លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានចោទប្រកាន់រុស្ស៊ីពីការប្រើប្រាស់វិស័យថាមពលមកធ្វើជា«ឧបករណ៍នយោបាយ» នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលលោកជួបប្រជុំជាមួយសមភាគីរបស់លោក កាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។
នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចពិភាក្សារួចមក លោក Tillerson ថ្លែងថាសហរដ្ឋអាមេរិកប្រឆាំងនឹងការសាងសង់បំពង់បង្ហូរឧស្ម័នNord Stream 2 ដែលជាគម្រោង ស្នើឡើងដើម្បីភ្ជាប់ពីប្រទេសរុស្ស៊ី ទៅប្រទេសអាល្លឺម៉ង់។ ប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើតមួយចំនួនក៏ប្រឆាំងនឹងការសាងសង់បំពង់បង្ហូរឧស្ម័ននេះដែរ ដែលនឹងធ្វើឲ្យប្រទេសរុស្ស៊ីក្លាយជាប្រទេសផ្គត់ផ្គង់ឧស័្មនធម្មជាតិធំជាងគេនៅក្នុងទីផ្សារ។
លោក Tillerson ថ្លែងថា៖ «ដូចនឹងប្រទេសប៉ូឡូញដែរ សហរដ្ឋអាមេរិកប្រឆាំងនឹងការសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2នេះ។ យើងធ្វើដូច្នេះដើម្បីគិតគូរដល់ស្ថិរភាព និងសន្តិសុខនៃការប្រើប្រាស់ថាមពលជាទូទៅនៅក្នុងទ្វីបអឺរ៉ុប។ ហើយការណ៍នេះនឹងអាចធ្វើឲ្យប្រទេសរុស្ស៊ីយកវិស័យថាពលនេះទៅធ្វើជាឧបករណ៍នយោបាយរបស់ខ្លួន»។
ទស្សនកិច្ចរបស់លោក Tillerson ទៅប្រទេសប៉ូឡូញធ្វើឡើងនៅខណៈដែលសហរដ្ឋអាមេរិកកំពុងជំរុញការនាំចេញឧស្ម័នធម្មជាតិរ៉ាវរបស់អាមេរិក ហៅកាត់ថា LNG ទៅកាន់អឺរ៉ុបកណ្តាល និងកំពុងប្រកួតប្រជែងជាមួយរុស្ស៊ីក្នុងទីផ្សារថាមពលនោះ។
ក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកបានថ្លែងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងជួយឲ្យប្រទេសក្នុងទ្វីបអឺរ៉ុបមានជម្រើសក្នុងការប្រើប្រាស់ថាមពល ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងទៅលើការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី៕