នៅក្នុងការសម្រេចមួយរបស់សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃសុក្រ តុលាការ បានព្យួរទោសសាកល្បងសកម្មជនបរិស្ថាន៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ។ នេះ បើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ ដែលមានមេធាវីការពារក្តីឲ្យសកម្មជនទាំងនោះ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការលីកាដូឲ្យដឹងថា យុវជនបរិស្ថានមាតាធម្មជាតិ៣នាក់ ត្រូវបានសាលាឧទ្ធរណ៍«ព្យួរទោសសាកល្បង» និងដាក់អ្នកទាំង៣ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ រយៈពេល៣ឆ្នាំ។ ការសម្រេចសេចក្តីនេះ មានន័យថា អ្នកទាំង៣ ត្រូវរាយការណ៍ទៅអាជ្ញាធរលើសកម្មភាពជាច្រើនរបស់ខ្លួន និងមិនអាចចេញទៅក្រៅប្រទេស ដើម្បីអាចរួចផុតពីការចាប់បញ្ជូនខ្លួនត្រឡប់ទៅពន្ធនាគារ មកទទួលទោសដែលនៅសល់។
សកម្មជនជាយុវជនបរិស្ថានទាំង៣នាក់នោះ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ទៅលើបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងគម្រោងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា ឡុង គន្ធា ទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យបញ្ឈប់ការលុបបឹងតាមោក។ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសពួកគេដាក់ពន្ធនាគារ កាលពីខែឧសភា ឆ្នាំ២០២១។
លោក រដ្ឋា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២០ខែ ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចបន្ថយទោស ដោយព្យួរទោសចំនួន៦ខែដែលនៅសល់។ ចំណែកកញ្ញា គន្ធា និងកញ្ញា រស្មី ត្រូវបានសាលាឧទ្ធរណ៍រក្សាទោសពន្ធនាគារចំនួន១៨ខែដដែល ប៉ុន្តែព្យួរទោសចំនួន៤ខែដែលនៅសល់។
ទោះជាយ៉ាងណា យុវជនបរិស្ថានទាំង៣នាក់នោះ នៅជាប់ចោទមួយករណីទៀតពីបទក្បត់ជាតិ ដែលអាចជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ ប្រសិនបើត្រូវបានតុលាការផ្តន្ទាទោស។ ករណីនេះ ជាប់ពាក់ព័ន្ធនឹងយុវជនបរិស្ថានមាតាធម្មជាតិ៣រូបផ្សេងទៀត ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្នដែរ គឺកញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ។
បើតាមអង្គការលីកាដូ រដ្ឋា គន្ធា និងរស្មី ក៏ត្រូវបានហាមឃាត់ ដោយមិនឲ្យទាក់ទងនឹងបុគ្គលដែលធ្លាប់ត្រូវបានផ្តន្ទាទោសពីបទល្មើសដូចគ្នានេះផងដែរ ។ ប្រសិនបើអ្នកទាំង៣ ត្រូវបានផ្តន្ទាទោសពីបទល្មើសញុះញង់នេះម្តងទៀត ក្នុងរយៈពេល៣ឆ្នាំនៃការព្យួរទោសសាកល្បង អ្នកទាំងនោះ នឹងត្រូវទទួលទោសពន្ធនាគារពេញ បន្ថែមលើទោសនៃបទល្មើសញុះញង់ថ្មី។ នេះ បើតាមអង្គការលីកាដូ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត បានចាត់ទុកការដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ «ជាការកំណត់សេរីភាពរបស់ពួកគេ»។ លោកបន្ថែមថា ការសម្រេចឲ្យពួកគេមានទោស និងកំហិតសិទ្ធិសេរីភាពរបស់ពួកគេ នៅតែជាសារគំរាមគំហែងដល់សកម្មភាពបរិស្ថាន និងសិទ្ធិមនុស្សផ្សេងទៀត។
លោក អំ សំអាត បន្ថែមថា នេះជាការបន្ធូរបន្ថយ ដែលលោកមើលឃើញថា ដើម្បីសម្រួលស្ថានភាពបរិយាកាសសិទ្ធិមនុស្ស ក្រោយមានការរិះគន់យ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖ «ជាពិសេស ជាសារមួយដែលគំរាមកំហែងបំភិតបំភ័យទៅលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។
លោក សំ ចំរើន មេធាវីម្នាក់របស់ពួកគេ លើកឡើងថា រាល់ការសម្រេចរបស់តុលាការថាពួកគាត់មាន«ទោស» មេធាវី មិនអាចទទួលយកបានឡើយ។ លោកបន្ថែមថាលោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោកថា តើពួកគេនឹងមានការប្តឹងសាទុក្ខ ឬយ៉ាងណាចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍៕