កូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៣នាក់ទៀតដែលជាអ្នកសហជីពផងនោះត្រូវបានតុលាការក្រុងភ្នំពេញដោះលែងឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីថ្នាក់ដឹកនាំនិងសកម្មជនសហជីព៨រូបដែលទើបចេញពីពន្ធនាគារនាពេលថ្មីៗនេះបានស្នើសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធមួយចំនួនក្នុងនោះមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាក្រសួងទទួលបន្ទុកដោះស្រាយវិវាទការងារនេះ។
មុនពេលត្រូវបានតុលាការដោះលែងនោះ កូដករទាំង៣នាក់រួមមានលោក សេង វណ្ណារិទ្ធ លោក ជួប ចាន់ណាត និង លោក សៅ សម្បត្តិ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគារកាលពីដើមខែកុម្ភៈឆ្នាំ២០២២នេះ ក្រោមហេតុផលរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ ក្នុងសំណុំរឿងរារាំងវិធានការទប់ស្កាត់ជំងឺកូវីដ១៩នេះស្ត្រី៤នាក់ផ្សេងទៀតក៏រងការចោទប្រកាន់តែមិនត្រូវបានតុលាការឃុំខ្លួនពួកគេក្នុងពន្ធនាគារទេ។
សេរីភាពរបស់អ្នកសហជីពទាំងបីនាក់នឹងបើកផ្លូវឱ្យសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍មានលទ្ធភាពចូលតុចរចាដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាសាខារបស់ក្រុមហ៊ុន NagaCorp នៅទីក្រុងហុងកុង។
ក្នុងសន្និសីទព័ត៌មានតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកកញ្ញាឈឹមស៊ីថរមេដឹកនាំសហជីពចាស់នៅក្រុមហ៊ុនណាហ្គាវើលដ៍គឺសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍សង្ឃឹមថាការចរចាដោះស្រាយវិវាទការងារអាចនឹងទទួលបានលទ្ធផលជាផ្លែផ្កានិងដោយស្មើភាពគ្នាសម្រាប់ភាគីកម្មករនិយោជិតនិងនិយោជកនៅពេលមានការដោះលែងសមាជិករបស់ខ្លួននោះ។
តាមទំព័រហ្វេសប៊ុករបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរ ថ្លែងយ៉ាងដូច្នេះថា៖ «ជំហររបស់យើងគឺពួកយើងនៅតែចង់ឱ្យមានដំណោះស្រាយ។ វាមិនស្មើភាពគ្រប់គ្រាន់ហើយដែលខ្ញុំត្រូវធ្វើកិច្ចសន្យាដែលផ្ទុយពីច្បាប់ ស្នើសុំទៅសមាជិកខ្លួនឯងដែលធ្វើឱ្យពួកគាត់មានការអាក់អនស្រពន់ចិត្តហើយខណៈបទចោទមានជាប់លើខ្លួនពួកខ្ញុំនៅឡើយទេ។ គឺយើងចង់មានដំណោះស្រាយណាស់ទើបយើងមានការបន្ទន់ឥរិយាបទនិងសម្បទានច្រើនដល់ថ្នាក់នេះ...»។
កញ្ញាប្រាប់សន្និសីទព័ត៌មានដដែលបន្ថែមថា៖ «ហើយក៏ចង់ជម្រាបទៅដែរថា ការចេញមកនេះ ដើម្បីរកដំណោះស្រាយដែលខ្ញុំបញ្ជាក់មុននេះថាឈ្នះទាំងសងខាងមិនមែនដំណោះស្រាយដែលឈ្នះតែខាងភាគីក្រុមហ៊ុន។ អ្វីដែលជាការទាមទាររបស់កម្មករនិយោជិតគាត់ទាមទារបែបណាពួកខ្ញុំទៅចរចាបែបនោះ អ្នកដែលទាមទារចូលធ្វើការគឺជំហរ ក្នុងការចរចារបស់យើងគឺចរចាដើម្បីឱ្យពួកគាត់បានចូលធ្វើការវិញ អ្នកដែលទាមទារសំណងត្រឹមត្រូវតាមផ្លូវច្បាប់»។
ចំណែកអ្នកស្រី ឃ្លាំង សុបិន្ត ដែលទើបតែត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំផងដែរនោះបានស្នើទៅតុលាការនិងស្ថាប័នពាក់ព័ន្ធឱ្យទម្លាក់ចោលបទប្រកាន់លើថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍និងសកម្មជន ទាំងអស់ចំនួន១៥នាក់ដែលតុលាការចោទពីបទ «ញុះញង់ និងល្មើសវិធានសុខាភិបាល» ដើម្បីបង្កការងាយស្រួលក្នុងការចរចាដោយពេញលេញនិងមិនទទួលរងគំនាបពីខាងណាមួយនោះ។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ស្នើសុំឱ្យត្រូវតែទម្លាក់ចោទរាល់បទចោទទៅលើពួកគាត់ទាំង១៥រូបហ្នឹង ជាពិសេសតំណាងចរចាត្រូវតែលើកលែងឱ្យពួកគាត់ដើម្បីឱ្យពួកគាត់មានសិទ្ធិសេរីភាពពេញលេញក្នុងការចរចាស្មើភាពមុខស្មើមាត់ជាមួយភាគីក្រុមហ៊ុន...