​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ​ស.រ.អា​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចាប់​ផ្ដើម​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​ដោយ​មិន​មាន​​លក្ខខណ្ឌ​ទុក​ជា​មុន

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson ថ្លែង​នៅ​ឯ​វេទិកា​ Atlantic Council-Korea Foundation ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១២ ខែ​ធ្នូ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Rex Tillerson កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ស្នើ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ការ​ចរចា​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ដោយ​មិន​មាន​ការ​ដាក់​លក្ខខណ្ឌ​ជា​មុន ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ក៏​បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​បង្កើន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​ទាំង​ស្រុង​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង ស្រប​ពេល​ដែល​ភាព​តានតឹង​កាន់តែ​កើន​ឡើង​នៅ​ឧបទ្វីប​កូរ៉េ។

លោក Tillerson បាន​និយាយ​នៅ​ឯ​វេទិកា​រវាង​អង្គការ Atlantic Council និង​អង្គការ Korea Foundation កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចរចា​នៅ​ពេល​ណា​ដែល​កូរ៉េ​ខាង​ជើង​ចង់​ចរចា។ ហើយ​សហរដ្ឋ​អាមេរិក​ក៏​ត្រៀម​ខ្លួន​រួចរាល់​ផង​ដែរ​ក្នុង​ការ​ជួប​ចរចា​លើក​ដំបូង​ដោយ​មិន​មាន​ការ​ដាក់​លក្ខខណ្ឌ​ទុក​ជា​មុន​នោះ​ទេ‍»។

លោក​បាន​បន្ថែម​ថា មុន​ពេល​ការ​ចរចា​អាច​ចាប់ផ្ដើម​បាន ស្ថានការណ៍​ត្រូវតែ​ស្ងប់ស្ងាត់​ជា​មុន​សិន បើ​មិន​ដូច្នោះ​ទេ វា​នឹង​មាន​ការ​លំបាក​ខ្លាំង​ជា​ទី​បំផុត​ក្នុង​ការ​មាន​កិច្ច​ពិភាក្សា​មួយ​ប្រកប​ដោយ​ផ្លែ​ផ្កា។

លោក Tillerson បាន​បន្ត​ទៀត​ថា៖ «លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ចង់​ឃើញ​ប្រទេស​ចិន​កាត់​ផ្ដាច់​ការ​នាំ​ចេញ​ប្រេង​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង‍» ដោយ​លោក​បាន​បន្ថែម​ថា កាល​ពី​លើក​ចុង​ក្រោយ​បំផុត​ដែល​កូរ៉េ​ខាង​ជើង​មក​កាន់​តុ​ចរចា គឺ​ដោយសារ​តែ​ចិន​បញ្ឈប់​ការ​ផ្គត់ផ្គង់​ប្រេង​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង។

អតីត​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មួយ​ចំនួន​បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ការ​ស្នើ​ឡើង​ដូច​នេះ​របស់​លោក ​Tillerson គឺ​មាន​លក្ខណៈ​ស្មោះត្រង់​មិន​ធម្មតា​មួយ ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​គំរាមកំហែង​ពី​ការ​រីក​សាយភាយ​នូវ​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង៕