន់ខ្ពស់​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​ខាង​ផ្នែក​យោធា​ជាមួយ​នឹង​កូរ៉េខាងជើង​នឹង​មិន​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះទេ ប៉ុន្តែ​លទ្ធភាព​ដែល​សង្គ្រាម​អាច​កើតមាន​គឺ​កាន់​តែ​កើន​ឡើង។​

លោក​ Mike Pompeo ប្រធាន​ CIA ​បាន​ថ្លែង​លើ​កម្មវិធី ​Fox News Sunday ថា ការ​ជំរុញ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ផលិត​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ដែល​មាន​នុយក្លេអ៊ែរ​ ដែល​មាន​សមត្ថភាព​អាច​វាយ​ប្រហារ​ដល់​សហរដ្ឋអាមេរិក​ «គឺ​ជា​ការ​គំរាមកំ​ហែង​ដ៏​ធ្ងន់​ធ្ងរ​មួយ ហើយ​រដ្ឋបាល​នេះ​នឹង​ចាត់​ការ​ទៅ​លើ​វិធានការ​នេះ​ដូចគ្នា​ដែរ‍»។

លោក​ H.R. McMaster ​ប្រធាន​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មាន​ប្រសាសន៍​លើ​កម្មវិធី ​This Week របស់​ទូរទស្សន៍ ABC ថា៖ «យើង​មិន​ខិត​ទៅ​ជិត​សង្គ្រាម​ដូច​កាល​ពី​សប្តាហ៍​មុន​ទេ ប៉ុន្តែ​យើង​ខិត​ទៅ​ជិត​សង្គ្រាម​ជាង​កាល​ពី​មួយ​ទសវត្សរ៍​មុន‍»៕