ដូចបងលើកពីដើមអ៊ីចឹងភាគីខាងកម្មករមានកាំបិតភ្ជង់ករ ភាគីខាងក្រុមហ៊ុនអង្គុយគងទាក់ខ្លាសើច សួរថាការចរចាហ្នឹងមានតម្លាភាពអត់យុត្តិធម៌អត់? អត់មានទេ អ៊ីចឹងបើចង់ឱ្យមានតម្លាភាពនិងយុត្តិធម៌ទាល់តែទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ហ្នឹង»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីនាយកគ្រប់គ្រងផ្នែកធនធានមនុស្សប្រចាំក្រុមហ៊ុនណា ហ្គាវើលដ៍លោក Hein Dames និងអ្នកនាំពាក្យការងារលោក ហេង សួរ បានទេនៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យរបស់សមាគមការពារសិទិ្ធមនុស្សអាដហុកលោក ស៊ឹង សែនករុណា កត់សម្គាល់ថា ការជាប់បណ្តឹងនៅតុលាការរបស់ថ្នាក់ដឹកនាំនិងអ្នកសហជីពទាំងនោះអាចត្រូវបានគេមើលឃើញថាជាចំណុចខ្ទាស់មួយរារាំងដល់ទាមទារឱ្យមានការដោះស្រាយចំណុចជាក់លាក់ណាមួយក្នុងវិវាទការងារដែលមានអាយុកាលជិតមួយឆ្នាំនេះ។
លោកថ្លែងថា៖ «វាអាចធ្វើឱ្យគេមើលឃើញថាការណ៍ដែលជាប់បណ្តឹងហ្នឹងជាហេតុធ្វើឱ្យមានសម្ពាធទៅដល់ពួកគាត់ដែលពួកគាត់មិនអាចលើកឡើងនូវអ្វីដែលពួកគាត់ទាមទារឱ្យសមស្របតាមការចង់បានពាក់ព័ន្ធគោលបំណងផលប្រយោជន៍របស់ក្រុមពួកគាត់ទៅបានទេ»។
ដំណោះស្រាយវិវាទការងាររ៉ាំរ៉ៃមួយនេះអាចនឹងទទួលយកដោយគ្មានបញ្ហាប្រឈមបើសិនអាជ្ញាធរយុត្តិធម៌ទម្លាក់ចោលបទចោទប្រកាន់លើថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំង១៥នាក់។ហើយក្រសួងការងារត្រូវសម្របសម្រួលបន្ថែមទៀត ឬរកនូវចំនុចដែលអាចសម្បទានគ្នាទៅវិញទៅមករវាងភាគីទាំង២។នេះបើតាមប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព។
អ្នកស្រីបន្ថែមថា៖«ខ្ញុំគិតថាមែនទែនអាជ្ញាធរគួរធ្វើការទម្លាក់បទចោទប្រកាន់លើពួកគាត់ហើយពួកគាត់មិនគួរត្រូវបានចាប់ខ្លួននិងចោទប្រកាន់តាំងពីដំបូងមកម្ល៉េះដោយសារ អ្វីដែលពួកគាត់ធ្វើនេះជាសកម្មភាពស្របច្បាប់ ជាសិទ្ធិក្នុងការអនុវត្តសេរីភាពមូលដ្ឋានជាពិសេសសិទ្ធិក្នុងការការពារកូដកម្ម ដែលធានាដោយច្បាប់ជាតិរបស់យើងរួមទាំងច្បាប់ការងារហើយការទទួលស្គាល់នូវអនុសញ្ញាពាក់ព័ន្ធរបស់អង្គការ ILO ផងដែរ»។
ដោយឡែកស្របពេលដែលមានការដោះលែងតំណាងកូដករនៅក្រុមហ៊ុនណ្គាហ្គាវើដ៍ជាបន្តបន្ទាប់នាពេលថ្មីៗនេះដើម្បីរកច្រកចរចាដោះស្រាយវិវាទជាមួយក្រុមហ៊ុននោះក្រសួងការងារក៏បានធ្វើឱ្យសង្គមស៊ីវិលភ្ញាក់ផ្អើលដោយក្រសួងបានចេញលិខិតទទួលស្គាល់ពីការចុះបញ្ជីសមាសភាពដឹកនាំអង្គការសហជីពថ្មីនៃក្រុមហ៊ុននេះដែលមានឈ្មោះថា «សហជីពសិទ្ធិនិងប្រយោជន៍រួមនៃបុគ្គលិកណាហ្គាវើលដ៍»។ ក៏ប៉ុន្តែកូដករមួយចំនួនដែលជាសមាជិកសហជីពចាស់បានបដិសេធទទួលស្គាល់សហជីពនោះក្រោមហេតុផលគ្មានភាពជាតំណាងពេញច្បាប់។
កូដកម្មរបស់កម្មករនិយោជិតឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្តើមកាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២១ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលដោះស្រាយបញ្ហាមួយចំនួន ដែលពួកគេចាត់ទុកថាជាការរំលោភសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុននិងទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន៣៦៥នាក់ក្នុងចំណោមកម្មករនិយោជិតជាង១៣០០នាក់ដែលត្រូវបានបញ្ឈប់ពីការងាររួមគ្នាដោយបង្ខំតាំងពីខែមេសាឆ្នាំ២០២១៕