មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនៅក្រុងបាកដាដ កាលពីថ្ងៃសៅរ៍ដើម្បីកាន់ទុក្ខមរណភាពមេដឹកនាំយោធាអ៊ីរ៉ង់ និងមេដឹកនាំយោធាអ៊ីរ៉ាក់ដែលត្រូវបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក ដែលបានបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលកំពុងមានបញ្ហាស្រាប់នោះ។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានចូលរួមជាមួយអ្នកដង្ហែរបុណ្យសពដែលភាគច្រើនបានស្រែកពាក្យស្លោកថា «ងាប់ទៅអាមេរិក» និង«អាមេរិកជាបិសាចដ៏ធំ»។
ក្នុងចំណោមអ្នកកាន់ទុក្ខក៏មានក្រុមយោធាស្លៀកពាក់ខ្មៅដែលស្មោះត្រង់នឹងឧត្តមសេនីយ៍ Qassem Soleimani មេដឹកនាំកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រនៅជិតព្រលានយន្តហោះក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់នោះ។
បន្ទាប់ពីត្រូវបានដឹកទៅខេត្ត Khuzestan ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ សពរបស់លោក Soleimani ត្រូវដឹកទៅក្រុង Mashhad ដែលទីក្រុងពិសិដ្ឋរបស់អ៊ីរ៉ង់ ហើយបន្ទាប់មកដឹកទៅរដ្ឋធានីតេហេរ៉ង់ មុន ពេលពេលបញ្ចុះនៅថ្ងៃអង្គារនៅឯស្រុកកំណើតរបស់លោក។ ឧត្តមសេនីយ៍វ័យ៦២ឆ្នាំនេះគឺជាមេបញ្ជាការយោធាដែលគេគោរពបំផុតនៅអ៊ីរ៉ង់ហើយលោកជាមេដឹកនាំពង្រីកឥទ្ធិពលអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា។ ការសម្លាប់លោក Soleimani បានបង្ខំឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តក្នុងតំបន់ជាពិសេសអ៊ីស្រាអែល និងអារ៉ាប់ប៊ីសាអូឌីតពិនិត្យរបៀបប្រឈមមុខជាមួយអ៊ីរ៉ង់និងក្រុមជីវពលអ៊ីរ៉ង់នៅទូទាំងតំបន់។
អង្គការអូតង់ដែលបានបណ្តុះបណ្តាលកម្លាំងសន្តិសុខអ៊ីរ៉ាក់អំពីវិធីទប់ទល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនោះ បានផ្អាកបេសកកម្មបណ្តុះបណ្តាលរបស់ខ្លួននៅអ៊ីរ៉ាក់។ អ្នកនាំពាក្យរបស់អង្គការអូតង់លោក Dylan White បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា «សុវត្ថិភាពរបស់បុគ្គលិករបស់យើងនៅក្នុងប្រទេសអ៊ីរ៉ាក់គឺមានសារៈសំខាន់បំផុត» តែលោកមិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកនោះទេ។
នៅពេលភាពតានតឹងនៅក្នុងតំបន់កើនឡើងនោះ ក្រសួងការពារជាតិបាននិយាយថា ទាហានអាមេរិកចំនួនជាង៣ពាន់៥០០នាក់បន្ថែមទៀតនឹងត្រូវបញ្ជូនទៅកូវ៉ែតចូលរួមជាមួយកងទ័ពអាមេរិកប្រមាណ១ម៉ឺន៤ពាន់នាក់នៅក្នុងតំបន់នេះជាស្រេចទៅហើយនោះ។ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បាននិយាយថា ការសម្លាប់លោក Soleimani គួរធ្វើយូរមកហើយ៕